ធនាគារ​មេ​យ​ប៊ែ​ង​សហការ​ជាមួយ​ធនាគារជាតិ​និង​ក្រសួង​អប់រំ​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​នៅតាម​សាលា​

305
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​សម្ព័ន្ធ​ធនាគារ​មេ​យ​ប៊ែ​ង​តាមរយៈ​មូលនិធិ​ធនាគារ​មេ​យ​ប៊ែ​ង​បាន​បន្ត​កិច្ចការ​ទំនួល​ខុសត្រូវ​សង្គម​របស់ខ្លួន​ក្នុង​ការដាក់​សម្ពោធ​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​MaybankCashvilleKidz​ឆ្នាំ​២០១៩​។​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សហការ​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​សមាគម​ធនាគារ​នៅ​កម្ពុជា​និង​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។​

​ការបន្ត​ដំណើរការ​ក​ម្ម​វិធី​MaybankCashvilleKidz​នៅ​ឆ្នាំ​ទី​៣​នេះ​នឹង​បន្តធ្វើ​ឲ្យ​កម្មវិធី​នេះ​ក្លាយទៅជា​កម្មវិធី​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​ការសហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយនឹង​ធនាគារជាតិ នៃ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​គោលបំណង​លើកកម្ពស់​អំពី​សារៈសំខាន់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​និង​សាធារណជន​ទូទៅ​ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទាំងនេះ​។​

ធនាគារ​មេ​យ​ប៊ែ​ង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កម្មវិធី​នេះ​ដោយ​ធនាគារ​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​តាំងពី​ឆ្នាំ​២០១៦​ក្នុងការ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​សិស្សានុសិស្ស​នៅ​ប្រទេស​កម្ពុជា​។​

​កម្មវិធី Maybank Cashville Kidz ឆ្នាំ​២០១៩​នេះ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា​ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​ទេសាភិបាលរង នៃ​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី នាវ ច័ន្ទ​ថា​ណា​,​លោក អ៊ឹម កុ​ច រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា​, លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​នៃ​ក្រសួង​កិច្ចការនារី​,​លោកស្រី​ជា​សិរី​ឧបការី​ទេសាភិបាល​និង​ជា​អគ្គនាយិកា​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា , លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ នៃ​ធនាគារជាតិ​នៃ​កម្ពុជា ។

កម្មវិធី​នេះ ក៏ត្រូវ​បាន​ចូលរួម​ជា​កិត្តិយស ដោយ​នាយក​ប្រតិបត្តិ​នៃ​ធនាគារ មេ​យ​ប៊ែ​ង ដា​តុ ម៉ូ​ហា​ម៉ា​ត ហា​នី​វ សូ​អា​ឌី (Mohd Hanif Suadi) នាយក​ប្រតិបត្តិ នៃ​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង លោក សា​រៀល អាសូ​ជី​មីន​(Shahril Azuar Jimin)​និង​លោក ម៉ៃ​ឃឺ រេល (Michael Reyes)​ដែលជា​ស្ថាបនិក​ក្រុមហ៊ុន MoneyTree Asia Pacific ។​

​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង លោក Shahril Azuar Jimin បាន​មានប្រសាសន៍ថា​៖ “​យើង​ពិត​ជាមាន​សេចក្តី​រីករាយ និង​ពោរពេញ​ដោយ​កម្លាំងចិត្ត​យ៉ាងខ្លាំង ដែល​បានឃើញ​កម្មវិធី MaybankCashvilleKidz​នេះ​បន្ត​សម្រេច​គោលដៅ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ​ដែល​បានផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​ជាង​៤.០០០​នាក់​បើ​ធៀប​ទៅនឹង​ផែនការ​ត្រឹមតែ​៣.២០០​នាក់​ប៉ុណ្ណោះ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ដោយ​ទទួលបាន​ភាពជោគជ័យ​ដូច្នេះ យើង​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​នេះ​មិន​ត្រឹមតែ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ គឺ​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ សម្រាប់​ឆ្នាំនេះ​”​។

​លោក Shahril Azuar Jimin ក៏បាន​លើកឡើង​បន្ថែម​ផងដែរ​ថា កម្មវិធី Maybank Cashville Kidz ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​ការអភិវឌ្ឍ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​មានចំណេះដឹង​ច្រើន​ទាក់ទង​នឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​អាស្រ័យ​លើក​ត្តា​ទាំងអស់​នេះហើយ​យើង​បាន​ចាប់​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ ធនាគារជាតិ នៃ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​នឹង​ជួយ​បង្កើន​អត្រា​ចំណេះដឹង​ហិរញ្ញវត្ថុ​ក្នុងចំណោម​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង បានប្រកាសថា​កម្មវិធី Maybank Cashville Kidz នៅ​ឆ្នាំនេះ​នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​សាលារៀន​ចំនួន​៣០​សាលា នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​សំខាន់ៗ​ដទៃទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា​។

កម្មវិធី​នេះ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​បេសកកម្ម​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​អា​រិ​យ្យ​ភាព​ក៏ដូចជា​ការគាំទ្រ​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDGs) លើ​គោលដៅ​ទី​៤ (​គុណភាព​អប់រំ​) និង​គោលដៅ​ទី ១៧ (​ភាពជា​ដៃគូ​សម្រាប់​គោលដៅ​អនុវត្ត​)​។​

