ធនាគារ​អ៊ិន​ដាស​ស្ទ្រៀ​ល​ប៊ែ​ង​របស់​រដ្ឋ​កូរ៉េ វិនិយោគ​នៅ​កម្ពុជា ជួយ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម

1308
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្រោយពី​បង្កើត​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អស់​រយៈពេល​៣​ឆ្នាំ​នៅ​កម្ពុជា ធនាគារ​សាធារណរដ្ឋ​កូរ៉េ​មួយ បានសម្រេច​ចិត្ត​វិនិយោគ​ជា​ផ្លូវការ​ដើម្បី​ទ្រទ្រង់​អាជីវកម្ម​ខ្នាតតូច និង មធ្យម (SME) របស់​កម្ពុជា​និង​ក្រុមហ៊ុន​នានា​របស់​សាធារណរដ្ឋ​កូរ៉េ​ដែល​កំពុង​បណ្តាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ធនាគារ​អ៊ិន​ដាស​ស្ទ្រៀ​ល ប៊ែ​ង អ​ហ្វ ខូ​រៀ (​ហៅ​កាត់​ថា​ធនាគារ IBK) បាន​បើកសម្ពោធ​ជា​ផ្លូវការ​សាខា​ទីមួយ​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល ឡឺ រ៉ូយ៉ាល់​។​ការប្រគល់​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ និង​ការ​កាត់​ខ្សែបូរ​សម្ពោធ​សាខា​ធនាគារ​IBK មានការ​ចូលរួម​ពី​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​។

​សូមជម្រាបថា​៖ ធនាគារ IBK បាន​បើក​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ខែមករា ឆ្នាំ​២០១៥ និង​បានទទួល​អាជ្ញាប័ណ្ណ​ជាគោលការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ខែមេសា ឆ្នាំ​២០១៨ ហើយ​ឈាន​មកដល់​ការបើក​សម្ពោធ​ជា​ផ្លូវការ​របស់ខ្លួន​នៅថ្ងៃនេះ​។​

​លោក​គីម ដូ​ជីន​( Kim Do-Jin) ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​របស់​ធនាគារ បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ​ថា​៖« ធនាគារ IBK ជាធ​នាគា​របស់​រដ្ឋ​កូរ៉េ​មួយ ដែលមាន​ចក្ខុវិស័យ​ជា​ចំបង​ក្នុងការ​ទ្រទ្រង់​អាជីវកម្ម​ខ្នាតតូច និង មធ្យម (SME) ហើយ​គោលបំណង​សំខាន់​របស់​ធនាគារ IBK ដែល​ហក់​ចូលមក​ទីផ្សារ​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​ទ្រទ្រង់​ក្រុមហ៊ុន​នានា​របស់​សាធារណរដ្ឋ​កូរ៉េ​ដែល​កំពុង​បណ្តាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា និង អាជីវកម្ម​កម្ម​ក្នុងស្រុក ក៏ដូចជា​ដើម្បី​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ផងដែរ​»​។​ ចាប់តាំងពី​ការកកើតឡើង​នៅក្នុង​ឆ្នាំ​១៩៦១ ធនាគារ IBK បាន​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​របស់ខ្លួន​ក្នុងការ​ផ្តោតលើ​ការផ្តល់​កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​។ នាពេល​បច្ចុប្បន្ន ធនាគារ IBK កំពុង​ឈរ​នៅក្នុង​លំដាប់​លេខ​១ ក្នុងនាម​ជា​ធនាគារ​ដែល​ផ្តល់​កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ច្រើនជាងគេ​នៅក្នុង​សាធារណៈរដ្ឋ​កូរ៉េ​។ បើ​គិត​ត្រឹម​ចុងឆ្នាំ ២០១៧ ធនាគារ IBK បានផ្តល់​កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ក្នុង​ចំនួន​ទឹកប្រាក់​ច្រើនជាង​១៤២ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​៧៨.២​ភាគរយ នៃ​កម្ចី​សរុប​របស់ខ្លួន និង​ស្មើនឹង​២២.៤​ភាគរយ នៃ​ចំណែក​ទីផ្សារ​ក្នុង​វិស័យនេះ​នៅ​សាធារណរដ្ឋ​កូរ៉េ​។​
​បើ​យោងតាម​ការចេញផ្សាយរ​ប​ស់ទស្ស​នាវ​ដ្តី Global Finance នៅក្នុង​ឆ្នាំ ២០១៧ ធនាគារ IBK ឈរ​នៅ​លំដាប់​លេខ​២០ ក្នុងចំណោម​ធនាគារ​៥០​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុង​ពិភពលោក​និង​ឈរ​នៅ​លំដាប់​លេខ​៣​ក្នុងចំណោម​ធនាគារ​៥០ ដែលមាន​សុវត្ថិភាព​បំផុត ក្នុងប្រទេស​ដែលមាន​ទីផ្សារ​កំពុងអភិវឌ្ឍន៍​។​

