ធនាគារ​ស្ថាបនា​ចំណាយ​ជាង​ពីរលាន​ដុល្លារ​ប្តូរ​និមិត្តសញ្ញា​ថ្មី​

163

(​ភ្នំពេញ)៖ ដោយ​អនុលោម​និង​អនុវត្ត​ទៅតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​ដែល​តម្រូវឱ្យ​ដូរ​និមិត្តសញ្ញា​ឬ​ឡូហ្គោ​(Logo)​ដែល​ស្រដៀង​នឹង​ឡូហ្គោ​របស់​ស្ថាប័ន​និង​ក្រសួង​នោះ កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ធនាគារ​ស្ថាបនា​បានចាប់ផ្តើម​ធ្វើការ​ប្រើប្រាស់​ស្លាក​សញ្ញា​ថ្មី​របស់ខ្លួន ដែល​ចំណាយ​អស់​ទឹកប្រាក់​ជាង​ពីរលាន​ដុល្លារ សម្រាប់ធ្វើ​ការផ្លាស់ប្តូរ​នៅ​គ្រប់​សាខា​ទាំង១៦៨ នៅ ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប្រភព​ធនាគារ​ស្ថាបនា​បានឱ្យដឹងថា​ស្លាក​សញ្ញា​ថ្មី​នេះ​ឆ្លុះបញ្ចាំង​អំពីរ​ការបន្ត​រីកចម្រើន ក៏ដូចជា​ការប្តេជ្ញា​នៅពេល​អនាគត​របស់​ធ​នាគារ ក្នុងការ​ព​ង្រឹ​ក​ខ្លួន​ឲ្យ​ទៅជា​ធនាគា​ពាណិជ្ជ​ដែល​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។​ស្លាក​សញ្ញា​ថ្មី​នេះ​តំណាង​ឲ្យ​គុណ​តម្លៃ​សំខាន់ៗ​របស់​ធនាគារ ស្ថាបនា ដែល​រួមមាន ភាពរឹងមាំ សុវត្ថិភាព ស្ថេរភាព ភាពជឿជាក់ និង​ការប្តេជ្ញា​ក្នុងការ​ផ្តល់ជូន​នូវ​សេវា​ប្រកបដោយ គុណភាព និង​ស្តង់ដារ​ខ្ពស់​។​

ស្លាក​សញ្ញា​ថ្មី​របស់​ធនាគា​ស្ថាបនា ត្រូវបាន​បង្កើតឡើង​ដោយមាន​ការរួមបញ្ចូល​នូវ​គោល​គំនិត​ជាច្រើន​ដូចជា ភ្នំ​ហ្វូ​ជី រចនាសម្ព័ន្ធ​នៃ​សំបុក​ឃ្មុំ ប្រអប់​ដាក់​ប្រាក់​សុវត្ថិភាព និង​ការឆ្លុះបញ្ចាំង​អំពី​កញ្ជក់​បង្អួច​ពណ៌​ផ្ទៃមេឃ របស់​អគារ ទំនើប​ស្កឹមស្កៃ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន លោក កា​តូ ណូរី​ហ៊ី​កូ ( Kato Norihiko) ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធានា​គារ​ស្ថាបនា​បាន​មានប្រសាសន៍ថា​ការដាក់​ឲ្យ​ប្រើប្រាស់​ស្លាក​សញ្ញា​ថ្មី​របស់​ធនាគារ​ស្ថាបនា​គឺជា​សញ្ញា​បង្ហាញ​អំពី​ដំណាក់កាល​ដ៏​សំខាន់​ក្នុងការ​ផ្លាស់ប្តូរ​ថ្មី​មួយ​របស់​ធនាគារ ស្ថាបនា​ក្នុងការ​បម្រើ​អតិថិជន​កាន់​តែមាន​ភាពទូលំទូលាយ​ជាង​មុន​តាមរយៈ​ការប្តេជ្ញាចិត្ត ផ្តល់ជូន​នូវ​សេវា​របស់​ធនាគារ​ដែល​ប្រកបដោយ​ភាព​ឆ្នៃប្រឌិត បច្ចេកវិទ្យា និង​ការផ្តល់​សេវាកម្ម​ដែលមាន​ភាព​ស្តង់ដារ ធនាគារ ពាណិជ្ជ​សមស្រប​តាម​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​។​

​លោក​បាន​បន្ថែមទៀតថា​ពាក្យស្លោក​របស់​ធនាគារ​ស្ថាបនា​គឺ​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ ។ ពាក្យស្លោក​នេះ នឹង​ជំរុញ​ឲ្យ​អតិថិជន​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​និង​បើកឱកាស​ឲ្យ​ពួកគាត់​កាន់តែ​ទូលំទូលាយ​ក្នុងការ​ទទួលបាន​ភាព​ជោគជ័យ​តាមរយៈ​ដំណោះស្រាយ​ហិរញ្ញវត្ថុ ដែល​មាននៅ​គ្រប់​បណ្តាញ​សាខា និង​បណ្តាញ​ម៉ាស៊ីន អេ​ធី​អឹម ( ATM ) របស់​យើង​ទូទាំងប្រទេស​៕ដោយៈសុផល/sn

​ចំណងជើង​រូបថត​៖​ធនាគារ​ស្ថាបនា​ចំណាយ​ជាង ២ លាន​ដុល្លារ ដូរ​ឡូហ្គោ​ថ្មី​នៅ ១៦៨​សាខា ទូទាំងប្រទេស​(​រូប​សុផល​)