ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​ធនាគារ​SiamCommercialBank​ដាក់​ដំណើរការ​ការទូទាត់​តាមរយៈ​ប្រព័ន្ធ​QR​ឆ្លងដែន​

207
ចែករម្លែក

​ដោយៈ​សុផល​/​បាងកក​ព្រះរាជាណាចក្រ​ថៃៈ​នា​ព្រឹក​ថ្ង​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី (​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​)​និង​ធនាគារ Siam Commercial Bank (SCB)​។​ធនាគារ​ទាំង​ពីរបាន​ប្រកាស​ជា​សាធារណ​ពី​ការដាក់ឱ្យ​ដំណើរការ​ការទូទាត់​តាមរយៈ​ប្រព័ន្ធ​QR​ឆ្លងដែន​ដែលជា​មធ្យោបាយ​សម្រួល​ដ​ល់​ការទូទាត់​ដោយ​ប្រើ​រូបិយវត្ថុ​ក្នុងស្រុក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ថៃ​។

​សាធារណជន​អាច​ទិញ​ទំនិញ​និង​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ផ្ទាល់ខ្លួន​តាមរយៈ​ការ​ស្កេ​ន QR កូដ​។ ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​នេះ នឹង​ផ្តល់​ភាព​ងាយ ស្រួល​ដល់​ភ្ញៀវទេសចរ និង​ពាណិជ្ជករ​រួមទាំង​លើកស្ទួយ​រូបិយវត្ថុ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​និង​ប្រជាជន​ថៃ​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា អាចធ្វើ​ការទូទាត់​តាម QR ដោយ​មិនចាំបាច់​យក​សាច់ប្រាក់​តាម​ខ្លួន​ឬ​ប្តូរប្រាក់​ពី​រូបិយវត្ថុ​ជាតិ​យើង ទៅ​រូបិយប័ណ្ណ​បរទេស ។​

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា​៖ “​ធនាគារជាតិ​នៃ​កម្ពុជា​បានជ្រើសរើស​ធនាគារ​នៅ​កម្ពុជា​ចំនួន​៣​រួមមាន​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ធនាគារ​កម្ពុជា​ពាណិជ្ជ​និង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា​ដើម្បី​សហការ​លើ​ការទូទាត់​តាមរយៈ​ប្រព័ន្ធ QR ឆ្លងដែន​។

​ជាមួយនឹង​ការត្រៀមខ្លួន​រួចជាស្រេច​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី​និង​ធនាគារ SCB​ត្រូវបាន​ជ្រើសរើស​ដើម្បី​សហការគ្នា​គាំទ្រ​លើ​ការទូទាត់​តាមរយៈ​ប្រព័ន្ធ​QR​ឆ្លងដែន​ដោយ​អតិថិជន​របស់​ធនាគា​រ​SCB​អាចធ្វើ​ការទូទាត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​តាមរយៈ​QR​កូដ​កម្ពុជា​និង​អតិថិជន​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី អាចធ្វើ​ការទូទាត់ នៅក្នុង​ព្រះរាជាណាចក្រ​ថៃ តាមរយៈ QR កូដ ថៃ​។

លោក​បណ្ឌិត​បានឱ្យដឹង​ថាៈ​លើសពីនេះទៅទៀត​ព្រះរាជាណាចក្រ​ថៃ​គឺជា​ទិសដៅ​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ​បំផុត​នៅ​ទូទាំង​ពិភពលោក​។​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​SCB​ដែលជា​ធនាគារពាណិជ្ជ​កម្ម​ធំ​បំផុត​នៅ​ព្រះរាជាណាចក្រ​ថៃ នឹង​ជំរុញ​ឲ្យ​បណ្តាញ​ទូទាត់ QR ឆ្លងដែន​របស់ យើង​កាន់តែ​ធំ​ទូលាយ​។ ការរួមបញ្ចូល​នៃ​បច្ចេកវិទ្យា​របស់​ធនាគា​រ​នាំមុខ​ផ្នែក​ឌីជីថល ធនាគារ អេស៊ីលីដា​ភីអិលស៊ី​និង​ធនាគារ SCB​យើង​ជឿជាក់ថា​ភាពជា​ដៃគូ​របស់​យើង​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នកដំណើរ​ក្នុង​តំបន់​”។


​ជាមួយគ្នានេះដែរ Mr. Sarut Ruttanaporn អគ្គនាយក​ធនាគារ SCB បាន​មានប្រសាសន៍ថា​៖ “​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​ឆ្លងដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ថៃ​។​ដោយ​ផ្អែកលើ​ដៃគូ​ជាមួយ​ស្ថាប័ន​ក្នុងស្រុក​នៅ​ប្រទេស​កម្ពុជា​តាម រយៈ​ធនាគារ SCB ឬ​បុត្រ​សម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​គឺ ធនាគារ កម្ពុជា ពាណិជ្ជ​។

