ធនាគារ​ថៃ​មួយ អនុគ្រោះ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់​

338
ចែករម្លែក

​ធនាគារ​លំនៅដ្ឋាន​របស់​រដ្ឋាភិបាល​ថៃ (GH Bank)​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​០៣​កញ្ញា​ថា​ខ្លួន​នឹង​ផ្តល់​វិធានការណ៍​សង្គ្រោះបន្ទាន់​ចំនួន​៧​សម្រាប់​ប្រជាជន​ដែល​រង​ផល​​ប៉ះពាល់​ដោយ​ខ្យល់ព្យុះ​Podul​។​

​លោក Chatchai Sirilai ប្រធាន​ធនាគារ​នេះ​បាន​និយាយ​ថា​ខេត្ត​ជាច្រើន​ជា​ពិសេស​នៅ​តំបន់​ភាគ​ខាងជើង​និង​ឦសាន​នៃ​ប្រទេស​នេះ​បាន​រង​ផលប៉ះពាល់​ដោយ​ខ្យល់​​ព្យុះ​នេះ ដោយ​តំបន់​ជាច្រើន​ត្រូវបាន ទឹក​ជន់​លិច​ដែល​បាន​បាន​បំផ្លាញ​ផ្ទះ​និង​កសិដ្ឋាន​ជាច្រើន​។​

​លោក បាន​និយាយថា ” ជា​ផ្នែក​មួយ​នៃ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​របស់​ខ្លួន​សម្រាប់​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ​នេះ​ធនាគារ​នេះ បានកំណត់​ថវិកា​ចំនួន​១​ពាន់​លាន​បាត (៣២,៦ លាន​ដុល្លារ​) ដើម្បី​ផ្តល់​ប្រាក់​កម្ចី​ជា​លក្ខណៈ​បុគ្គល​ដោយ​ផ្អែក​លើ​ចំនួន​ទឹកប្រាក់​នៃ​ការខូចខាត​ដោយសារ​ទឹកជំនន់​”​។​

​មួយ​ក្នុងចំណោម​វិធានការ​សង្គ្រោះ​ទាំងនេះ ធនាគារ​នេះ​នឹង​ផ្តល់​ការពន្យារពេល​បង់ប្រាក់​កម្ចី​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ជំពាក់​ប្រាក់កម្ចី​ទិញ​ផ្ទះ​ឬ​បញ្ចាំ​ពី​ធនាគារ​ដោយ​យក​​អត្រា​ការប្រាក់​ប្រចាំឆ្នាំ​ចុះ​ទាប​ដល់​សូន្យ​ភាគរយ​សម្រាប់​រយៈពេល​៤​ខែ​ដំបូង​ហើយ​បន្ទាប់មក​ដំឡើង​វា​ទៅដល់ ៤,១២៥ ភាគរយ​ចាប់ពី​ខែ​ទី​៥ ដល់ ខែ​ទី​១៦ ។​

​នៅ​ដំណាក់កាល​ទី​២ ធនាគារ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នកទទួល​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ថ្មី និង​ចាស់​ស្វែងរក​ថវិកា​បន្ថែម​ដើម្បី​ជួសជុល​ការខូចខាត​ផ្ទះ​។ លោក Chatchai Sirilai បាន​​និយាយ​ថា​ប្រាក់​កម្ចី​នេះ​នឹង​ត្រូវ​ផ្តល់ជូន​ក្នុង​អត្រា​ការប្រាក់​ថេរ គឺ​៣​ភាគរយ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល​៣ ឆ្នាំ ហើយ នៅ​ដំណាក់កាល​ទី​៣​សម្រាប់​កូនបំណុល​ដែល​រងគ្រោះ​​ដោយសារ​គ្រោះមហន្តរាយ​និង​មិន​អាច​ទូទាត់​សង​ប្រាក់​ធនាគារ​បាន​នោះ ធនាគារ​នេះ​នឹង​ធ្វើឱ្យ​អត្រា​ការប្រាក់​ធ្លាក់ចុះ​ដល់​សូន្យ​ក្នុង​រយៈពេល​៤ ខែ​ដំបូង​ហើយ​បន្ទាប់​​មក​កំណត់​អត្រា​ការប្រាក់ ១ ភាគរយ​សម្រាប់​ខែ​ទី ៥ ដល់ ខែ​ទី​១៦ ។

​នៅពេល​ដែល​រយៈពេល​នេះ​ចប់​ទៅនោះ កូនបំណុល​ទាំងនោះ​នឹង​ត្រូវ​បង់​អត្រា​ការប្រាក់​ធម្មតា​។​

​លោក Chayaphol Thitisak អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ (DDPM)​បាន​និយាយថា​ព្យុះ​Podul​នេះ​បាន​បង្ក​ការ​ជន់​លិច​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​ភាគ​ខាង​​ជើង ភាគ​ឦសាន​និង​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ ដោយ​បង្ក​ឱ្យ​មាន​ទឹកជំនន់​ភ្លាមៗ​និង​ការ​រំបា​ក់ដី​នៅ​ខេត្ត​ចំនួន​១៣៕ដោយ៖សុខា/sn

ការ​ជន់​លិច​នៅ​ទី​រួម​ខេត្ត​ខុប​ឃែន កាលពី​ថ្ងៃ​ចន្ទ​បង្ក​ឡើង​ពី​ព្យុះ​។​ការ​ជន់​លិច​បន្ត​មាន​នៅ​ខេត្ត​ចំនួន​៧​និង​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នឹង​បន្ត​ផងដែរ​ដោយសារ​ឥទ្ធិពល​ព្យុះ Kajiki