ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅតែ​រឹងមាំ កំណើន ៧% ក្នុង​ឆ្នាំ ២០១៨ និង ២០១៩

1328
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹងមាន​កំណើន ៧% ក្នុង​ឆ្នាំ ២០១៨ និង ២០១៩ ដោយសារ​ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​សកលលោក​។ នេះ​បើតាម​ការលើកឡើង​ពី​របាយការណ៍ ស្ដីពី​ទស្សនៈវិស័យ​អភិវឌ្ឍន៍អាស៊ី ដែលជា​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​១១ ខែមេសា ឆ្នាំ​២០១៨​។

លោក ជេន ហាន់​សេន​(Jan Hansen) សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​សន្និសីទ​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​១១ ខែមេសា (​រូប សុផល​)

​នៅក្នុង​សន្និសីទ​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​១១ ខែមេសា នៅ​ទីស្នាក់ការ​ធនាគារ​អភិវឌ្ឍ​អាស៊ី លោក ជេន ហាន់​សេន​(Jan Hansen) សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា​ក្នុង​រយៈពេល​ខ្លី បានមកពី​ការនាំចេញ​ដ៏​រឹងមាំ និង​កំណើន​លំហូរ​ចូល​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស សកម្មភាព​ក្នុង​វិស័យ​ទេសចរណ៍ និង​តម្រូវការ​ក្នុងស្រុក​។ ទោះជា​យ៉ាងណាក៏ដោយ ការកើនឡើង​ប្រាក់​ឈ្នួល ភាពលំបាក​ក្នុងការ​ធ្វើ​ធុរកិច្ច និង​ភាព​ប្រកួតប្រជែង​កាន់តែខ្លាំង​អាច​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​របស់​កម្ពុជា​”​។ គោលនយោបាយ​សម្រួល​ដំណើរការ និង​នីតិវិធី​ដែល​ចាំបាច់​សម្រាប់ធ្វើ​ធុរកិច្ច នឹង​ជួយ​លើកកម្ពស់​សហគ្រិនភាព ធ្វើឱ្យ​សមាហរណកម្ម​ក្រុមហ៊ុន​ក្នុងស្រុក​ជាមួយនឹង​វិស័យ​កម្មន្តសាល កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ​បន្ថែមទៀត ព្រមទាំង​ជួយ​បង្កើត​ការងារ​ល្អៗ​បន្ថែមទៀត​”​។​

​របាយការណ៍​បានឱ្យដឹងថា ទិន្នផល​ឧស្សាហកម្ម​របស់​កម្ពុជា​ទំនងជា​នឹង​បន្ត​កើនឡើង ៩,៦% នៅ​ឆ្នាំនេះ ជាមួយនឹង​ការ​ថមថយ​កំណើន​នៃ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង ដែល​អាច​កាត់កង​ដោយ​កំណើន​ខ្ពស់ជាង​មុន​ក្នុង​ឧស្សាហកម្ម​ដែល​ទើបនឹង​លេចចេញ​ជា​រូបរាង ដូចជា ឧស្សាហកម្ម​ផលិត​គ្រឿងអគ្គិសនី គ្រឿងបន្លាស់​​រថយន្ត កង់ អង្ករ និង​កៅស៊ូ ជាដើម​។ កំណើន​ក្នុង​វិស័យ​សេវាកម្ម និង​បន្ត​មាន​ភាពល្អប្រសើរ ពោលគឺ ៧.១% នៅ​ឆ្នាំនេះ ដោយសារ​ភ្ញៀវ​ទេសចរណ៍​មាន​ចំនួន​ច្រើន​។ សន្មត​ថា អាកាសធាតុ​មាន​ស្ថានភាព​អំណោយផល កសិកម្ម​របស់​ប្រទេស​កម្ពុជា​នឹងមាន​កំណើន ១,៨% ក្នុង​ឆ្នាំ ២០១៨​។​

