ធនាគារ​អេស៊ីលីដា​រៀបចំ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ថ្លែងអំណរគុណ​បុគ្គលិក​និង​អតិថិជន​

653
ចែករម្លែក
  • 27
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បានរៀបចំ​ពិធីសូត្រមន្ត ប្រោស​ព្រំ​លើករាសី និង​រៀបចំ​ពិធីជប់លៀង​អបអរសាទរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ជូន​បុគ្គលិក​និង​អតិថិជន​របស់ខ្លួន​។​ពិធី​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០១៩​នៅ​គ្រប់​សាខា​ទាំងអស់​របស់​ធនាគារ​អេស៊ីលីដា​ក្នុង​គោលបំណង​ដើម្បី​ជួបជុំគ្នា​សប្បាយរីករាយ​រឹតចំណង​សាមគ្គីភាព​។​ក្នុងការ​ទំនាក់ទំនង​ការងារ​និង​ជាការ​លើកទឹកចិត្ត​ដល់​គ្រប់​កម្មករនិយោជិត​ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​និង​បញ្ញា​ស្មារតី​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​និង​រីកចម្រើន​ជា​បន្តបន្ទាប់​។
​ ​
​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា​៖ ពិធី​នេះ​ធ្វើឡើង​ដើម្បី​រួមរក្សា​វប្បធម៌​ប្រពៃណីជាតិ​ខ្មែរ​ដ៏​ផូរផង់​ឱ្យ​ឋិត​ឋេ​រ​គង់វង្ស​ជានិច្ច​និរន្តរ៍​និង​ជា​ឱកាស​មួយ​សម្រាប់​ឱ្យ​កម្មករ និយោជិត​ធនាគារ​អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់​ថ្នាក់ គ្រប់​តួនាទី បាន​ជួបជុំគ្នា​រីករាយ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ក្រោយពី​បាន​ខិតខំ​បំពេញការងារ​អស់កម្លាំង​កាយ​ចិត្ត​និង​បញ្ញា​អស់​រយៈពេល​ពេញ​មួយឆ្នាំ​កន្លងមក​ដើម្បី​ទទួលបាន​នូវ​សិរី​មង្គល​សេចក្តីសុខ​ចម្រើន ថាមពល​ថ្មី​ទាំងអស់គ្នា​អំពី​ទេវតា​ឆ្នាំ​ថ្មី ។

​លោក​បណ្ឌិត​បន្តថា​៖​កម្មវិធី​នេះ​ក៏​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន សាធារណជន និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ប្រតិបត្តិការ​របស់​ធនាគា​រ​អេស៊ីលីដា​ភីអិលស៊ី ។​លោក​បន្ថែមថា​មនុស្ស​ទូទៅ​តែងតែ​នឿយហត់​ក្នុង​ការងារ​ចិញ្ចឹមជីវិត​រៀងរាល់ថ្ងៃ ។ ជោគជ័យ​និង​វិប្បត្តិ​ទុក្ខទោស​នានា​រមែង​កើតឡើង​លាយឡំ​ក្នុង​ដំណើរ​ជីវិត​ការងារ​បន្តបន្ទាប់​។​ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​មាន​សិរី​មង្គល បុរាណ​បណ្ឌិត​ខ្មែរ​បាន​បង្កើត​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ក្នុងន័យ​ផ្តល់នូវ​មនោសញ្ចេតនា​ជា​កុសល​ឲ្យ​ទទួលបាន​នូវ​សេចក្តី​សប្បាយរីករាយ​បំភ្លេច​អស់​ទុក្ខ​កង្វល់​ក្នុង​ជីវិត​។​

​ប្រទេស​កម្ពុជា​យើង​កាន់​ព្រះពុទ្ធសាសនា​សេចក្តី​សប្បាយរីករាយ​នេះ​ក៏​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មហាកុសល​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​បុណ្យចូលឆ្នាំថ្មី​កាន់តែ​មានន័យ​ប្រកបដោយ​ប្រយោជន៍​ធំធេង​សម្រាប់​ពលរដ្ឋ​ខែ្មរ ដូចជា ៖ ពិធី​កក់​ស្រង់ ស្រោច​ទឹក ខមាទោស សម្តែង​នូវ​កតញ្ញូ​ចំពោះ​ដូនតា ឪពុកម្តាយ ពិធី​កក់​ស្រង់​ព្រះពុទ្ធ​បដិមា បង្សុកូល​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នកមានគុណ ឬ​សាច់ញាតិ និង​កម្មវិធី​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​សាសនា​ជាដើម ។

​គួរបញ្ជាក់​ថា​ជា​រៀងរាល់ឆ្នាំ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​តែងតែ​រៀបចំ​កម្មវិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ដោយមាន​ការចូលរួម​ពី​សំណាក់​កម្មករនិយោជិត​គ្រប់លំដាប់​គ្រប់​នាទី​និង​ក្រុមគ្រួសារ​ក្នុង​គោលបំណង​ដើម្បី​ជួបជុំគ្នា​សប្បាយរីករាយ​រឹតចំណង​សាមគ្គីភាព​ក្នុង​ទំនាក់ទំនង​ការងារ​និង​ជាការ​លើកទឹកចិត្ត​ដល់​គ្រប់​កម្មករនិយោជិត​ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​និង​បញ្ញា​ស្មារតី​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន ប្រកបដោយ​ជោគជ័យ​និង​រីកចម្រើន​ជា​បន្តបន្ទាប់​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ធនាគារ​ក៏បាន​អញ្ជើញ​អតិថិជន​ក៏ដូចជា​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ចូលរួម​ដើម្បី​ប្រសិទ្ធ​ពរជ័យ​ឆ្នាំ​ថ្មី​ជាមួយ​សមាជិក​មហា​គ្រួសារ​អេស៊ីលីដា​នៅតាម​បណ្ដា​ការិយាល័យ​សាខា​នីមួយៗ​ដោយមាន​កម្មវិធី​កំសាន្ត​សប្បាយ ការ​រាំ​កំសាន្ត​ចង្វាក់​ប្រពៃណី និង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា លាក់កន្សែង ចោល​ឈូង ទាញព្រ័ត្រ និង​បោះអង្គញ់​ជាដើម​៕S/

​ចំណងជើង​រូ​បថ​តៈ​ធនាគារ​អេស៊ីលីដា​កាលពី​ថ្ងៃ​៦​ខែមេសា​ឆ្នាំ​២០១៩​រៀបចំ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​(​រូបៈ​សុផល​)