​នាយក​ប្រតិបត្តិ​នៃ​ធនាគារ មេ​យ​ប៊ែ​ង DATO’ Mohd Hanif Suadi បាន​មានប្រសាសន៍ថា “​នៅពេល​យើង​បន្ត​ដើរតួនាទី​ក្នុងការ​រួមចំណែក​ជា​ផ្នែក​មួយ​ដល់​សេដ្ឋកិច្ច​នៅ​កម្ពុជា កម្មវិធី Maybank CashvilleKidz​គឺជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ធនាគារ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ត្រឡប់​ទៅវិញ​ដល់​សហគមន៍​ដែល​យើង​មាន​វត្តមាន​។​

ការបន្ត​ដំណើរការ​ក​ម្ម​វិធី​នេះ​នៅ​ឆ្នាំ​ទី​៣​នេះ​នឹង​រួមចំណែក​ក្នុងការ​បង្កើត​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដល់​កុមារ​ជំនាន់​ក្រោយ​តាមរយៈ​សកម្មភាព​រប​ស់​យើង​ក្នុងការ​អប់រំ​ដល់​កុមារ​ជំនាន់​ក្រោយ​ឲ្យ​ប្រកបដោយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​នឹង​ផ្តល់​ជា​ផលប្រយោជន៍​សម្រាប់​ពួកគាត់​នៅ​ថ្ងៃ​អនាគត​។​

នៅក្នុង​សន្និសីទ​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​២៣​មេសា លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​«​ការ​គ្របគ្រង​លុយកាក់​មាន​សារៈ​សារៈសំខាន់​ណាស់​។​ដូច្នេះ​ការប្រកួត CASHVILLE KIDZ មាន​ប្រយោជន៍​ច្រើន ជួយ​ឱ្យ​កុមារ​បាន​រៀនសូត្រ​និង​ចេះ​ពី​វិធី​សន្សំ​លុយ គ្រប់គ្រង​លុយ និង​មិន​ចាញ់បោក​គេ​ជាដើម​»​។​

​លោកស្រី​បាន​បន្តថា​«​កម្មវិធី​CASHVILLEKIDZ​នឹង​ជួយ​ឱ្យ​សិស្សានុសិស្ស​យល់ដឹង​កាន់តែច្បាស់​អំពី​សារៈសំខាន់​នៃ​ហិរញវត្ថុ​។​កម្មវិធី​នេះ​រួមចំណែក​ជួយ​ជ្រោមជ្រែង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ ក្នុងការ​ជំរុញ​និង​លើកកម្ពស់​ដល់​ការពង្រឹង​សមត្ថភាព​ដ​ល់​អ្នក​ប្រើ​សេវា​ហិរញ្ញវត្ថុ​»​។​

​លោក​អ៊ឹម​កុ​ច​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែងថា​កម្មវិធី​នេះ​មិន​ត្រឹម​តែមាន​កម្មបទ​ចម្បង​ក្នុង​ការអប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ផ្តួចផ្តើម​ឱ្យមាន​ការពិភាក្សា​បញ្ហា​ហិរញ្ញវត្ថុ​រវាង​អាណាព្យាបាល និង​កូនៗ ដែលជា​ការបង្កើត​ឱកាស​មួយ​ផ្តល់​ចំណេះដឹង​ដល់​ឪពុកម្តាយ ។​

​គួរ​បញ្ជាក់ថា​កម្មវិធី CASHVILLE KIDZ ត្រូវបាន​បង្កើតឡើង​ដំបូង​គេ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ត្រូវបាន​ដាក់អោយ​ដំណើរការ​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៣​។​កម្មវិធី​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវបាន ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ​ថែមទៀត​ផង ដោយ​តម្រូវឱ្យ សិស្សានុសិស្ស​ទាំងអស់​ដែល​បាន​ចូលរួម​ត្រូវតែ​ស​ម្រ​ច​ឲ្យ​បាន​នូវ​ពិន្ទុ​ដែល​បានកំណត់​។

ដោយ​ចាប់តាំងពី​ការដាក់​ដំណើរការ​កម្មវិធី​នៅក្នុង​ឆ្នាំ​២០១៣​មក​កម្មវិធី​នេះ​បាន​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​ប្រមាណ​ជាង​១៨០.០០០​នាក់​ដែល​មកពី​សាលារៀន​ចំនួន​៧៩០​សាលារៀន​នៅ​ទូទាំងប្រទេស​ម៉ាឡេស៊ី​ហើយ​និង​បាន​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​ប្រមាណ​ជាង​៥.០០០​នាក់​ដែល​មកពី​សាលារៀន​ចំនួន ២៣ សាលារៀន​នៅក្នុង​ប្រទេស​កម្ពុជា​៕S/

​ចំណងជើង​រូ​បថ​តៈ​ធនាគារ​មេ​យ​ប៊ែ​ង សហការ​ជាមួយ ធនាគារជាតិ និង​ក្រសួង​អប់រំ ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​នៅតាម​សាលា​រដ្ឋ​និង​ឯកជន​(​រូបៈ​សុផល​)