ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​ឥណទាន​៦០​លាន​ដុល្លារ​កែលម្អ​ជំនាញ​និង​ការប្រកួតប្រជែង​នៃ​កម្លាំង ការងារ​របស់​កម្ពុជា​

283
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ឥណទាន​សម្បទាន ចំនួន ៦០​លាន​ដុល្លារ​ដើម្បី​ជួយ​បង្កើន​ជំនាញ​និង​ការប្រកួតប្រជែង​នៃ​កម្លាំង​ការងារ​របស់​កម្ពុជា​ដែល​កំពុងមាន​ការកើនឡើង​។​ខណៈពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ផ្លាស់ប្តូរ​ផែនការ​សេដ្ឋកិច្ច​របស់ខ្លួន​ពី​កំណើនសេដ្ឋកិច្ច​ដែលមាន​កម្រិត​ជំនាញ​ទាប​និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ទៅជា​កំណើនសេដ្ឋកិច្ច​មួយ​ដែល មានការ​រុញច្រាន​ពី​ជំនាញ​ខ្ពស់​វិញ​។​

​ឥណទាន​សម្បទាន​នេះ​មាន​គោលបំណង​ជួយ​ដល់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធ​កម្ម​និង​ទំនើបកម្ម​វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​តាមរយៈ​ការកែលម្អ​បរិក្ខារ​និង​ឧបករណ៍​សម្ភារៈ​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​វិទ្យា (TTIs) មួយចំនួន​ដែល​ត្រូវបាន​ជ្រើសរើស​ទូទាំងប្រទេស កែលម្អ​កម្មវិធីសិក្សា។ជំនាញ​របស់​គ្រូ​បណ្តុះបណ្តាល​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​វិទ្យា និង ជម្រុញឱ្យមាន ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​រដ្ឋាភិបាល​និង​សហគមន៍​ធុរកិច្ច​សំដៅ​សម្រេច​ឱ្យបាន​នូវ​សេចក្តីត្រូវការ​របស់​ទីផ្សារការងារ​។​

​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១១០​ក្នុងចំណោម​សេដ្ឋកិច្ច​ចំនួន​១៤០​នៅក្នុង​របាយការណ៍​ស្តីពី​ការប្រកួតប្រជែង​សកល​ឆ្នាំ​២០១៨​។​នេះ​បើ​យោងតាម​ការផ្តល់​សេចក្តីរាយការណ៍​ធុរកិច្ច​ស្តីពី​ការលំបាក​ក្នុងការ​ស្វែងរក​និយោជិត ដែលមាន​ជំនាញ​ខ្ពស់​សម្រាប់​បំពេញ​តួនាទី​បច្ចេកទេស​។

កម្មវិធី​អប់រំ​និង​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​(TVET)​របស់​កម្ពុជា​មិនទាន់​អាច​ផ្តល់ជូន​ទៅតាម​សេចក្តីត្រូវការ​របស់​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន​ឡើយ​ដោយ​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​ជាន់ខ្ពស់​ភាគច្រើន​ផ្តោតលើ​ការងារ​នៅក្នុង​វិស័យ​សេវាកម្ម​។

​លោកស្រី យូ​មី​កុ យ៉ាម៉ា​កា​វ៉ា មន្ត្រី​ឯកទេស​ផ្នែក​អប់រំ​របស់ ADB ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ មានប្រសាសន៍​ឱ្យដឹងថា​“​ការ​មាន​កម្លាំង​ការងារ​ដែលមាន​ជំនាញ​ខ្ពស់​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស​ដែលមាន សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស និង កម្លាំង​ការងារ​កើនឡើង ដូចជា​កម្ពុជា​”​។

លោកស្រី​បាន​បន្តថា​“​ឥណទាន​សម្បទាន​រប​ស់​ADB​នឹង​ផ្តោតលើ​ការកែលម្អ​ជំនាញ​របស់​និយោជិត​ដែល​បម្រើ​ការងារ​នៅក្នុង​វិស័យ​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ដើម្បី​ជួយ​ជម្រុញ​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស​។ យើង​នឹង​ធ្វើឱ្យ​ប្រាកដថា រាល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​រដ្ឋាភិបាល និង វិស័យ​ឯកជន នឹងធ្វើ​ការងារ រួមគ្នា​ដើម្បី​បង្កើន​ជំនាញ​របស់​និយោជិត​”​។​

​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការប្រកួតប្រជែង​នេះ នឹង​ជួយ​ផលិត បាន​នូវ​អ្នកបច្ចេកទេស​ប្រកប ដោយ​គុណវុឌ្ឍិ​ការងារ​ចំនួន​១៨.០០០​នាក់​រួមមាន​២៨%​ជា​ស្ត្រី​ដែលមាន​លទ្ធភាព​ខ្ពស់ជាង​ក្នុង​ការទទួល​បានការ​ងារ​ធ្វើ និង ជំនាញ​បច្ចេកទេស​នៅក្នុង​វិស័យ​អាទិភាព​ចំនួន​៤៖ កម្មន្តសាល សំណង់ អគ្គិសនី​និង​អេ​ឡិ​ក​ត្រូ​និក​។​

