ធនាគារអភិវឌ្ឍន៍អាស៊ី ៖ សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​មាន​កំណើន​រឹងមាំ​ក្នុង​កំ​ណើ​រ​៧,១%​សម្រាប់​ឆ្នាំ ២០១៧ និង ២០១៨ ​

825

(​ភ្នំពេញ​) ៖ ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញ​ផ្សាយ​ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ នៅ​ថ្ងៃទី​២៦ ខែកញ្ញា​នេះ ដោយបាន​អះអាងថា សេដ្ឋកិច្ចកម្ពុជា នៅ​បន្ត​កើនឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដោយ​ធនាគារ​មួយ​នេះ រំពឹងថា​នឹង​កំណើន​៧,១​ភាគរយ​។​
​ ​
​តាមរយៈ​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំ ដែលមាន​ឈ្មោះថា ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០១៧ ធនាគារអភិវឌ្ឍន៍អាស៊ី​​បាន​បន្ត​រក្សា​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​អត្រា​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច ពោលគឺ ៧,១% សម្រាប់​ឆ្នាំ ២០១៧ និង ២០១៨​។​

​របាយការណ៍​នេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បើតាម​ទិន្នន័យ​របស់​គយ ការនាំចេញ​ទំនិញ​កើនឡើង​៧,៧% ហើយ​ការ​នាំចូល​កើនឡើង ៨,១% ក្នុង​ឆមាស​ទីមួយ ឆ្នាំ​២០១៧ ខណៈពេលដែល​ទិន្នន័យ​ជញ្ជីងទូទាត់​បង្ហាញថា ការនាំចេញ​ទំនិញ​កើនឡើង ២០,៧%​ហើយ​ការ​នាំចូល​​កើនឡើង ១១,១%​។ ឱនភាព​គណនី​ចរន្ត​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់ ដោយ​មិនទាន់​គិត​បញ្ចូល​ការ​ផ្តល់ជំនួយ​ផ្លូវការ ថយចុះ​ពី ១០,៨% នៃ ផសស ក្នុង​ឆ្នាំ ២០១៦​ប៉ុន្តែ​កើន​លើស​ការ​ព្យាករ​ក្នុង​របាយការណ៍​ទស្សន​វិស័យ​អភិវឌ្ឍន៍អាស៊ី​ឆ្នាំ ២០១៧ បន្តិច​។ អតិផរណា​មាន​អត្រា​​ជា​មធ្យម ៣,៣% ក្នុង​រយៈពេល​៧​ខែ ដើមឆ្នាំ ២០១៧​។ បើ​គិត​តាម​ខែ​អត្រា​អតិផរណា​ខ្ពស់បំផុត​គឺ​៤,២%​ក្នុង​ខែមីនា​និង​ទាប​បំផុត​២,៣%​គិត​ត្រឹម​ខែ កក្កដា ដោយសារតែ​តម្លៃ​ឥន្ធនៈ និង​ស្បៀង​មិនសូវ​កើនឡើង​។ ការព្យាករណ៍​បង្ហាញ​អតិផរណា​មាន​អត្រា​ជា​មធ្យម​ ៣,០% នៅ​ឆ្នាំនេះ ហើយ​កើនឡើង​តិចតួច ដល់ ៣,២% នៅ​ឆ្នាំ​បន្ទាប់​។​
​ ​
​បន្ថែម​លើ​របាយការណ៍​នេះដែរ លោក Samiuela Tukuafu នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បន្ត​មាន​កំណើន​ក្នុង​សន្ទុះ​ដ៏​ខ្លាំង​មួយ ដោយសារ​មានការ​ជម្រុញ​ពី​ការធ្វើ​ពិពិធ​កម្ម​ការនាំចេញ​កំណើន​​ខ្ពស់​នៃ​វិស័យ​សំណង់​និង​ទេសចរណ៍​អាកាសធាតុ​មាន​លក្ខណៈ​អំណោយផល​និង​គោលនយោបាយ​សារពើពន្ធ​ដែល​ជួយ​ជម្រុញ​កំណើនសេដ្ឋកិច្ច​”​។
​ ​
​លោក​មានប្រសាសន៍​បន្ត​ទៀតថា “​ការបន្ត​រក្សា​និរន្តរភាព​កំណើនសេដ្ឋកិច្ច​ឲ្យ​នៅតែ​ខ្ពស់ ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ការកាត់បន្ថយ​​ភាពក្រីក្រ និង​ភាព​ងាយ​រងគ្រោះ​របស់​ប្រជាពលរដ្ឋ គឺ​ពឹង​អាស្រ័យ​លើ​លទ្ធភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការបន្ត​រក្សា​សមត្ថភាព​ប្រកួត​​ប្រជែង​របស់ខ្លួន តាមរយៈ​ការបង្កើន​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​។ ធនាគារអភិវឌ្ឍន៍អាស៊ី​កំពុង​ពង្រីក​ការផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំនេះ​តទៅ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ក្នុងការ​បង្កើន​ផលិតភាព អភិវឌ្ឍ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម បង្កើន​​ការភ្ជាប់​ទំនាក់ទំនង​ក្នុង​តំបន់ បន្ត​លើកកម្ពស់​ការអប់រំ​កម្រិត​មូលដ្ឋាន និង​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ក៏ដូចជា​បង្កើន​ចំណាយ​សម្រាប់​ទ្រទ្រង់​ដល់​ការអភិវឌ្ឍន៍ សំដៅ​បន្ត​កែលំអ​ការផ្តល់​សេវាសាធារណៈ​”៕ ដោយ​៖​វិបុល​-​សុផល​