​លោក​បាន​គូសបញ្ជាក់ថាៈ​ការទូទាត់​អន្តរ​ប្រតិបត្តិការ​តាមរយៈ​ប្រព័ន្ធ​QR​គឺមាន​សារៈសំខាន់​ណាស់​ពីព្រោះ​ប្រទេស​កម្ពុជា​គឺជា​ទិសដៅ​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ថៃ​ធ្វើដំណើរ ដូចជា​៖​ក្រុង​សៀមរាប ក្រុងព្រះសីហនុ​និង​រាជធានី​ភ្នំពេញ​។​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​មាន​អ្នកប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ចល័ត​ឌីជីថល​ជាង ៤៧ លាន​នាក់​។ ដោយ​ក្នុងនោះ​ធនាគារ SCB មាន​អ្នកប្រើប្រាស់​ច្រើនជាង ១០ លាន​នាក់​ក្នុង​ឆ្នាំ​២០១៩​។​ការទូទាត់​សំណង​អន្តរ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​QR​នឹង​ផ្តល់នូវ​បទពិសោធន៍​កាន់តែ​ប្រសើរ​ដល់​ភ្ញៀវទេសចរ​ថៃ​ដែល​ធ្វើដំណើរ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​ធ្វើការ​ទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​ផ្សេងៗ​​”។

​សូមជម្រាបថា​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​គឺជា​ធនាគារ​លក់រាយ​ដោយមាន​កម្មវិធី​ទូរស័ព្ទ​ចល័ត​ឌីជីថល​របស់ខ្លួន​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត​អនុញ្ញាតឱ្យ​អតិថិជន​និង​សាធារណជន​ទូទៅ​អាចធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ក៏ដូចជា​ប្រតិបត្តិការ​ជំនួញ​តាមរយៈ​ទូរស័ព្ទ​ចល័ត​តាម​តម្រូវការ​បាន​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​។​

​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត​គឺជា​សេវា​ទូរស័ព្ទ​ចល័ត​ធនាគារ​ធំជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​ដែល​អ្នកប្រើប្រាស់​ចុះឈ្មោះ​ជា​ឯកត្តជន​មាន​ចំនួន​១.១៣៤.២៩១​នាក់​និង​៣៣.៦៩៤​នាក់​បាន​ចុះឈ្មោះ​ជា​នីតិបុគ្គល​។​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​មាន​សាខា​ការិយាល័យ​និង​បណ្តាញ​អេ​ធី​អឹម​ធំជាងគេ​និង​មាន​ម៉ាស៊ីន​ឆូត​កាត​ច្រើនជាង ៤.០០០ គ្រឿង​នៅ​ប្រទេស​កម្ពុជា​។​

​ចំណែក​ធនាគារ Siam CommercialBank(SCB)​បាន​បង្កើតឡើង​ដោយ​ធម្មនុញ្ញ​របស់​ព្រះរាជា​ណា​ចក្រ​ថៃ​នៅ​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​១៩០៧​ជា​ធនាគារ​ថៃ​ដំបូង​គេ​។​ក្នុង​រយៈពេល​ជាង​១១០​ឆ្នាំ​នៅក្នុង​អាជីវកម្ម​របស់ខ្លួន​ធនាគារ​បាន​ដើរតួនាទី​នាំមុខគេ​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​តាម​ត្រូវការ​នៅក្នុង​ប្រទេស​ថៃ​ដោយ​អភិវឌ្ឍ​ជំនាញ​យ៉ាង​ស៊ីជម្រៅ​។​

សព្វថ្ងៃ​ធនាគារ​SCB​គឺជា​ធនាគារ​ឈានមុខ​គេ​មួយ​ក្នុងការ​ផ្តល់ប្រាក់​បញ្ញើ​ប្រាក់កម្ចី​និង​មាន​ផលិតផល​និង​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​ទាំងអស់​។​សេវាកម្ម​របស់​ធនាគា​រ​ត្រូវបាន​គាំទ្រ​ដោយ​ការ​ព​ង្រើ​ក​បណ្តាញ​ធនាគារ​និង​បន្ត​ការច្នៃប្រឌិត​ខាង​ផ្នែក​បច្ចេកវិទ្យា​មិន​ឈប់ឈរ​។​

​ក្រោម​ចក្ខុវិស័យ ដើម្បី​បម្រើ​ជា “​ធនាគារ​ដែល​ត្រូវបាន​គេ​កោតសរសើរ​បំផុត​នោះ​” ធនាគារ SCB បាន​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​មួយ​ដែលមាន​ឈ្មោះថា ការផ្លាស់ប្តូរ SCB (SCB Transformation) ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ធនាគារ​និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​រយៈពេល​វែងរ​បស់​ខ្លួន​។

​ផែនការ​ផ្លាស់ប្តូរ​នេះ​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ឧស្សាហកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​កំពុង​ត្រូវបាន​កែទម្រង់​ឡើងវិញ​ដោយ​បច្ចេកវិទ្យា​ឌីជីថល​ការផ្លាស់ប្តូរ​បទ​ប្បញ្ញត្តិ​និង​ឥរិយាបថ​អ្នកប្រើប្រាស់​ថ្មី​។​គិត​ត្រឹម​ឆ្នាំ​២០១៩​ធនាគារ​SCB​បាន​កើន​លើសលុប​នូវ​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​ធនាគារ ចំនួន​១០​លាន​នាក់​និង​ពាណិជ្ជករ​ជាង​១,៥​លាន​នាក់​ដែល​ទទួលយក​ការទូទាត់​តាមរយៈ QR ៕S/​