ធនាគារ​ស្ថាបនា​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​សេវាកម្ម​ផ្ទេរប្រាក់​ទូទាត់​ពិភពលោក​ជាមួយ​វ៉េ​ស្ទើ​ន យូ​ញៀន​

978
ចែករម្លែក
​ធនាគារ​ស្ថាបនា​និង​វ៉េ​ស្ទើ​ន យូ​ញៀន​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​សេវាកម្ម​ផ្ទេរប្រាក់​ទូទាត់​ពិភពលោក​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ផ្ទេរប្រាក់​

ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​ស្ថាបនា បានប្រកាស​ពី​ការចុះ​កិច្ច ព្រមព្រៀង​ផ្ដល់​សេវាកម្ម​ផ្ទេរ ប្រាក់ ទូទាត់ ពិភពលោក​របស់ Western Union មកកាន់​បណ្ដា សាខា​របស់ខ្លួន​ទូទាំងប្រទេស​។ តាម រយៈ សេវា​កម្មនេះ អតិថិជន​អាចធ្វើ​ការផ្ញើ​និង​ទទួល​ប្រាក់​បាន​យ៉ាង​ឆាប់រហ័ស​ទូទាំង ប្រទេស កម្ពុជា​។​

​នៅក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២១ ខែ មុ​ថុ​នា ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា លោក កា​តូ ណូរី​ហ៊ី​កុ​(KATO Norihiko )​បាន​មានប្រសាសន៍ថា​«​យើង​មាន​សេចក្ដី​រីករាយ ដែល​បាន សហការ​ជាមួយ Western Union ដែល​អនុញ្ញាតឱ្យ អតិថិជន​របស់​យើង​អា​ចត​ភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ស្ទើរ​គ្រប់​ប្រទេស​នៅលើ ពិភពលោក​រួមទាំង​ក្នុងស្រុក​ផងដែរ​»​។ ​លោក​បន្ថែមទៀតថា «​ការផ្ដល់ជូន​អតិថិជន​នូវ​វ​ភាពងាយស្រួល​និង​ភាពជឿជាក់ របស់ Westurn Union មាន​សារៈសំខាន់​ចំពោះ​យើង ហើយ​យើង​មាន​មោទនភាព​ក្នុងការ​ពង្រីក​វិសាលភាព​សេវាកម្ម​របស់​យើង​»​។

​សូ​មេ​ជម្រាប​ថា​បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុជា​ជាង​មួយ​លាន​នាក់ កំពុង​បម្រើការ ងារ​នៅ​បរទេស​ដែល​ភាគច្រើន​នៅក្នុង​ប្រទេស​ថៃ​។ ពលករ​កម្ពុជា​ក៏មាន នៅក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ផងដែរ​មានដូចជា ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ជប៉ុន​។​

​យោងតាម​សៀវភៅ​កំណត់ត្រា​នៃ​ការធ្វើ​ចំណាកស្រុក​និង​ការផ្ទេរ​ប្រាក់​របស់​ធនា​គារ​ពិភពលោក (World Bank)​ឆ្នាំ ២០១៦​បានឱ្យដឹងថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ទទួល​ប្រាក់​ពី​បរទេស​ធំជាងគេ​លំដាប់​ទី​៨ នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដោយមាន​ចំនួន ០,៩ ពាន់​លាន​ដុល្លារ​អាមេរិក​។​

​លោក អា​រី​ស ស្រេ​ថា (Arish Shrestha )​នាយក​តំបន់ Western Union ប្រចាំ​តំបន់​ឥណ្ឌូចិន​បាន​មាន ប្រសា​នស​ន៍​ថា​« ប្រាក់​ដែល​បាន​ផ្ញើ​ដោយ​ពលរដ្ឋ​កម្ពុជា​រស់នៅ ក្រៅប្រទេស​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជម្រុញ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ក្រុមគ្រួសារ​ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ទាំងមូល​។ ខណៈ ដែលមាន​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ស្វែងរក​ការងារ​ធ្វើ​នៅឯ​ក្រៅប្រទេស ដើម្បី​រកប្រាក់​មក​ចិញ្ចឹម​ក្រុមគ្រួសារ​របស់​ពួកគេ​នៅឯ​ស្រុកកំណើត​វិញ​។ ការ​បេ​ជ្ញា​ចិត្ត របស់​យើង​គឺ​ធ្វើយ៉ាងណា បន្ត​ពង្រីក​វិសាលភាព​នៃ​ដំណើរការ​សេវា​ផ្ញើ​ប្រាក់​ពី​ក្រៅ ប្រទេស​ក៏ដូចជា​ន​នៅក្នុង​ប្រទេស​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​»​។

​លោក​បាន​បន្តថា «​យើង​សូម​ស្វា​គម​ធនាគារ​ស្ថាបនា​មកកាន់​គ្រួសារ Western Union និង​ជឿជាក់ថា​វិសាលភាព​នៃ​បណ្ដាញ​សាខា​របស់​ពួកគេ​នឹង ផ្ដល់​ភាពងាយស្រួល​សម្រាប់​សេវាកម្ម​ផ្ទេរប្រាក់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​»​។​

​លោក​បាន​បញ្ជាក់ថា​ភាពជា​ដៃគូ​ជាមួយនឹង​ធនាគារ​ស្ថាបនា​នេះ​មិន​ត្រឹមតែ​អាចបំពេញ​តម្រូវការ ហិរញ្ញវត្ថុ​របស់​អតិថិជន​បាន​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជួយ​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ផងដែរ​៕ ល​