ធនាគារ​ភ្នំពេញ​ពាណិជ្ជ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ពង្រីក​សេវា​កម្ចី​ដល់​អាជីវកម្ម​ធុន​តូច​នៅ​កម្ពុជា​

561
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ធនាគារ​ភ្នំពេញ​ពាណិជ្ជ​(PPCBank) នា​រសៀល​ថ្ងៃទី​៧​ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC )​ដែលជា​សមាជិក​មួយរ​បស់​ក្រុម​ធនាគារពិភពលោក ដើម្បី​អនុវត្ត​កម្មវិធី​ចែករំលែក​ហានិភ័យ​និង​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ដល់​ធនាគារ PPCBank ដើម្បី​ពង្រីក​ការផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច​បំផុត​(VSE) សហគ្រាស​ធុន​តូច​និង​មធ្យម (SME) រួមទាំង​សហគ្រាស​ដឹកនាំ​ដោយ​ស្ត្រី (WSME) នៅ​កម្ពុជា ក្នុង​គោលដៅ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ បង្កលក្ខណៈ​អំណោយផល​សម្រាប់​ការលូតលាស់​សេដ្ឋកិច្ច និង​បង្កើត​ការងារ​។​

​កម្មវិធី​ចែករំលែក​ហានិភ័យ​នេះ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​ធនាគារ​PPCBank​ផ្តល់​សេវា​កាន់តែ​ប្រសើរ​ថែមទៀត​ដល់​អតិថិជន​ដែលមាន​ស្រាប់ និង​អតិថិជន​ថ្មី​របស់ខ្លួន ជាពិសេស​សហគ្រាស​ធុន​តូច​បំផុត​សហគ្រាស​ធុន​តូច​និង​មធ្យម និង​សហគ្រាស​ដែល​ដឹកនាំ​ដោយ​ស្ត្រី ដើម្បី​ពង្រីក​អាជីវកម្ម​ក៏ដូចជា​ជំរុញ​កំណើន​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ សហគ្រាស​ធុន​តូច​និង​មធ្យម​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​កំណើន​ការងារ​និង​នវានុវត្តន៍​ក្នុងប្រទេស​ហើយ​ដើម្បីឱ្យ​សហគ្រាស​ទាំងនេះ​ទទួលបាន​ជោគជ័យ​សហគ្រាស​ទាំងនេះ​ចាំបាច់​ត្រូវមាន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​និង​ប្រភព​មូលនិធិ​ឱ្យបាន​គ្រប់គ្រាន់​។

​កន្លងមក សហគ្រាស​ទាំងនេះ​ពុំទាន់​បានទទួល​ហិរញ្ញប្បទាន​គ្រប់គ្រាន់​នៅឡើយ ដោយហេតុថា​ទិន្នន័យ​អំពី​ប្រវត្តិ​កម្ចី​មាន​តិចតួច ជាហេតុ​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​ក្នុងការ​ផ្តល់​កម្ចី​ប្រកបដោយ​ការទទួលខុសត្រូវ​។ នេះ​ជា​ឧបសគ្គ​សម្រាប់​សហគ្រាស​ទាំងនេះ ក្នុងការ​ពង្រីក​អាជីវកម្ម​បន្ថែមទៀត​។ ធនាគារ​PPCBank​អាច​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​លើ​កម្ចី​ដែល​ផ្តល់​ដល់​សហគ្រាស​ធុន​តូច​បំផុត សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដឹកនាំ​ដោយ​ស្ត្រី​ជា​ម្ចាស់​កម្មសិទ្ធិ និង​ជួយ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត​។ បន្ថែម​លើ​កម្មវិធី​ចែករំលែក​ហានិភ័យ​នេះ IFC ក៏​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ដល់​ធនាគារ​PPCBank ដើម្បី​ពង្រីក​សមត្ថភាព​របស់​ខ្លួន​និង​បង្កើន​ទំនុកចិត្ត ក្នុងការ​ផ្តល់​កម្ចី​ដល់​សហគ្រាស​ទាំងនោះ​។​

​លោក​ស៊ីន ចាង​មូ​(Shin Chang Moo) អគ្គនាយក​ធនាគារ PPCBank មានប្រសាសន៍ថា “​សហគ្រាស​ទាំងនេះ មាន​សក្តានុពល​ពិតប្រាកដ ក្នុងការ​រួមចំណែក​ដ​ល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​។ ធនាគារ​PPCBank​ប្តេជ្ញា​ផ្តល់ឱ្យ​សហគ្រាស​ទាំងនេះ នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ និង​កម្ចី​សមស្រប​បំផុត ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​អាច​ពង្រីក​អាជីវកម្ម​របស់ខ្លួន បង្កើត​ការងារ និង​មានឱកាស​ចូលរួម​កសាង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។​”

​លោក​បាន​បន្ថែមទៀតថា​“​ការពង្រីក​ឱកាស​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​និង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដោយ​ចំហ​ដល់​សហគ្រាស​ធុន​តូច ជាការ​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មានកា​រ​រីកចម្រើន និង​មិន​ត្រឹមតែ​អាច​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​លើកស្ទួយ​ជីវភាព​ប្រកបដោយ​និរន្តរភាព និង​ស្ថេរភាព​លើ​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន​និង​គ្រួសារ​របស់​ពួកគេ​ទៀតផង​។ យើង​មាន​មោទនភាព​ដែលមាន​ឱកាស​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ទាំងនេះ និង​មាន​ភាព​រីករាយ​ដែល​បាន​មើលឃើញ​ការរីកចម្រើន​របស់​ពួកគេ​”​។​

​លោក Vivek Pathak នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​របស់​IFC បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​ថា​“​សហគ្រាស​ធុន​តូច និង​មធ្យម ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​ក្នុង​បណ្តា​ប្រទេស​ដែលមាន​ចំណូល​ទាប ប៉ុន្តែ​សហគ្រាស​ទាំងនេះ​ជួប​ការលំបាក​ក្នុងការ​ទទួលបាន​កម្ចី ព្រោះតែ​សហគ្រាស​ទាំងនេះ​មាន​ទំហំ​តូច បទពិសោធន៍​តិចតួច និង​កត្តា​រួមផ្សំ​ផ្សេងៗ​ទៀត​។ កម្មវិធី​ចែករំលែក​ហានិភ័យ​នេះ នឹង​ជួយ​ឱ្យ​ធនាគារ​PPCBank បំពេញតម្រូវការ​រប​ស់​សហគ្រាស​ទាំងនេះ ដែល​កំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់ ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​បង្ហាញឱ្យឃើញថា អតិថិជន​ប្រភេទ​នេះ​ក៏មាន​លទ្ធភាព​ប្រើប្រាស់ “​សេវា​ធនាគារ​” ដូចគ្នា​នឹង​សហគ្រាស​ផ្សេងៗ​ទៀត​ដែរ​”​។​

​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៨​ធនាគារ PPCBank ត្រូវបាន​ទទួលស្គាល់ថា​ជា​ធនាគារពាណិជ្ជ ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ជាងគេ​មួយ​នៅ​កម្ពុជា មិន​ត្រឹមតែ​គិត​ជា​ទំហំ​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ ថែមទាំង​វិសាលភាព​នៃ​បណ្តាញ​និង​កំណើន​ចំនួន​អតិថិជន​ផងដែរ​។ ក្នុង​គោលបំណង​ធ្វើឱ្យ​បទពិសោធន៍​ប្រើប្រាស់​សេវា​ធនាគារ​នៅ​កម្ពុជា​កាន់​តែមាន​ភាពល្អ​ប្រសើរ និង​ឆ្លើយតប​ចំពោះ​តម្រូវការ​អតិថិជន​នីមួយៗ កាលពីពេល​ថ្មីៗ​នេះ ធនាគារ​PPCBank បានប្រកាស​ផ្សព្វផ្សាយ​ពី​ផលិតផល និង​សេវាកម្ម​ជាច្រើន ដូចជា​កម្មវិធី​តាម​ទូរ​សព្ទ​ចល័ត (Mobile Banking) សេវា​ធនាគារ​សាជីវកម្ម​ដែល​បំពេញ​មុខងារ​ពេញលេញ (smartBiz) និង​ប្រព័ន្ធ​សេវា​ធនាគារ​ចល័ត​សម្រាប់​ផ្តល់​ប្រឹក្សា​នៅនឹងកន្លែង និង​មជ្ឈមណ្ឌល​សេវា​អតិថិជន​វៃឆ្លាត ដើម្បី​ជួយ​គាំទ្រ​ដល់​អតិថិជន ២៤​ម៉ោង ក្នុង​មួយថ្ងៃ​។​

​បច្ចុប្បន្ននេះ ធនាគារ​PPCBank ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពេញលេញ​មួយ​នេះ កំពុង​អនុវត្ត​គម្រោង​ធនាគារ​ឌីជីថល​ដោយ​ផ្តោតលើ​ការដាក់ឱ្យ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរ​សព្ទ​ចល័ត​(Mobile Banking)​ដែល​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​មុន​បន្ថែមទៀត​។ លើសពីនេះ ទំនាក់ទំនង franchise ជាមួយនឹង​ក្លឹប Diners Club International នឹងធ្វើ​ឲ​សេវាកម្ម​មាន​ភាពងាយស្រួល​ដល់​អតិថិជន​។
​ក្នុង​រយៈពេល ២ ទស្សវត្សរ៍​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ដែលនាំឱ្យ​កម្រិត​ចំណូល​របស់​ប្រជាពលរដ្ឋ​មាន​កើនឡើង​គួរឱ្យកត់សម្គាល់ ដែល​ធ្វើឱ្យ​ពួកគេ​មាន​ប្រាក់ចំណូល​សម្រាប់​ចាយវាយ​ក្នុង​ចំនួន​ច្រើនជាង​មុន​។ ជាមួយនឹង​កំណើន​ជា​មធ្យម ៧,៧​ភាគរយ ចន្លោះ​ពី​ឆ្នាំ ១៩៩៥ ដល់ ២០១៨ ប្រទេស​កម្ពុជា គឺ​សេដ្ឋកិច្ច​ដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ជាងគេ​ទី ៦ ក្នុង​ពិភពលោក​។ គេ​រំពឹងថា កំណើនសេដ្ឋកិច្ច​នេះ នឹង​បន្ត​មាន​និរន្តរភាព ដោយ​ធនាគារពិភពលោក​ព្យាករ​ថា កំណើន​នឹងមាន​កម្រិត ៧​ភាគរយ សម្រាប់​ឆ្នាំ ២០១៩៕ ល​