ធនាគារពិភពលោក​ផ្តល់ប្រាក់​ចំនួន ៣០០ លាន​ដុល្លារ​ដល់​កុង​ហ្គោ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​អេ​បូ​ឡា​

382
ចែករម្លែក

ធនាគារពិភពលោក​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២៤​កក្កដា​ថា ខ្លួន​កំពុង​ផ្តល់ជំនួយ​ដោះស្រាយ​វិបត្តិ​ចំនួន ៣០០ លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ប្រទេស​កុង​ហ្គោ​ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា​។​

​ធនាគារពិភពលោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជំនួយឥតសំណង​និង​ឥណទាន​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសថា​ការផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​បច្ចុប្បន្ននេះ​គឺជា​គ្រាអាសន្ន​នៃ​ក្តីបារម្ភ​ជា​អន្តរជាតិ​សម្រាប់​សុខភាព​សាធារណៈ​។​

​ថវិកា​នេះ​នឹងត្រូវ​បន្ថែម​ទៅលើ​ថវិកា ១០០ លាន​ដុល្លារ​ដែល​ធនាគារ​បានផ្តល់​ជូន បន្ទាប់ពី​ជំងឺ​អេ​បូ​ឡា​បាន​បង្ហាញខ្លួន​ដំបូង​នៅ​ខែសីហា​ឆ្នាំ ២០១៨​។​

​លោកស្រី គ្រី​ស្តា​លី​ណា ច​ច​ជីវ៉ា (Kristalina Georgieva) អគ្គនាយក​ធនាគារពិភពលោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​ត្រូវតែ​ចាត់វិធានការ​រួមគ្នា​ជាបន្ទាន់​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា​ដែល​កំពុង​បំផ្លិចបំផ្លាញ​ជីវិត​និង​ជីវភាព​រស់នៅ​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ សហគមន៍​និង​បុគ្គលិក​សុខាភិបាល​នៅ​ជួរមុខ​នៃ​ការ​ផ្ទុះឡើង​ជំងឺ​នេះ ត្រូវការ​ជាបន្ទាន់​នូវ​ការគាំទ្រ​និង​ធនធាន​បន្ថែម​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​បង្ការ​វិបត្តិ​នេះ​កុំឱ្យ​យ៉ាប់យ៉ឺន​ខ្លាំង​ឡើង​នៅក្នុង​ប្រទេស និង​កុំឱ្យ​រីក​រាលដាល​ឆ្លងកាត់​ព្រំដែន​”​។​

​ចាប់តាំងពី​ខែសីហា​ឆ្នាំមុន ជំងឺ​អេ​បូ​ឡា​បានសម្លាប់​មនុស្ស​ជាង ១.៧០០ នាក់​ក្នុងចំណោម​មនុស្ស ២.៥០០ នាក់​ដែល​បាន​ឆ្លង​ជំងឺ​នេះ​នៅ​កុង​ហ្គោ នៅក្នុង​ការរីក​រាលដាល​ធំ​បំផុត​ទី​២​ចាប់តាំងពី​មនុស្ស​ជាង ១១.៣០០ នាក់​បាន​ស្លាប់​នៅ​ចន្លោះ​ឆ្នាំ ២០១៤ និង ២០១៦ នៅក្នុង​ប្រទេស​លី​បេ​រី​យ៉ា ហ្គី​ណេ និង​សេ​រ៉ា​ឡេ​អូន​។​

​រដ្ឋមន្ត្រី​សុខាភិបាល​កុង​ហ្គោ​លោក អូ​លី អ៊ី​លូ​ហ្គា (Oly Ilunga) បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ជម្លោះ​មួយ​ជាមួយ​លោក​ប្រធានាធិបតី ហ្វេ​ឡិច ស៊ី​សេ​កេ​ឌី (Felix Tshisekedi) ជុំវិញ​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​លើ​ជំងឺ​អេ​បូ​ឡា​និង​ផែនការ​ដើម្បី​ចាក់​វ៉ាក់សាំង​ទី​២៕ ដោយ៖ កញ្ញាដាលីស

ធនាគារពិភពលោក​ផ្តល់ជំនួយ ៣០០ លាន​ដុល្លារ​សម្រាប់​ប្រទេស​កុង​ហ្គោ​ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា