ធនាគារពិភពលោក​ផ្តល់ប្រាក់​កម្ចីសម្បទាន​២០០​លាន​ដុល្លារ​ដល់​កម្ពុជា​

1235
ចែករម្លែក

ដោយៈ ស៊ា ថាំង​/​ភ្នំពេញៈ​លោក​អូន​ព័​ន្ឋ​មុនី​រ័ត្ន​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោក​ស្រី អ៊ី​ន​ហ្គោ​ណា ដូ​ប្រា​ហ្សា ( Inguna Dobraja) ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៨​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន​២​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ២០០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​មសិ​ក្សា​និង គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី​២​។​

លោក​អូន​ព័​ន្ឋ​មុនី​រ័ត្ន​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោកស្រី អ៊ី​ន​ហ្គោ​ណា ដូ​ប្រា​ហ្សា ( Inguna Dobraja) ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៨​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន​២(រូបថតក្រសួងសេដ្ឋកិច្ច)

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​ឥណទាន​សម្បទាន​ទឹក​ប្រាក់​​សរុប​ចំនួន​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​នេះ​គឺ​នឹងត្រូវ​បាន​យកទៅ​ប្រើប្រាស់​សម្រាប់​គម្រោង​ពីរ​គឺ​គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​មសិ​ក្សា​និង​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី​២​។​

​ ​ចំពោះ​គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​ម​សិក្សា​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​៩២,៥០​លាន​ដុល្លារ​ក្នុងនោះ​ឥណទាន​​សម្បទាន​ពី​ធនាគារពិភពលោក​មាន​ចំនួន​៩០​លាន​ដុល្លារ​និង​ថវិកាបដិភាគ​ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​២,៥​លាន​ដុល្លារ​សម្រាប់​លើកកម្ពស់​គុណភាព​អប់រំ​និង​ការស្រាវជ្រាវ​នៅ​កម្រិត​ឧ​ត្ត​ម​សិក្សា​ដោយ​ផ្តោតលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​,​វិស្វកម្ម​គណិតវិទ្យា​និង​កសិកម្ម​ដែល​ទាំងនេះ​គឺជា​សកម្មភាព​ស្នូល​នៃ​“​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​២០១៩២០២៣”​ព្រមទាំង​ចូលរួម​គាំទ្រ​ដោយផ្ទាល់​ដល់​ការជំរុញ​កែប្រែ​និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​នៅ​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ឈានទៅ​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​ស្របតាម​ចក្ខុវិស័យ​នៃ​“​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥២០២៥”​។​គម្រោង​នឹង​ពង្រឹងសមត្ថភាព​បង្រៀន​និង ស្រាវជ្រាវ​ដល់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​រដ្ឋ​ចំនួន​៥​ក្នុងនោះ​មាន​៖​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​,​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​,​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​,​សាកលវិទ្យាល័យ​ស្វាយរៀង​,​និង​សាកលវិទ្យាល័យ​បាត់ដំបង​,​និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន​មួយចំនួន​ដែល​នឹង​ផ្តល់​ផល​ប្រយោជន៍​ដោយផ្ទាល់​ដល់​និស្សិត​សរុប​ប្រមាណ ១៦.៣៥៦​នាក់​។

លោក​អូន​ព័​ន្ឋ​មុនី​រ័ត្ន​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោកស្រី អ៊ី​ន​ហ្គោ​ណា ដូ​ប្រា​ហ្សា ( Inguna Dobraja) ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៨​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន​២

