ធនាគារ​អេស៊ីលីដា​និង​ក្រេ​ឌី​ត​ប្យួ​រ៉ូ​សហការ​ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​

620
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​ការិយាល័យ​ឥណទាន​កម្ពុជា​(​ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យួ​រ៉ូ​ខេ​ម​បូ​ឌា​)​ហៅ​កាត់​ថា​ស៊ី​ប៊ី​ស៊ី​(CBC)​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីអំពី​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូរ​ក្នុង​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែមករា​នៅ​ការិយាល័យ​កណ្តាល​ធនាគា​រ អេស៊ីលីដា ។​

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា បាន​មានប្រសាសន៍ថា “​ក្នុង​រយៈពេល​ជាង​៦​ឆ្នាំ​នៃ​ប្រតិបត្តិការ​ការិយាល័យ​ឥណទាន​កម្ពុជា​ស៊ី​ប៊ី​ស៊ី​ផ្តល់​របាយការណ៍​ឥណទាន​អតិថិជន អនុញ្ញាតឱ្យ​សមាជិក​ស៊ី​ប៊ី​ស៊ី អាច​ស្វែងយល់​ពី​អតិថិជន​របស់​ពួកគេ​កាន់តែច្បាស់ ងាយស្រួល​ក្នុងការ​សម្រេចចិត្ត​ផ្តល់​ឥណទាន​ដោយមាន​ការទទួលខុសត្រូវ​និង​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ។

ម្យ៉ាងវិញទៀត​ការិយាល័យ​ឥណទាន​កម្ពុជា​ក៏បាន​ជួយ​អតិថិជន​ទូទៅ​ក្នុងការ​ស្នើសុំ​និង​ស្វែងយល់​អំពី​ព័ត៌មាន​ឥណទាន​អោយ​កាន់តែច្បាស់​ក្នុងការ​ត្រៀមខ្លួន​ស្នើសុំ​ឥណទាន​។ បន្ថែម​ពីនេះ​ទៀត ប្រព័ន្ធ​នេះ​ក៏​ចូលរួមចំណែក​ដល់​ស្ថេរភាព​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ព្រមទាំង សេដ្ឋកិច្ចជាតិ ផងដែរ​”​។​
លោក​បន្តទៀតថា “​ដោយ​មើលឃើញ​អំពី​សារសំខាន់​នៃ​របាយការណ៍​ឥណទាន​របស់​អតិថិជន និង ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែល​នៅតាម​បណ្តា​ខេត្ត​។​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​បង្កើត​សេវា​កម្មនេះ​ដោយ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ជាមួយ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ក្នុង​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នេះ​ជូន​អតិថិជន​។​

​លោក​បន្តថា​ជំ​ហ៊ាន​ដំបូង​យើង​ដាក់ឱ្យ​ដំណើរការ​នៅតាម​សាខា​របស់​ធនាគារ​អេស៊ីលីដា​ចំនួន​៥​ខេត្ត​ក្រុង​ហើយ​គ្រោង​នឹង​ពង្រីក​ទូទាំងប្រទេស​នៅ​បំណាច់​ឆ្នាំ​២០១៩​នេះ​។​ដើម្បី​ប្រើប្រាស់​សេវាកម្ម​នេះ​អតិថិជន​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ​ឬ​លិខិតឆ្លងដែន​ច្បាប់ដើម​ដែលមាន​សុពលភាព​ហើយ​អញ្ជើញ​ទៅកាន់​ការិយាល័យ​ឬ​សាខា​ដូចជា​ការិយាល័យ​កណ្តាល​សាខា​ខេត្តសៀមរាប​សាខា​ខេត្តកំពង់ស្ពឺ​សាខា​ខេត្តតាកែវ​និង​សាខា​ខេត្តកណ្តាល​។​

​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ” ការិយាល័យ​ឥណទាន​កម្ពុជា បាន​ចូលរួមចំណែក​ជា​ប្រយោជន៍​យ៉ាងច្រើន​ដល់​ភាគី​ពាក់ព័ន្ធ រួមមាន​ឯកត្តជន ស្ថាប័ន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​វិស័យ​ហិរញ្ញវត្ថុ​នានា​។

