ធនាគារពិភពលោក​៖ តំបន់​អាស៊ី​បូព៌ា​ចាំបាច់​ត្រូវ​កែសម្រួល​គំរូ​អភិវឌ្ឍន៍​ដើម្បី​បន្ត​រក្សា​វឌ្ឍន​ភាពជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​

731
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: របាយការណ៍​មួយ​របស់​ធនាគារពិភពលោក​និយាយថា គំរូ​អភិវឌ្ឍន៍​របស់​តំបន់​អាស៊ី​បូព៌ា​ដែល​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់​កន្លង​មក – ក្នុងនោះ​មានដំណើរ​ព្រម​គ្នា​នៃ​កំណើនសេដ្ឋកិច្ច​ផ្អែកលើ​ការនាំចេញ ការអភិវឌ្ឍ​មូលធន​មនុស្ស និង​អភិបាលកិច្ច​ល្អ​ផ្នែក​សេដ្ឋកិច្ច – ចាំបាច់​ត្រូវមាន​ការកែសម្រួល ដើម្បី​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធិភាព​ចំពោះ​បញ្ហា​ប្រឈម​ដែល​កំពុងតែ​លេចធ្លោ​ឡើង​នៅ​ខាងក្នុង​និង​ខាងក្រៅ​តំបន់​។​

​របាយការណ៍​ក្រោម​ចំណងជើង​ថា​A Resurgent East Asia, Navigating a Changing World​ផ្តល់​ទឡ្ហី​ករ​ថា ការរីកចម្រើន​ដ៏​សម្បើម​ដែល​តំបន់​សម្រេចបាន​មកទល់​ពេលនេះ គ្មាន​ការ​ធានាថា​វា​នឹង​បន្ត​រក្សាបាន​នៅពេល​អនាគត​ទេ​។ គំរូ​អភិវឌ្ឍន៍​ដែល​ជំរុញឱ្យមាន​អ្វីដែល​គេ​ហៅថា​អព្ភូតហេតុ​នៅ​អាស៊ី​បូព៌ា ត្រូវតែ​ធ្វើការ​កែសម្រួល​បន្ស៊ាំ​ខ្លួន​ទៅនឹង​ការប្រែប្រួល​ផ្នែក​បច្ចេកវិទ្យា ការធ្លាក់ចុះ​ល្បឿន​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​កាលៈទេសៈ​នៅតាម​ប្រទេស ប្រសិនបើ​តំបន់​ចង់ឃើញ​វឌ្ឍនភាព​នេះ​បន្ត​រក្សាបាន​ទៅ​ថ្ងៃមុខ​ទៀត​។

​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី វិច​តូ​រៀ ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​សម្រាប់​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក មានប្រសាសន៍ថា​៖ «​អាស៊ី​បូព៌ា​កំពុងអភិវឌ្ឍន៍​គឺជា​តំបន់​មួយ​ទទួលបាន​ជោគជ័យ​បំផុត​ក្នុងអំឡុងពេល​មួយ​ភាគ​បួន​(២៥​ឆ្នាំ​) ចុងក្រោយ​នៃ​សតវត្សរ៍​នេះ​។ ចាប់តាំងពី​ឆ្នាំ​២០០០ មក ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​បាន​កើនឡើង​ច្រើនជាង​បី​ដង ដោយ​ធ្វើឱ្យ​មនុស្ស​ជាង​មួយ​ពាន់​លាន​នាក់​បាន​ងើបចេញផុត​ពី​ភាពក្រីក្រ​។ ទោះបី​ជាមាន​វឌ្ឍនភាព​នេះ​ក៏ដោយ ក៏​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​នៅតែមាន​គម្លាត​ទាប​ខ្លាំង​ផ្នែក​ផលិតភាព​កម្លាំង​ពលកម្ម មូលធន​មនុស្ស​និង​កម្រិតជីវភាព​រស់នៅ នៅឡើយ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​»​។ លោកស្រី​មានប្រសាសន៍​បន្ថែមទៀត​ថា​៖«​ការសិក្សា​ថ្មី​នេះ គឺជា​ការ​ទទួលស្គាល់ថា​អ្វីដែល​បាន​ដំណើរការ​យ៉ាង​ល្អ​រហូត​មកទល់ពេលនេះ ប្រហែលជា​នឹងមិន​មាន​គ្រប់គ្រាន់​នៅក្នុង​ដំណើរ​ទៅមុខ​ទៀតឡើយ​នៅក្នុង​ខណៈដែល​បណ្តា​ប្រទេស​នៅក្នុង​តំបន់​នេះ​ស្វះស្វែង​ធ្វើ​អន្តរកាល​ក្លាយខ្លួន​ពី​ឋានៈ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម ទៅកាន់​ឋានៈ​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​»​។