​គោលនយោបាយ​សារពើពន្ធ​នឹងមាន​លក្ខណៈ​ពង្រីក​បន្ថែម​នៅ​ឆ្នាំនេះ ជាង​កាលពី​ឆ្នាំ ២០១៧ ដោយ​កំណើន​ប្រាក់ចំណូល នឹងត្រូវ​ស្រូបយក​ដោយ​ចំណាយ​ខ្ពស់ជាង​មុន និង​ដោយ​ឱនភាព​សារពើពន្ធ ដែល​អាច​កើនឡើង​ទៅដល់ ៥,១% នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ឱនភាព​គណនី​ចរន្ត (​ដោយ​មិន​រាប់បញ្ចូល​ការផ្ទេរ​ធនធាន​ជា​ផ្លូវការ​) នឹងមាន​ការកើនឡើង​នៅ​ឆ្នាំនេះ ដោយសារ​ចំណាយ​សម្រាប់​ប្រេង និង​ផលិតផល​នាំចូល​ដទៃទៀត​មានការ​កើនឡើង​ក្នុងប្រទេស ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​មួយ​នេះ​។ កំណើន​លំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ឥណទាន​ផ្លូវការ​ពី​ក្រៅប្រទេស​ទំនង​នឹង​អាច​រ៉ាប់រង​ឱនភាព​គណនី​ចរន្ត​បាន ព្រមទាំង​អាច​បង្កើន​ទុនបម្រុង​ក្រៅប្រទេស​រហូតដល់​ប្រមាណ ១០ ពាន​លាន​ដុល្លារ​ត្រឹម​ចុងឆ្នាំ ២០១៨ ពោល​គឺអាច​រ៉ាប់រង​ការ​នាំចូល​ប្រមាណ ៦,១ ខែ​។

​ទស្សនៈវិស័យ​សេដ្ឋកិច្ច​នេះ អាច​ប្រឈម​នឹង​ហានិភ័យ​នៅ​ផ្នែក​ខាងក្រោម ដោយសារ​ភាព​ងាយ​រងគ្រោះ​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា ចំពោះ​ភាពមិនប្រាកដប្រជា​នៃ​វិស័យ​ហិរញ្ញវត្ថុ​សកលលោក ដែល​គេ​អាច​សង្កេតឃើញ​កន្លងមក ដូចជា​ការបង្កើន​ផលធៀប​ឥណទាន​ធនាគារ ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​ទ្វេដង​នៅក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ​រហូតដល់ ៧៦% កាលពី​ឆ្នាំ​មុននេះ​។ ខណៈពេលដែល​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​ហានិភ័យ​ឥណទាន និង​ការបង្កើន​ទុនបម្រុង ដែល​ត្រូវបាន​ដាក់ឱ្យអនុវត្ត​កាលពីពេល​ថ្មីៗ​នេះ បាន​ជួយ​កាត់បន្ថយ​កំណើន​ឥណទាន​របស់​ធនាគារ​មក​នៅត្រឹម ១៥% គិត​ត្រឹម​ចុងឆ្នាំ​មុននេះ ឥណទាន​សម្រាប់​វិស័យ​អចល​ទ្រព្យ​មានការ​កើនឡើង​រឹតតែ​ឆាប់រហ័ស​ទៅទៀត​។

​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី​ប្ដេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក តាមរយៈ​កំណើនសេដ្ឋកិច្ច​បរិ​យាប​ន្ន កំណើន​ដែល​ធានា​និរន្តរភាព​បរិស្ថាន និង​សមាហរណកម្ម​ថ្នាក់​តំបន់​។ បង្កើតឡើង​ក្នុង ១៩៦៦ ធនាគារ​នេះ គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​ជា​សមាជិក​ចំនួន ៦៧ ដែល​ក្នុងនោះ ៤៨ ប្រទេស​មកពី​តំបន់​នេះ​៕ ល​

#