ធនាគារ​ស្ថាបនា សម្ពោធ​សាខា​ទី​១៦៩ នៅ​អ៊ី​អន​ម៉​ល​សែន​សុខ​

1136
ចែករម្លែក

​ដោយៈ​សុផល​
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១​ខែកក្កដា ឆ្នាំ​២០១៨​នេះ ធនាគារ​ស្ថាបនា​បាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ជា​ផ្លូវការ​សាខា​ថ្មី​របស់ខ្លួន​ដែលមាន​ទីតាំងនៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​( Aeon Mall) សែន​សុខ ស្ថិតនៅ​ជាន់​ទី​២​។ ជាមួយ​សាខា​ថ្មី​នេះ ចំនួន​សាខា​សរុប​របស់​ធនាគា​រ ស្ថាបនា កើន​ដល់​១៦៩ នៅ​ទូទាំងប្រទេស​។​

​សាខា Aeon Mall សែន​សុខ​នេះ នឹង​ផ្តល់នូវ​សេវា​ធនាគារពាណិជ្ជ​ពេញលេញ មានដូចជា ជា​ប្រាក់កម្ចី ប្រាក់​​​បញ្ញើ សេវា​ផ្ទេ​ប្រាក់​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​។​លោក​ណូរី​ហ៊ី​កុ កា​តូ​( Norihiko Kato) ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា មានប្រសាសន៍ថា ​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត សម្រាប់​ធនាគារ​ស្ថាបនា​។ សាខា​នេះ គឺជា​សាខា​ដំបូង​របស់​យើង​ដែល​ស្ថិតនៅក្នុង​ផ្សារ​ទំនើប​ក្នុងប្រទេស​កម្ពុជា​។​​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ណែនាំ នូវ​អត្តសញ្ញាណ​របស់​ធនាគា​រ​ស្ថាបនា ជាមួយនឹង​ផលិតផល និង​សេវា​ធនាគារ​សម្បូរបែប ដល់​អតិថិជន​ទាំងអស់ ដែល​អញ្ជើញ​មក​ទស្សនា​និង​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ ក៏ដូចជា​អ្នករស់នៅ​ជុំវិញ​ទីតាំង​នោះ​ផងដែរ​។​

​លោក Norihiko Kato ក៏បាន​បញ្ជាក់​ផងដែរ​ថា “​យើង​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឲ្យ​សេវា​ធនាគារ​កាន់តែ​មាន​ភាពងាយស្រួល ភាពបត់បែន និង​កាន់តែ​ខិតជិត​អតិថិជន​របស់​យើង​។ សាខា Aeon Mall សែន​សុខ​នេះ ក៏​មិន​ខុសពី​សាខា​ផ្សេងៗ​ទៀត​របស់​ធនាគារ​ស្ថាបនា ដែរ​គឺ​នឹង​ផ្តល់ជូន​អតិថិជន​នូវ​សេវា​ធនាគារ​ដ៏​ល្អ​បំផុត​”​។​
គួរបញ្ជាក់​ផង​ដែលថា ធនាគារ​ស្ថាបនា គឺជា​ធនាគារ មួយ​ក្នុងចំណោម ធនាគារ ពាណិជ្ជ​នាំមុខគេ​នៅ​កម្ពុជា​។​បច្ចុប្បន្ននេះ ធនាគារ ស្ថាបនា មាន​សាខា​សរុប​ជាង ១៦៩ ជាមួយ ម៉ាស៊ីន អេ​ធី​អឹម ( ATM ) ចំនួន​ជាង ១០០ និង​បុគ្គលិក ជាង ៤០០០ នាក់​។ ធនាគារ ផ្តល់នូវ​សេវា​ធនាគារ ដ៏​ពេញលេញ​មួយ រួមមាន សេវា​ប្រាក់កម្ចី ផលិតផល​ប្រាក់​បញ្ញើ សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅ​ស្រុក​លិខិតធានា ការទូទាត់​លើ​ការនាំចេញ​នាំចូល និង​សេវា​ផ្សេងៗ​ទៀត​៕មន

​ធនាគារ​ស្ថាបនា សម្ពោធ​សាខា​ទី​១៦៩ នៅ​អ៊ី​អន​ម៉​ល​សែន​សុខ​(​រូប សុផល​)

#