ធនាគារ​ភីភី​ស៊ី​ប៊ី​និង​ក្រុមគ្រូពេទ្យ​កូរ៉េ​សហការ​ផ្ដល់​ការវះកាត់​ភ្នែក​ជូន​ពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​

1252
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ ធនាគារ PPC Bank សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ ខាង​ផ្នែក​ចក្ខុរោគ (​ជំងឺ​ភ្នែក​) មកពី​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាជន​កម្ពុជា​ក្រីក្រ​ដែលមាន​ជំងឺភ្នែកឡើងបាយ​និង​ភ្នែក​ស្រលៀង​។​គម្រោង​នេះ​មាន​ឈ្មោះថា “New Vision 2018” ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៦ ខែវិច្ឆិកា នៅក្នុង​រាជធានី​ភ្នំពេញ​, ខេត្តកណ្តាល​, ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត​។​

​កម្មវិធី​នេះ​បានចាប់ផ្ដើម​ដោយ​ការត្រួតពិនិត្យ​ភ្នែក​ជាមុនសិន​។​បន្ទាប់មក​អ្នកជំងឺ​នឹងត្រូវ​ឆ្លងកាត់​ការវះកាត់​បក​ភ្នែក​“​ឡើងបាយ​”​នោះ​ចេញរួច​ជំនួស​ដោយ​កែវភ្នែក​សិប្បនិម្មិត​ដែល​អាច​ប្រើប្រាស់​បាន​មួយជីវិត​។​ជាងនេះទៅទៀត កម្មវិធី​នេះ​ក៏មាន​ការពិគ្រោះ​យោបល់​និង​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​ជំងឺ ក្នុងអំឡុង​ពេលដែល​ភ្នែក​ពួកគាត់ នឹង​ជាសះស្បើយ​ឡើងវិញ និង​ផ្ដល់​ការអប់រំ​ពួកគាត់ អំពី​ការថែទាំ​សុខភាព​ភ្នែក ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។

​គោលបំណង​ចម្បង​នៃ​គម្រោង​ដែល​ធនាគារ​PPCBank​រំពឹង​ចង់បាន​នោះ​គឺ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ចក្ខុរោគ​ជាពិសេស​គឺ​ជំងឺភ្នែកឡើងបាយ​និង​ជំងឺ​ផ្នែក​ស្រលៀង​ដែល​អាចជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ដែល​បានកើត​ជំងឺ​នេះហើយ​ពុំមាន​លទ្ធភាព​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ ឲ្យ​មានជីវិត​ល្អប្រសើរ​ឡើងវិញ​បន្ទាប់ពី​បានជា​សះស្បើយ​។​

​ឆ្នាំនេះ​គឺជា​លើក​ទី​២​ហើយ​ដែល​ធនាគារ​PPCBank​បាន​អនុវត្ត​គម្រោង​មួយ​នេះ​ដើម្បី​ជួយ​កែលំអ​ជីវិត របស់​ប្រជាជន​កម្ពុជា​ដែលមាន​ជំងឺ​ភ្នែក​។​កាលពី​ឆ្នាំ​ទៅមុន​ធនាគារ​PPCBank បាន​សហការ​ជាមួយ​អង្គការ Khmer Sight Foundation (KSF) ដើម្បី​ផ្ដល់​ការត្រួតពិនិត្យ​និង​ព្យាបាល​ភ្នែក ជូន​ដល់​អ្នកជំងឺ​ប្រមាណ​ជា ៨០០​នាក់ ដែល​ក្នុងនោះ​មាន​ប្រមាណ​ជា​២០០​នាក់ បានទទួល​ការវះកាត់ និង​ព្យាបាល​បាន​ដោយ​ជោគជ័យ​។​

​លោក​ស៊ីន ឆាង​មូ​( Shin Chang Moo) ប្រធាន​ធនាគារ​PPCBank បាន​លើកឡើងថា​៖ “​ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ស្រលៀង​គឺជា​ជំងឺ​ភ្នែក​ធម្មតា ដែល​កើតមានឡើង​ចំពោះ​ប្រជាជន​កម្ពុជា ជាពិសេស​កើតមានឡើង​ចំពោះ​ប្រជាជន​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​បើទោះបីជា​ការព្យាបាល​ជំងឺ​នេះ មាន​ភាព​ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ក៏ដោយ​។

