ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​ជាមួយ​ទុន​ប្រមាណ​១០០​លាន​ដុល្លារ​នឹង​លេចចេញ​រូបរាង​

438
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​”​ដើម្បី​ជួយ​ទៅដល់​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​(SMEs)​ដែល​ប្រឈម​នឹង​បញ្ហា​កង្វះ​ទុន​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​ដោយ​ដំណាក់កាល​ដំបូង​នឹងដាក់​មូលនិធិ​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក​។​ធនាគារ​នេះ​អាច​នឹង​លេចចេញ​រូបរាង​នៅ​ចុងឆ្នាំ​២០១៩​នេះ​”​។​

លោក​ហេង​សុខ​គង់​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បានលើកឡើង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សហគ្រាស​ធុន​តូច​និង​មធ្យម​សិប្បកម្ម​និង​ឧស្សាហកម្ម​កាលពី​រសៀល​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា​៖​ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​ថវិកា​ចំនួន​១០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការបង្កើត​ធនាគារ​អេស​អ៊ឹម​អ៊ី​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​SMEs​សំដៅ​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​។

​ជារួម​មកទល់ពេលនេះ​ការសិក្សា​អំពី​សមិទ្ធិ​លទ្ធភាព​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ព្រមទាំង​ការរៀបចំ​ផែនការ អាជីវកម្ម និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ធនាគារ​។ ដើម្បី​ឈាន​ដ៏​ការបង្កើត ធនាគា​ត្រូវ​បាននិងកំពុង​រៀបចំ​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ដោយ​ធនាគារ​នេះ​ត្រូវបាន​រំពឹងថា​នឹង​ចាប់ដំណើរការ​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ឱ្យដឹងទៀតថា​ពាក់ព័ន្ធ​នឹង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ កាលពី​ចុង​មីនា កន្លងទៅនេះ រាជរដ្ឋាភិបាល​បានរៀបចំ​វិធាន និង​នីតិវិធី​លម្អិត​ដើម្បី​អនុវត្តន៍​តាមដាន​វឌ្ឍន​ភាព​និង​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ការអនុវត្តន៍​និង​រៀបចំ​ស្នើ​នូវ​វិធាន​ការបន្ថែម​ក្នុងករណី​ចាំបាច់​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​វិស័យនេះ ។​

​លោក​បាន​គូសបញ្ជាក់ថា​៖​វិស័យ​SME​ជា​វិស័យ​អាទិភាព​និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ដែលមាន​តួនាទី​យ៉ាងសំខាន់ ដើម្បី​ជួយ​វិស័យនេះ អាចធ្វើ​ទំនើបកម្ម និង​ដើរ​ឲ្យ​ទាន់​សង្វាក់​ផលិតកម្ម​ពិភពលោក ព្រោះ​វិស័យ​SME​គឺជា​ផ្នែក​មួយ​ជួយ​ដល់​ផលិតផល​សរុប​ក្នុងស្រុក​មាន​កំណើន​ល្អជា​ពិសេស​ជួយ​បង្កើន​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ប្រមាណ​ជាង​៣២,៨​ភាគរយ​នៅ​ឆ្នាំ​២០១៨​ពោលគឺ​លឿន​ជាង​ផែនការ​រហូតដល់​ទៅ​៥​ឆ្នាំ​។​

សូម​ជម្រាប​ផងដែរ​ថា​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សហគ្រាស​ធុន​តូច​និង​មធ្យម សិប្បកម្ម និង​ឧស្សាហកម្ម​នោះ លោក ឈា ឡាយ​ហ៊ី​ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​។​ក៏បាន​ចែករម្លែក​ចំណេះដឹង​និង​ពត៌មាន​អំពី​ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​និង​មធ្យម​សិប្បកម្ម​នៅ​កម្ពុជា​។

​ចំណែក​លោក​ហ៊ឹម​ផានិត​ប្រធាន​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ បានធ្វើ​បទ​បង្ហាញ​ពី​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ខណៈ​លោក Stepan Vojnar ភារៈធារី​ស្ថានទូត​សាធារណរដ្ឋ​ឆេ​ក បានធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល​របស់​ឆេ​កនៅ កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖​សិក្ខាសាលា​ស្តីពី ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សហគ្រាស​ធុន​តូច និង​មធ្យម សិប្បកម្ម និង​ឧស្សាហកម្ម កាលពី​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នៅ​កោះ​ពេជ្រ​(​រូប ៖​សុផល​)