ធនាគារ​អេស៊ីលីដា សហការ​ជាមួយ​ហាង​ទំនិញ​ជាង​២​រយ ដាក់ឱ្យ​ប្រើប្រាស់​សេវា អេស៊ីលីដា​ទាន់​ចិត្ត ទូទាត់​ប្រាក់ ជំនួស​ការចាយ​សាច់ប្រាក់​សុទ្ធ​

2937
ចែករម្លែក
ធនាគារ​អេស៊ីលីដា សហការ​ជាមួយ​ហាង​ទំនិញ​ជាង​២​រយ ដាក់ឱ្យ​ប្រើប្រាស់​សេវា អេស៊ីលីដា​ទាន់​ចិត្ត ទូទាត់​ប្រាក់ ជំនួស​ការចាយ​សាច់ប្រាក់​សុទ្ធ​

ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​អេស៊ីលីដា ភីអិលស៊ី បានរួម​សហការ​ជាមួយ​បណ្តា​ហាង​ទំនិញ​ជាង​ពីរ​រយ ដែលមាន​មូលដ្ឋាន​បំរើ​សេវាកម្ម​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​២​បានរៀបចំ​ដាក់ឱ្យ​ដំណើរការ ក្នុង​ទូទាត់​សាច់ប្រាក់ ពី​សំណាក់​អតិថិជន ដែល​មក​ទិញ​ទំនិញ នៅ​ផ្សារ អ៊ី​អន​ម៉​ល​ទី​២​នេះ តាមរយ​សេវា អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត​ដែល​ភ្ជាប់​ជាមួយ​ទូរ​សព្ទ័​ស្មា​ត​ហ្វូ​ន ដើម្បី​ដល់​អតិថិជន និង​ប្រជាពលរដ្ឋ ជំនួស​ឱ្យ​ការ​ការចាយ​សាច់ប្រាក់​សុទ្ធ ដែលមាន​សុវត្ថិភាព​។​

​លោកស្រី​បណ្ឌិត សូ​ផន ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិការ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែង​អោយដឹង​បែបនេះ នៅក្នុង​ឱកាស​នៃ​ពិធី​ចម្រើន​មង្គល​ការិយាល័យ​ថ្មី ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​សែន​សុខ មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​២ ក្នុង​ផ្សារ​ទំនើប​អ៊ី​អន ទី​២ (​សាខា​សែន​សុខ​) សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៨ ខែ ឧសភា ឆ្នាំ​២០១៨​។​

​លោកស្រី​បណ្ឌិត សូ ផន​ណា​រី បាន​លើកឡើងថា​«​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​រីកចម្រើន ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ ត្រូវបាន​គេ​មើលឃើញថា មួយចំនួនធំ​បាន​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា ហើយ​ក្នុង​វិស័យ​ធនាគារ ក៏​ដូច្នេះ​ដែរ គឺ​បាន​ផ្លាស់ប្តូរ ការធ្វើ​ប្រតិបត្តិការ​បែប​ចាស់ៗ មក​ធ្វើ​ប្រតិបត្តិការ បែប​ទាន់សម័យ​ប្រភេទ​ឌីជីថល ដើម្បីឱ្យ​ស្របតាម​ការរីក​ចម្រើន នៃ​បច្ចេកវិទ្យា​ដោយបាន​ប្តូរ​ពី​ការដក ឬ​ដាក់​ប្រាក់​តាម​បញ្ជរ​ដែលនាំឱ្យ​ខាត​ពេលវេលា​នៅតាម​ម៉ាស៊ីន​ស្វ័យប្រវត្តិ​និង​ធ្វើ​ប្រតិបត្តិការ ដោយ​ខ្លួនឯង​ជាមួយ​កាត​អេ​ឡិច​ត្រូ​និ​ច ឬ​ស្មា​ត​ហ្វូ​ន ដែល​ពេញនិយម​បំផុត នាពេល​បច្ចុប្បន្ននេះ​។​

​លោកស្រី​អនុប្រធាន​នាយក​ប្រតិបត្តិ បាន​បន្តថា​៖ សេវា​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត​នេះ បាន​បង្កើត​និង​ដាក់ឱ្យ​ប្រើប្រាស់ ជាង​មួយឆ្នាំ​ហើយ ហើយ​អតិថិជន​ដែល​ចង់​ទូទាត់​ប្រាក់​តាម​សេវា​កម្មនេះ គ្រាន់​តែមាន​ទូរ​សព្ព្ទ​ស្មា​ត​ហ្វូ​ន ហើយ​ទាញយក​កម្មវិធី​នេះ ពី Google play ឬ Androi ដាក់​ចូលក្នុង​ទូរស័ព្ទ គឺអាច​ប្រើប្រាស់​បាន ដែល​វី​ធី​នេះ ប្រៀបបាន​ដូច​មាន​ធនាគារ នៅក្នុង​ដៃ​យ៉ាង​ដូច្នោះ​ដែរ​។​

​សូមបញ្ជាក់ថា គិត​ត្រឹមតែ​មេសា​ឆ្នាំ​២០១៨​នេះ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី មានទ្រព្យ សកម្ម សរុប​ជាង ៥,៤៩​ប៊ី​លាន​ដុល្លា​អា​មេ​រិច​,​សមតុល្យ​ឥណទាន​សរុប ៣,១៥​ប៊ី​លាន និង ប្រាក់ បញ្ញើ​សន្សំ សរុប​ចំនួន​៣,៥៧​ប៊ី​លាន​ដុល្លា​អា​មេ​រិច និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័​ចំនួន​៥ មាន​មូល​ដា្ន​ន​នៅ​កម្ពុជា ប្រទេស​ឡាវ និង​ប្រទេស​ភូមា​៕ ល​