​ទោះជា​យ៉ាងណា​អ្នកជំងឺ​ទាំងនោះ​ភាគច្រើន​ត្រូវបាន​រារាំង​ក្នុង​ការទទួល​បានការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ការថែទាំ​សុខភាព ដោយសារតែ​ស្ថានភាព​ជីវភាព មានការ​ខ្វះខាត ដែលជា​ហេតុ​នាំ​ឲ្យ​ធ្លាក់​ទៅក្នុង​ស្ថានភាព កាន់តែ​អាក្រក់ រហូតដល់​បាត់បង់​សមត្ថភាព ក្នុងការ​បំពេញការងា​រ​ប្រចាំថ្ងៃ ឬ​ពិការភ្នែក​តែម្ដង​”​។​

​លោក​បាន​បញ្ជាកថា​៖​ដោយ​មើលឃើញ​ពី​ផលវិបាក​នេះ ហេតុ​ដូច្នោះ​ហើយ​បានជា នៅក្នុង​គម្រោង​នេះ ធនាគារ PPCBank សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ មកពី​ប្រទេស កូរ៉េខាងត្បូង មក​ធ្វើការ​ព្យាបាល ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ស្រលៀង ដោយ​មិន​គិតថ្លៃ ជូន​ដល់​ប្រជាជន​កម្ពុជា​ក្រីក្រ ដែល​ជួយ​ឲ្យ​ការមើលឃើញ​របស់គាត់ បានល្អ​ប្រសើរ​ឡើងវិញ និង​ជួយ​កែលម្អ​គុណភាព​ជីវិត របស់​ពួកគាត់​ផងដែរ​” ។​

​យោងតាម​របាយការណ៍ របស់​កម្មវិធី​ជាតិ​ថែរក្សា​ភ្នែក និង ការមើលឃើញ ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា ក្នុង​មួយឆ្នាំៗ មាន​ប្រជាជន​កម្ពុជា​ប្រមាណ ២៨.៨០០ នាក់ បានក្លាយ​ទៅជា​មនុស្ស​ពិការភ្នែក ក្នុងនោះ​មាន ៩០% នៃ​ករណី​ទាំងនេះ គឺ​បណ្ដាលមកពី ការមិន​បានទទួល​ការពិនិត្យ​ព្យាបាល និង​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​។ ជំងឺភ្នែកឡើងបាយ​គឺជា​ជំងឺ​នាំមុខគេ ដែលមាន​ចំនួន ៦៥ ភាគរយ នៃ​ការធ្វើ​ឲ្យ​ពិការភ្នែក ដែល​ស្មើនឹង ១៩.០០០ ករណី​នៅក្នុង​មួយឆ្នាំ​។​

​ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន​ជាង ១២ លាន​នាក់ ប្រទេស​កម្ពុជា ប្រឈមមុខ​នឹង​បញ្ហា ដែល​កំពុង​កើតមានឡើង​ជាច្រើន ក្នុងនោះ នៅក្នុង​វិស័យ​សុខាភិបាល ប​ញ្ហ​ចក្ខុរោគ ជា​ផ្នែក​មួយ​ផងដែរ​។ ការមិន​បានទទួល​ការថែទាំ សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ គឺជា​មូលហេតុ​ចម្បង នៃ​បញ្ហា​សុខភាព​ទូទៅ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស ប្រជាជន​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​ក្រីក្រ និង​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​។​តាមរយៈ​គំនិត​ផ្ដួ​ត​ផ្ដើម​របស់​ធនាគារ PPCBank ចក្ខុរោគ នឹងមិន​សូវ​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា និង​ជួយ​បន្ធូរបន្ថយ​សម្ពោធ​ខាង​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន ដល់​អ្នកជំងឺ និង​គ្រួសារ ដែល​ត្រូវ​ប្រឈម​ដោះស្រាយ​នោះ​៕S/

ចំណងជើង​រូបថត​៖​ធនាគារ PPC Bank សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ ខាង​ផ្នែក​ចក្ខុរោគ (​ជំងឺ​ភ្នែក​) មកពី​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាជន​កម្ពុជា​ក្រីក្រ ដែលមាន​ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ស្រលៀង​(​រូបៈ​សុផល​)