ដោយ​យល់ឃើញថា ការិយាល័យ​ឥណទាន​កម្ពុជា មាន​ប្រព័ន្ធ​រាយការណ៍​ព័ត៌មាន​ឥណទាន ច្បាស់លាស់ និង​ជឿទុកចិត្ត មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​សមាជិក ភាគី​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​នានា ជាពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុងការ​ស្វែងរក​ឥណទាន​អោយ​កាន់តែ​ប្រសើរ​។

​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​មាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​សហ​ប្រតិ​ប​ត្ដិ​ការ​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា​(​ស៊ី​ប៊ី​ស៊ី​)​ក្នុងការ​បម្រើសេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ឱ្យបាន​រឹតតែ​ទូលំទូលាយ​។​

តាម​ការស្នើសុំ​ពិនិត្យ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន នៅតាម​បណ្តា​ការិយាល័យ រាជធានី សាខា​ខេត្ត​-​ក្រុង ចំនួន​៥ នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។ សេវា​នេះ​នឹង​ជួយ​ដល់​អតិថិ​ន​និង​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ស្វែងយល់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ ក្នុង​ដំណើរការ​ស្នើសុំ​ឥណទាន​”​។​

​គួរ​ជម្រាប​ថា​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១២​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្ដល់ព័ត៌មាន​ឥណទាន​ឧបករណ៍​វិភាគ​និង​សេវាកម្ម​រាយការណ៍​ដល់​ធនាគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ប្រតិបត្តិ​ករ​ឥណទាន​ង​អ្នកប្រើប្រាស់​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ស៊ី​ប៊ី​ស៊ី​មាន​សមាជិក​សរុប​១៥៨​ស្ថាប័ន​។​ការិយាល័យ​ឥណទាន​កម្ពុជា​(​ស៊ី​ប៊ី​ស៊ី​)​ជំរុញ​លំនឹង​សេដ្ឋកិច្ច​អោយមាន​ភាព​កាន់តែ​ប្រសើរឡើង​ដោយ​ផ្ដល់​ទិន្នន័យ​ទាន់​ហេតុការណ៍​ប្រកបដោយ​សុក្រឹតភាព​ខ្ពស់​ដល់​អ្នកប្រើប្រាស់​និង​វិស័យ​ហិរញ្ញវត្ថុ​ក្នុងការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​អាជីវកម្ម​របស់​ពួកគេ​។

យើង​ជួយ​ស្ថាប័ន​ជា​សមាជិក​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​នៃ​ឥណទាន ការពារ​ការ​ក្លែងបន្លំ​ព័ត៌មាន និង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ការិយាល័យ​ឥណទាន​កម្ពុជា​(​ស៊ី​ប៊ី​ស៊ី​)​ក៏​ជួយ​អ្នកប្រើប្រាស់​ក្នុងការ​ត្រួតពិនិត្យ​របា​យ​ការណ៍​ឥណទាន​របស់​ពួកគាត់​ដើម្បី​ធានាថា​ពួកគាត់​អាច​ទទួលបាន​ប្រាក់កម្ចី​ហិរញ្ញវត្ថុ​និង​ការពារ​ខ្លួន​ពី​ការ​ក្លែងបន្លំ​អត្តសញ្ញាណ​ផងដែរ​។​
​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ​ធនាគារ អេស៊ីលីដា ឡាវ លី​មី​ធី​ត អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា​និង​អេស៊ីលីដា​ប្រូ​ភើ​ធី​អិ​ល​ធី​ឌី​ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ។

ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង​៥,៧​ពាន់​លាន​ដុល្លារ​អាមេរិក​គិត​មក​ត្រឹម​បំណាច់​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​សមតុល្យ​ឥណទាន​សរុប​ចំនួន​៣,៤៩​ពាន់​លាន​ដុល្លារ​អាមេរិក​និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣,៧៥ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ២,៥ លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៨​នេះ​៕S/

ចំណងជើង​រូបថត​៖​ធនាគារ​អេស៊ីលីដា​និង​ក្រេ​ឌី​ត​ប្យួ​រ៉ូ​សហការគ្នា​ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​(​រូបៈ​សុផល​)