ធនាគារពិភពលោក ៖ កម្ពុជា​នៅតែ​អាច​រក្សា​កំណត់ត្រា​ដ៏​រឹងមាំ​របស់ខ្លួន​ខាង​កំណើនសេដ្ឋកិច្ច​និង​កាត់បន្ថយ​ភាពក្រីក្រ ​

1015
ចែករម្លែក

(​ភ្នំពេញ​) ៖ កម្ពុជា​នៅតែ​អាច​រក្សា​កំណត់ត្រា​ដ៏​រឹងមាំ​របស់ខ្លួន​លើ​គន្លង​នៃ​កំណើនសេដ្ឋកិច្ច និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជា​​ពលរដ្ឋ​យ៉ាងច្រើន​, នេះ​បើ​យោងតាម​របាយការណ៍​អំពី​សេដ្ឋកិច្ចកម្ពុជា​របស់​ធ​នាគារ​ពិភពលោក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ ។​
​ ​
​ធនាគារពិភពលោក (World Bank) បាន​លើកឡើងថា​ដោយសារ​ប្រទេស​កម្ពុជា​បាន​រំកិល​ខ្លួន​ឡើងជា​ប្រទេសមួយ​ដែលមាន​ចំណូល​​មធ្យម​កម្រិត​ទាប កម្ពុជា​នឹង​ជួប​នូវ​ការធ្លាក់ចុះ​នៃ​ការអនុគ្រោះ​ផ្នែក​ជំនាញ និង​ការ​ហិរញ្ញប្បទាន​ពី​ម្ចាស់ជំនួយ​។​តម្លៃ​ទាប​នៃ​ផលិត​​ផល​កសិកម្ម ជាមួយនឹង​ការកើនឡើង​នៃ​ប្រាក់ខែ វា​នឹង​តម្រូវ​ឲ្យ​មានការ​បង្កើន​ផលិតភាព និង​តម្លៃបន្ថែម​ដើម្បី​បន្ដ​ការប្រកួត​​ប្រជែង​។​


​ ​
​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក បានប្រកាសថា ក្នុង​រយៈពេល​២​ទសវត្សរ៍​នេះ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​និង​កាត់បន្ថយ​​ភាពក្រីក្រ​បាន​យ៉ាង​ល្អប្រសើរ​ដែល​រួមមាន​៖

* ប្រទេស​កម្ពុ​ជាមាន​កំណើន​ក្នុង​អត្រា​ជា​មធ្យម​៧,៦% ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៥​ដែល​កំណើន​នេះ​បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស ដែលមាន​កំណើន​លំដាប់​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក គឺមាន​ចំណាត់ថ្នាក់​ទី​៦ ក្នុង​ពិភពលោក​ក្នុងន័យ​នៃ​កំណើនសេដ្ឋកិច្ច ដែល​វា​បាន​ជួយ​បន្ថយ​អត្រា​ភាពក្រីក្រ​យ៉ាង​ធំ គឺ​ពី​៤៧,៨​ភាគរយ​ក្នុង​ឆ្នាំ​២០០៧ ដល់​១៣,៥%​ក្នុង​ឆ្នាំ​២០១៤​។ កំណើន​នេះ​ត្រូវបាន​ជំរុញ​​ដោយ​ការនាំចេញ​ទំនិញ និង​សេវាកម្ម (​ទេសចរណ៍ និង​សម្លៀកបំពាក់​) ដែលមាន​អត្រា​កើនឡើង​១៩.៦​ភាគរយ​ក្នុង​១​ឆ្នាំ​ក្នុង​រយៈពេល​ដូចគ្នា​។​

* ការងារ​ប្រមាណ​៣,៦ លាន​កន្លែង​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ត្រូវបាន​បង្កើតឡើង​ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក​។​

* កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា បាន​ជួយ​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​។ បើតាម​ការប៉ាន់ស្មាន​ជា​ផ្លូវការ​បាន​ឲ្យ​ដឹងថា​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្រោម​បន្ទាត់ នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី​៤៧,៨% ក្នុង​ឆ្នាំ​២០០៧ ដល់​១៣,៥%​ក្នុង​ឆ្នាំ​២០១៤​។​

* កម្ពុជា​សម្រេចបាន​នូវ​វឌ្ឍនភាព គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​សម្រេច​គោ​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​។ ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​ប្រទេស​​កម្ពុជា បាន​កាត់បន្ថយ​ភាពក្រីក្រ​និង​មរណភាព​មាតា បាន​ជាង​ពាក់កណ្ដាល ហើយ​សម្រេចបាន​នូវ​ការចូល​រៀន​ថ្នាក់បឋមសិក្សា ស្ទើរតែ​ដូច​អត្រា​ជាស​កល ហើយ​បានធ្វើ​ឲ្យ​មានការ​រីកចំរើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​មេរោគ​ដ​អេដស៍ ជំងឺអេដស៍​។​

​ធនាគារពិភពលោក បាន​ឲ្យ​ដឹង​ទៀតថា ក្នុងកា​រក្សា​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​នេះ​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​មាន​ចំណូល​កម្រិត​មធ្យម និង​ទាប​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ថ្មីៗ​ជាច្រើន​ចំណុច​ដូចជា​៖

– ក្នុង​ដំណើរ​ឆ្ពោះទៅមុខ កម្ពុជា​ទំនងជា​មិនអាច​ពឹងផ្អែក​លើក​ត្តា​ដដែលៗ ក្នុងការ​ជំរុញ​ឲ្យ​មានការ​រីកចំរើន​ខ្លាំងក្លា​និង​កាត់បន្ថយ​​ភាពក្រីក្រ ក្នុង​រយៈពេល​ពីរ​ទស្ស​វត្សរ៍​កន្លងមក​នោះទេ​។​

– ឧបសគ្គ​ក្នុងការ​បរិយាកាស​ធុរកិច្ច (​ធ្វើ​អាជីវកម្ម​) បង្ក​ជា​បញ្ហា​ប្រឈម​មួយ ចំពោះ​ថាមភាព​រឹង និង​កំណើនសេដ្ឋកិច្ច​។​

– លទ្ធផល​នៃ​ការរៀនសូត្រ​មិនល្អ និង​កង្វះ​អាហារូបត្ថម្ភ នៅតែ​បន្ដ​គំរាមកំហែង​ដល់​អនាគត​នៃ​ប្រជាជន​កម្ពុជា​។ អត្រា​បញ្ចប់​ការ​សិក្សា​នៅ​អនុវិទ្យាល័យ (៤៣​ភាគរយ ក្នុង​ឆ្នាំ​២០១៣) នៅមានកម្រិត​ទាប​ជាខ្លាំង​ធៀប​នឹង​មធ្យមភាគ​។​

– កម្ពុជា​នៅតែ​ជួប​ហានិភ័យ ដែល​បង្កឡើង​ដោយ​ការ​រិច​រិល​ធនធានធម្មជាតិ អាច​ប៉ះពាល់​ដល់​និរន្ដ​ភាព​សេដ្ឋកិច្ច​៕​ដោយ​៖​វិបុល​/sn