ធនាគារអភិវឌ្ឍន៍អាស៊ី : កម្ពុជា​បន្ត​រក្សា​កំណើនសេដ្ឋកិច្ច​រឹងមាំ​ក្នុង​ឆ្នាំ​២០១៨

985
ចែករម្លែក

ដោយ : ​សុផល​/​ភ្នំពេញ : ធនាគារអភិវឌ្ឍន៍អាស៊ី (​ហៅ​កាត់​ថា ADB) ព្យាករណ៍​ថា ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) របស់​ប្រទេស​កម្ពុជា នឹង​បន្ត​រក្សា​កំណើន​រឹងមាំ ក្នុង​ឆ្នាំ ២០១៨ ជាមួយនឹង​ការរំពឹងទុក​ថា ការនាំចេញ និង​ការប្រើប្រាស់​ក្នុងស្រុក​នឹងមាន​លទ្ធផល​ល្អប្រសើរ​។

​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​របាយការណ៍​ពិសេស​របស់ខ្លួន​ដែលមាន​ឈ្មោះថា ទស្សនៈវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០១៨ ADB ព្យាករណ៍​ថា ប្រទេស​កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច​ប្រមាណ ៧,០% សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ ខណៈពេលដែល​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​ភាគច្រើន​នៅ​អាស៊ី នៅ​បន្ត​កំណើនថេរ ហើយ​ប្រទេស​ឧស្សាហកម្ម​ធំៗ​មាន​ភាពរឹងមាំ​កម្រិត​មធ្យម​។

​លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បន្ត​កើនឡើង ក្នុង​ល្បឿន​ដ៏​រឹងមាំ ដោយសារតែ​មានការ​ជំរុញ​ពី​កំណើន​ការនាំចេញ​ដ៏​រឹងមាំ ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ តម្រូវការ​ក្នុងស្រុក​មាន​សន្ទុះ​ខ្លាំងក្លា និង​ការពង្រីក​គោលនយោបាយ​សារពើពន្ធ​។ ប៉ុន្តែ កំណើន​ប្រាក់​ឈ្នួល​ដ៏​ឆាប់រហ័ស ដោយ​ពុំមាន​កំណើន​ផលិតភាព អាច​បង្កឲ្យមាន​ហានិភ័យ​ក្នុងស្រុក​ចម្បង​មួយ ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​ប្រទេស​ដទៃទៀត ដែល​បន្ត​ពឹង​អាស្រ័យ​លើក​កម្លាំង​ពលកម្ម​ដែលមាន​ថ្លៃឈ្នួល​ទាប​”​។

​ការនាំចេញ​ទំនិញ កើនឡើង ១៣,៣% ហើយ​ការ​នាំចូល​ទំនិញ កើនឡើង ២៥,៧% ដោយសារ​តម្រូវការ​ក្នុងស្រុក​ខ្ពស់​ក្នុង​ឆមាស​ទីមួយ នៃ​ឆ្នាំ ២០១៨​។ ឱនភាព​គណនី​ចរន្ត ដោយ​មិន​រាប់បញ្ចូល​ជំនួយឥតសំណង​ពី​បរទេស ត្រូវបាន​រំពឹងថា​នឹង​កើន​ឡើងដល់ ១២,១% នៃ ផ​.​ស​.​ស នៅ​ឆ្នាំនេះ ពោលគឺ​កើន​ពី ១០,៩% ក្នុង​ឆ្នាំ ២០១៧ ប៉ុន្តែ​គេ​រំពឹងថា ឱនភាព​នេះ នឹង​ថយចុះ​មកវិញ នៅ​ឆ្នាំក្រោយ​។ ទោះយ៉ាងណា ការព្យាករណ៍​ចុងក្រោយ​នេះ នៅតែ​លើស​កម្រិត​ព្យាករណ៍​ក្នុង​របាយការណ៍ ADO កាលពី​ខែមេសា ដែល​បាន​ប៉ាន់ប្រមាណ ឱនភាព​គណនី​ចរន្ត ក្នុង​កម្រិត ១១,១% នៃ ផ​.​ស​.​ស ក្នុង​ឆ្នាំ ២០១៨ និង ១០,៨% ក្នុង​ឆ្នាំ ២០១៩​។ វិស័យ​ទេសចរណ៍ បាន​បន្ត​កើនឡើង ដែល​មួយផ្នែកធំ​ដោយសារ​កំណើន​ចំនួន​ភ្ញៀវទេសចរ​មកពី​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។

​ជញ្ជីងទូទាត់​ជារួម នឹង​នៅ​បន្ត​រក្សា​អតិរេក ដោយសារតែ​លំហូរ​រឹងមាំ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ដែលនាំឱ្យ​មានការ​បន្ត​ការកើនឡើង​នូវ​ទុនបម្រុង​បរទេស​បន្ថែមទៀត គឺ​ពី ៩,១ ពាន់​លាន​ដុល្លារ​ក្នុ ង​ខែកក្កដា ឆ្នាំ ២០១៨ រហូតដល់​ប្រមាណ​ជា ១០ ពាន់​លាន​ដុល្លារ នៅ​ចុងឆ្នាំ ២០១៨ ដែល​អាច​រ៉ាប់រង​ចំណាយ​សម្រាប់​ការនាំ​ចូល​បាន​រយៈពេល ៦ ខែ​។

​បើទោះជា​កំណើនសេដ្ឋកិច្ច​មាន​ភាព​រឹងមាំ​ក៏ដោយ អត្រា​អតិផរណា​បាន​ថមថយ​មកវិញ ដោយ​គិត​ជា​មធ្យម​ស្ថិតក្នុង​កម្រិត ២,៤% នៅក្នុង​រយៈពេល ៦ ដំបូង ក្នុង​ឆ្នាំ ២០១៨ គឺ​ថយចុះ​ពី ៣,៤% រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារតែ​កំណើន​ក្នុង​កម្រិត​ទាប​នៃ​តម្លៃ​ស្បៀងអាហារ​។ មានការ​ព្យាករណ៍​ថា អត្រា​អតិផរណា​គិត​ជា​មធ្យម នឹងមាន​កម្រិត ២,៦% នៅ​ឆ្នាំនេះ ហើយនឹង​កើនឡើង​ដល់​ប្រមាណ ៣,០% នៅ​ឆ្នាំក្រោយ​។

ការកើនឡើង​នៃ​ចំណាយ​របស់​រដ្ឋាភិបាល ដោយសារ​ការបង្កើន​ការវិនិយោគ សាធារណៈ និង​បៀវត្សរ៍​សម្រាប់​វិស័យ​សាធារណៈ ក៏បាន​ជួយ​រុញច្រាន​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០១៨​ផងដែរ​។ ចំណូល​ក្នុង​រយៈពេល ប្រាំ​មួយខែ​ដំបូង ក្នុង​ឆ្នាំ ២០១៨ ស្មើនឹង ៥៣,៣% នៃ​ផែនការ​ថវិកា សម្រាប់​ឆ្នាំនេះ​។ ក្នុងពេល​ជាមួយគ្នា ចំណាយ​មាន​ត្រឹមតែ ៣៤,៥% តែប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ បទពិសោធន៍​កន្លងមក​បង្ហាញថា ចំណាយ មានការ​កើនឡើង​នៅ​ចុងឆ្នាំ​។ គេ​រំពឹងថា ឱនភាព​សារពើពន្ធ​នៅ​ឆ្នាំនេះ នឹង​កៀក​ទៅនឹង​ផែនការ​ថវិកា ពោលគឺ​ប្រហាក់ប្រហែល​នឹង ៥,១% នៃ ផ​.​ស​.​ស​៕B

#