​ការអភិវឌ្ឍ​ជំនាញ​នឹងត្រូវ​បានធ្វើ​ឡើង​តាមរយៈ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​វិទ្យា​ចំនួន​៥​ទូទាំងប្រទេស​កម្ពុជា​រាប់បញ្ចូល​ទាំង​ការកែលម្អ​បរិក្ខា​នៅ​សាល​បណ្តុះបណ្តាល​ថ្មី​ចំនួន​១៦​ដែលមាន​ការគិតគូរ​ពី​បញ្ហា​យេនឌ័រ​មាន​បរិ​យា​ប័ន្ន​និង​សន្សំសំចៃ​ថាមពល​ដូចជា​ជាន់​អន្តេ​វា​សក​ដ្ឋា​ន​។បន្ទប់ទឹក​ដោយឡែក​ពីគ្នា​សម្រាប់​ស្ត្រី​ការផ្តល់​ឧបករណ៍​បណ្តុះបណ្តាល​ក​ម្រិ​ត​ខ្ពស់ និង​កម្រិត​ឧស្សាហកម្ម ការបណ្តុះ បណ្តាល​អភិវឌ្ឍន៍​សម​ត្ថ​ភាព​សម្រាប់​គ្រូ​បណ្តុះបណ្តាល​និង​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​សិស្ស​មួយចំនួន​ក្រោម​មូល ដ្ឋា​ន​ផ្អែកលើ​គុណសម្បត្តិ​។​

​វិទ្យាស្ថាន​បណ្តុះបណ្តាល​ប​ច្ចេក​វិទ្យា​ទាំង​៥ ដែល​ត្រូវបាន​ជ្រើសរើស សម្រាប់​គម្រោង​នេះ​រួមមាន វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង វិទ្យាស្ថាន​បច្ចេក វិទ្យា​កម្ពុជា វិទ្យាស្ថាន​ជាតិ​ពហុ បច្ចេក ទេស​អង្គរ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ស​ម្រា​ប់​ឧទ្យាន​TVET​និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង​។​

​លើសពីនេះ​ទៀត​គម្រោង​នេះ​នឹង​ផ្តល់នូវ​កាលានុវត្តភាព​សម្រាប់​ការបង្កើន​ជំនាញ​និង​ការ​រំលឹក​ជំនាញ​ឡើងវិញ​សម្រាប់​និយោជិត​ដែលមាន​ស្រាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ចន្លោះប្រហោង​ជំនាញ​និង​កង្វះ​ជំនាញ​នៅក្នុង​វិស័យ​ឧស្សាហកម្ម តាមរយៈ​កម្មវិធី​រៀនសូត្រ​ផ្អែកលើ​ការងារ​។

​កម្មវិធី​ផ្តល់​ឥណទាន​សម្បទាន​ដែលមាន​មូលដ្ឋាន​ផ្អែកលើ​ការងារ​ចំនួន​១៨​នឹង​ត្រូវបាន​អនុវត្ត​ក្រោម​ភាពជា​ដៃគូ​ជាមួយ​តួអង្គ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​នឹង​ជួយ​កែលម្អ​សមត្ថភាព​របស់​និយោជិត​ប្រមាណ ៣៦០​នាក់​។​មូលនិធិ​សាកល្បង​សម្រាប់​អភិ វឌ្ឍន៍​ជំនាញ ដែលជា​គំរូ​ប្រកបដោយ​នវានុវត្តន៍ ដើម្បី​បង្កើន​និង​លើកទឹកចិត្ត​ដល់​ការវិនិយោគ​របស់​ឧស្សាហកម្ម​លើ​ការអភិវឌ្ឍន៍​ជំនាញ​ក្នុងប្រទេស​កម្ពុជា ក៏​នឹង​ត្រូវបាន​ពង្រីក ផងដែរ​។

​គម្រោង​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​សំណើ​បណ្តុះបណ្តាល​ដែល​នឹង​ទទួលបាន​កិច្ច​គាំទ្រ​ពី​មូលនិធិ​ដែល​នឹង​ផ្តល់ឱកាស​បណ្តុះបណ្តាល​ជូន​ដល់​មនុស្ស​យ៉ាងហោចណាស់​៣.៥០០​នាក់​។ក្នុងនោះ​យ៉ាងហោចណាស់​មាន​២៥​ភាគរយ​ជា​ស្ត្រី​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​មូលនិធិ​និង​ផ្តល់​កិច្ច​គាំទ្រ​សម្រាប់​ការបង្កើត​ទីភ្នាក់ងារ​អចិន្ត្រៃយ៍​ថ្មី​មួយ ដែល​នឹង​រួចរាល់ និង​មាន​ដំណើរការ​ត្រឹម​ឆ្នាំ​២០២៤​។​

ADB ប្តេជ្ញា​សម្រេច​ឱ្យបាន​នូវ​តំបន់​អាស៊ី និង ប៉ាស៊ីហ្វិក​មួយ​ប្រកបដោយ​វិបុលភាព បរិ​យា​ប័ន្ន មាន ភាព​ធន់​និង​មាន​និរន្តរភាព​ហើយ​ស្របពេល​ជាមួយគ្នានេះ​ក៏​ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​កិច្ចខិតខំ​របស់ខ្លួន​ក្នុងការ​លុបបំបាត់​ភាព​ទីទ័លក្រ​ផងដែរ​។​

ក្នុង​ឆ្នាំ​២០១៨ADB​បាន​សន្យា​ផ្តល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី ដែលមាន​ចំនួន​ទឹកប្រាក់ ២១,៦ ពាន់​លាន​ដុល្លារ​។ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ ADB គឺជា​កម្មសិទ្ធិ​របស់​ស​មា​ជិ​ក​ចំនួន ៦៨ ប្រទេស ក្នុងនោះ មាន​ប្រទេស​ចំនួន ៤៩ នៅក្នុង​តំបន់​៕S/

​ចំណងជើង​រូ​បថ​តៈ​ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​ឥណទាន​៦០​លាន​ដុល្លារ កែលម្អ​ជំនាញ​និង ការប្រកួតប្រជែង​នៃ​កម្លាំង ការងារ​របស់​កម្ពុជា​៕S/​