​ចំពោះ​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី​២​គឺ​ហិរញ្ញប្បទាន​បន្ថែម​លើ​គម្រោង​បច្ចុប្បន្ន​៖​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​១១៣​លាន​ដុល្លារ​ក្នុងនោះ​ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក​ចំនួន​១១០​លាន​ដុល្លារ​និង​ថវិកាបដិភាគ​រាជរដ្ឋាភិបាល​ចំនួន​៣​លាន​ដុល្លារ​សម្រាប់​វិនិយោគ​លើ​ការស្តារ​និង​ពង្រីក​ផ្លូវជាតិ​លេខ​៤​ពី​រាជធានី​ភ្នំពេញ​ដល់ទី​រួម​ខេត្ត​ព្រះសីហនុ ក្នុង​ប្រវែង​សរុប ២០៦ គីឡូម៉ែត្រ ដោយ​ពង្រីក​តួ​ផ្លូវ​បច្ចុប្បន្ន​ពី​ទំហំ​៧​ម៉ែត្រ ឱ្យដល់​១១​ម៉ែត្រ និង​ចាក់​អ៊ុត​កៅស៊ូ​ប្រភេទ Asphalt Concret -AC​។​គម្រោង​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការ ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​តាមរយៈ​ការតភ្ជាប់​ផ្ទៃក្នុង​របស់​កម្ពុជា​ទៅកាន់​ខេត្ត​ព្រះសីហនុ​ដែលជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​លើសពីនេះ គឺជា​ខេត្ត​គោលដៅ​ដែល​ត្រូវ​អភិវឌ្ឍ និង​ប្រែក្លាយ​ឱ្យទៅជា តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដូច​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ស្នូល​របស់ “​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥”​។​

​ ​លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មន្ត្រី​ប្រតិបត្តិ​និង​ថ្នាក់ដឹកនាំ​ធនាគារពិភពលោក​ដែល​បាន​ចូលរួម​សហការ​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​គម្រោង​ដ៏​មាន​សារៈសំខាន់​ទាំង​២ នេះ​ឡើង​ប្រកបដោយ​ជោគជ័យ​ហើយ​ត្រូវ​បានទទួល​ការអនុម័ត​គាំទ្រ ទាំងស្រុង​ដោយ​ឥត​កែប្រែ​ពី​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ធនាគារ​ពិភពលោក ដែលជា​អង្គ​កំពូល​របស់​ស្ថាប័ន​នេះ​តំណាងឱ្យ​ប្រទេស​ជា​សមាជិក​ទាំង​១៨៩ និង​រហូត​ឈានដល់​ដំណាក់កាល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​នា​ថ្ងៃនេះ​។ លោក​មានប្រសាសន៍ថា​ទាំងនេះ​គឺជា​សក្ខីភាព​បង្ហាញឱ្យឃើញ​នូវ​ភាពជា​ដៃគូ​កាន់តែ​រឹងមាំ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​ធនាគារ​ពិភពលោក​ជាមួយ​នឹង​ចក្ខុវិស័យ​ឆ្ពោះទៅកាន់​កិច្ចសហប្រតិបត្តិការ​ដែល​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​ឈរលើ​ស្មារតី​នៃ​ការគោរព​គ្នា​ទៅវិញទៅមក​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​, និង​ប្រកៀក​ស្មា​គ្នា​ក្នុងការ​ដាក់ចេញ​នូវ​ចំណាត់ការ​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ស័ក្តិ​សិទ្ធ ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ជាយថាហេតុ​ទាំងឡាយ ដែល​អាច​កើត​មាន​ក្នុង​កិច្ចដំណើរការ​អនុវត្ត​។​

​ ​អំពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​កន្លងមកនេះ​ធនាគារពិភពលោក​បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ចំនួន​ប្រមាណ​១.៧៣៤,៤៣​លាន​ដុល្លារ ក្នុងនោះ​ឥណទាន​សម្បទាន​មាន​ចំនួន​ប្រមាណ ១.១៤៨,៩៣ លាន​ដុល្លារ​ និង​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ចំនួន​ប្រមាណ​៥៨៥,៥០​លាន​ដុល្លារ​៕MN

លោក​អូន​ព័​ន្ឋ​មុនី​រ័ត្ន​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លោកស្រី អ៊ី​ន​ហ្គោ​ណា ដូ​ប្រា​ហ្សា ( Inguna Dobraja) ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៨​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន​២