​ពាក់កណ្តាល​សតវត្សរ៍​កន្លងមក ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​កសិកម្ម​ក្រីក្រ ដែល​ប្រឹង​តស៊ូ​ជម្នះ​លើ​កេរដំណែល​របស់​ជម្លោះ ឬ​សេដ្ឋកិច្ច​ដើរ​តាម​ផែនការ​ពី​ថ្នាក់មជ្ឈិម​។ ប៉ុន្តែ​សព្វថ្ងៃ តំបន់​នេះ​កំពុង​តែមាន​សកម្មភាព​សេដ្ឋកិច្ច​យ៉ាង​មមាញឹក ដោយ​ឆ្លុះបញ្ចាំង​ពី​ល្បាយ​សេដ្ឋកិច្ច​មាន​ប្រាក់ចំណូល​ខ្ពស់​និង​មធ្យម ដែលមាន​ទំហំ​សរុប​ជិត​មួយ​ភាគបី​នៃ GDP (​ផសស​) របស់​ពិភពលោក​។​បច្ចុប្បន្ន​ជាង​៩០​ភាគរយ​នៃ​ប្រជាជន​នៅ​អាស៊ី​បូព៌ា​រស់នៅក្នុង​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​ចំនួន​១០ គឺ​ប្រទេស​កម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា ហ្វីលីពីន ថៃ និង​វៀតណាម ដែល​ភាគច្រើន​ប្រាថ្នា​ចង់បាន​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅក្នុង​មួយ​ជំនាន់ ឬ​ពីរ​ជំនាន់​មនុស្ស​ខាងមុខ​។​

​លោក ស៊ូ​ឌៀ​រ ស្ហេ​ទី សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​សម្រាប់ អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក មានប្រសាសន៍ថា​៖ «​ការរួម​ផ្សំគ្នា​នៃ​គោលនយោបាយ​ដែល​ជំរុញឱ្យមាន​កំណើន​ផ្អែកលើ​ការនាំចេញ កំណើនសេដ្ឋកិច្ច​ផ្អែកលើ​អតិ​កម្លាំង​ពលកម្ម ទន្ទឹមគ្នា​នឹង​ការពង្រឹង​មូលធន​មនុស្ស​ជា​មូលដ្ឋាន និង​ការផ្តល់​អភិបាលកិច្ច​ល្អ​សេដ្ឋកិច្ច បាន​នាំមក​នូវ​កំណើន​យ៉ាង​ឆាប់រហ័ស​និង​មាន​និរន្ត​ភាព ហើយ​វា​បាន​ដើរតួ​ជា​មធ្យោបាយ​យ៉ាងសំខាន់​ក្នុង​ការជួយ​មនុស្ស​រាប់​រយ​លាន​នាក់​នៅ​អាស៊ី​បូព៌ា​ឱ្យ​ចាក​ផុតពី​ភាពក្រីក្រ និង​ទទួលបាន​សន្ដិសុខ​ផ្នែក​សេដ្ឋកិច្ច​។​» លោក​មានប្រសាសន៍​បន្ថែ​ម​ទៀតថា​៖ «​ក៏ប៉ុន្តែ ការបន្ត​រក្សា​ផល​រីកចម្រើន​ទាំងនេះ​អាចជា​ការលំបាក​ខ្លាំង​នៅ​ចំពោះមុខ​ដែលមាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ពិភពលោក និង​នៅក្នុង​តំបន់​។ អ្នកធ្វើ​គោលនយោបាយ​នឹង​ចាំបាច់​ត្រូវធ្វើ​ការកែសម្រួល​ធាតុ​ផ្សំ​នៃ​គំរូ​អភិវឌ្ឍន៍​ដែល​ធ្លាប់ធ្វើ​កន្លងមក​របស់​អាស៊ី​បូព៌ា ដើម្បី​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព​ទៅនឹង​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​កំពុង​កើតមានឡើង​»​។​