​លោក គីម ដូ​ជីន បាន​មានប្រសាសន៍​បន្ថែមថា​៖ ក្នុងនាម​ជា​ធនាគារ​រដ្ឋ​មួយ IBK នឹង​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ដ៏​សម្បូរបែប​ដែល​សក្តិសម​សម្រាប់​អាជីវកម្ម​នានា​ដែល​ទើប​បង្កើត​ថ្មី និង​អាជីវកម្ម​ខ្នាតតូច ក្រោម​គោលដៅ​ក្នុង​ការជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ និង​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​លោកនាយក​ប្រតិបត្តិ បានឱ្យដឹង​ផងដែរ​ថា​៖​បច្ចុប្បន្ន​ធនាគារ IBK បើក​ដំណើរការ​សាខា​ដំបូង​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​ទីតាំងនៅ​ទីក្រុង​អូ​ឡាំ​ព្យ៉ា តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត (​រង្វង់​មូល​នាង​គ​ង្ហី​ង​) ហើយ​ធនាគារ​ក៏មាន​គម្រោង​ពង្រីក​បណ្តាញ​សាខា​របស់ខ្លួន​បន្ថែម​នៅក្នុង​ពេលអនាគត​ដ៏​ខ្លី នៅ​យ៉ាងយូរ​នៅត្រឹម​ដើមឆ្នាំ​២០២០​ខាងមុខនេះ​។​

​លោក ហាំ ចុង​ហាន់ (Hahm Jeong Han) ឯកអគ្គរដ្ឋទូត​ស្តីទី​នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បាន​ថ្លែងថា​៖ ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ផ្តោតលើ​ការលើកកម្ពស់​សហគ្រាស​ខ្នាតតូច​និង​មធ្យម ជា​គោលនយោបាយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាមរយៈ​កិច្ចសហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​នានា​។ ក្នុងន័យនេះ ការចាប់​ដំណើរការ​រ​បស់​សាខា​ធនាគារ IBK នៅ​ភ្នំពេញ នឹង​ដើរតួនាទី​ដ៏​សំខាន់​ទាក់ទង​ទៅនឹង​គោលនយោបាយ​សេដ្ឋកិច្ច​និង​ចក្ខុវិស័យ​របស់​ប្រទេស​កម្ពុជា ហើយក៏​អាច​វាយតម្លៃ​ជាការ​រីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ប្រវត្តិ​បណ្តាក់ទុន នៃ​ស្ថាប័នហិរញ្ញវត្ថុ​កូរ៉េ ខណៈដែល ស្ថាប័ន​នៃ​ហិរញ្ញវត្ថុ​កូរ៉េ​ចំនួន​១៧​កំពុងមាន​ម​សកម្មភាព​យ៉ាងសកម្ម​នៅ​កម្ពុជា​។​

​លោក​បាន​លើកឡើងថា​៖ ធនាគារ IBK ជា​ធនាគារ​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​តែមួយគត់​ដ៏​ល្បីឈ្មោះ​នៅ​ប្រទេស​កូរ៉េ ហើយក៏​ជា​ធនាគារ​ខ្នាត​ធំ​របស់​ប្រទេស​កូរ៉េ ដែលមាន​ភាព​ប្រកួតប្រជែង​នៅលើ​ពី​ភព​លោក​និង​ជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​រឹងមាំ ដែលមាន​សមត្ថភាព​និង​បទពិសោធន៍​រយៈពេល​យូរ ក្នុងការ​គ្រប់គ្រង​ហានិភ័យ ព្រមទាំង​ការលើកកម្ពស់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ផងដែរ​។ ធនាគារ​IBK​មាន​សមត្ថភាព​ខ្ពស់​ក្នុង​កិច្ចការងារ​គ្រប់គ្រង​លើ​ហានិភ័យ​ដោយ​នៅក្នុង​កំឡុង​វិបត្តិ​រូបិយប័ណ្ណ​បរទេស​នៅ​ប្រទេស​កូរ៉េ​ឆ្នាំ​១៩៩៧ និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ​២០០៧ ធន​គារ​នេះ ធ្លាប់បាន​រួមសហការ​គ្នា​ជាមួយ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ក្នុងការ​ជំនះ​នូវ​ហានិភ័យ​យ៉ាង​ប៉ិនប្រសប់​។ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា​ធនាគារ IBK នឹង​អនុវត្ត​តួនាទី​របស់ខ្លួន​យ៉ាង​ល្អប្រសើរ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ផ្នែក​ហិរញ្ញវត្ថុ​កម្ពុជា​។​

​ចំណែក​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​សម្តែង​ការគាំទ្រ​និង​ស្វាគមន៍ ចំពោះ​ការ​ចូលមក​វិនិយោគ​របស់​ធនាគារ​នៅ​កម្ពុជា និង​សាទរ ដែល​ធនាគា​រវិ​វ​ឌ្ឍ​ពី​ការិយាល័យ​តំណាង​មកជា​ធនាគារពាណិជ្ជ​ដ៏​ធំ​មួយ​។​

​លោក​បាន​គូសបញ្ជាក់ថា​« វត្តមាន​របស់​IBK បានបង្ហាញ​ពី​ជំនឿ​ទុកចិត្ត ការគាំទ្រ និង​ការរួមចំណែក​កាន់តែច្រើន​របស់​វិនិយោគិន​នៃ​សាធារណរដ្ឋ​កូរ៉េ មកលើ​ការវិវឌ្ឍ​រីកចម្រើន​នៃ​វិស័យ​ធនាគារ​និង​ហិរញវត្ថុ​នៅ​កម្ពុជា ព្រមទាំង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ​និង​ធនាគារ​នៅ​កម្ពុជា​»៕ ល​