​របាយការណ៍​នេះ​ពិនិត្យ​លើ​លក្ខណៈ​នៃ​បញ្ហា​ប្រឈម​ទាំងនេះ​និង​ផ្តល់​តម្រាយ​អំពី​របៀប​ដែល​អ្នកធ្វើ​គោលនយោបាយ​នៅ​ទូទាំង​តំបន់​អាស៊ី​បូព៌ា​អាចយ​កមក​គិតគូរ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ទាំងនោះ​នៅក្នុង​អំឡុងពេល​ទសវត្ស​រ៍​ខាងមុខ​។ វា​កំណត់​អត្តសញ្ញាណ​អាទិភាព​គោលនយោបាយ​ថ្មី​និង​តាមបែប​ប្រពៃណី​រួមគ្នា​នៅក្នុង​វិស័យ​សំខាន់ៗ​ចំនួន​៥៖
•​លើកកម្ពស់​ការប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​។ បន្ថែម​លើ​ការបន្ត​ពង្រឹង​បរិយាកាស​អាជីវកម្ម​និង​បទ​ប្បញ្ញត្តិ អាទិភាព​ដែល​លេចធ្លោ​រួមមាន​កំណែទម្រង់​វិស័យ​សេវាកម្ម​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ គោលនយោបាយ​បែប​នវានុវត្តន៍​(​បែប​ច្នៃប្រឌិត​) កាន់តែ​ទូលំទូលាយ និង​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​កាន់តែ​មានការ​កែលម្អ​កាន់តែ​ប្រសើរឡើង ជាពិសេស​សម្រាប់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​។​
•​កសាង​ជំនាញ​។ ក្រៅពី​ការ​ផ្ចង់​យកចិត្តទុកដាក់​នាពេល​បច្ចុប្បន្ន​លើ​ធនធានមនុស្ស​មូលដ្ឋាន វា​នឹង​កាន់​តែមាន​សារៈសំខាន់​ខ្លាំង​ឡើង​ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ​កម្រិត​ខ្ពស់ រួមទាំង​ជំនាញ​សង្គម​និង​អារម្មណ៍ និង​ទាំង​ជំនាញ​អក្ខរកម្ម​ឌីជីថល​។​
•​លើកកម្ពស់​បរិ​យា​ប័ន្ន​។ បន្ថែម​ពីលើ​កម្មវិធី​គាំពារ​សង្គម​តាមបែប​ដែល​ធ្វើ​កន្លងមក គេ​ចាំបាច់​ត្រូវមាន​កម្មវិធី​ធ្វើ​អន្តរកាល​បញ្ចូល​បុគ្គលិក​ដែលជា​ជន​ងាយ​រងគ្រោះ​ទៅរក​ការងារ​ថ្មីៗ និង​ដើម្បី​ធានាបាន​នូវ​លទ្ធភាព​ទទួលបាន​បច្ចេកវិទ្យា​ឌីជីថល​ក្នុងតម្លៃ​សមរម្យ​ដែល​អាច​ជាវ​បាន​។​
•​ពង្រឹង​ស្ថាប័ន​របស់​រដ្ឋ​។ បណ្តា​ប្រទេស​នានា​នឹងត្រូវ​បង្កើន​ប្រសិទ្ធភាព​របស់​រដ្ឋ​តាមរយៈ​ការបង្កើន​សម្លេង និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ បង្កើន​តម្លាភាព និង​គណនេយ្យភាព​រប​ស់​រដ្ឋាភិបាល​កាន់តែ​ធំធេង​ថែមទៀត​។
•​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការធ្វើ​អន្តរកាល​ឆ្ពោះទៅរក​ឋានៈ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​។
​បណ្តា​រដ្ឋាភិបាល​នឹង​ចាំបាច់​ត្រូវ​ស្វែងរក​មធ្យោបាយ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​របៀបវារៈ​គោលនយោបាយ​ដ៏​មាន​មហិច្ឆតា​ទាំងនេះ ដើម្បី​សម្រេច​ឱ្យបាន​ឋានៈ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ តាមរយៈ​ការបង្កើន​ប្រាក់ចំណូល​ក្នុងស្រុក​។

​ថ្វីបើ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា​ការផ្លាស់ប្តូរ​មាន​លក្ខណសម្បត្តិ​និង​ល្បឿន​បែបណាក៏ដោយ ការពិត​នៅត្រង់ថា​ការផ្លាស់ប្តូរ​កំពុងតែ​កើតមានឡើង ហើយ​ការមិន​អើពើ​នឹង​វា​មិនមែនជា​ជម្រើស​ទេ​។ របាយការណ៍​នេះ ទាញ​ការ​សន្និដ្ឋានថា ប្រសិនបើ​អ្នកធ្វើ​គោលនយោបាយ​នៅក្នុង​តំបន់​នៅ​រារែក ពួកគេ​នឹង​ប្រឈម​នឹង​ហានិភ័យ​បាត់បង់​ឱកាស ដើម្បី​បន្ត​ទ្រទ្រង់​ការអភិវឌ្ឍ​ដ៏​គួរឱ្យកត់សម្គាល់​របស់​តំបន់​អាស៊ី​បូព៌ា ឱ្យ​នៅមាន​វែងឆ្ងាយ​ទៅ​ថ្ងៃមុខ​ទៀត​៕ ល​