ធនាគារ​អ​អេ​ច​ប៊ី​ពង្រឹង​ឋានៈ​តួនាទី​របស់ខ្លួន​នៅ​កម្ពុជា​

1016
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ធនាគារ អ​អេ​ច​ប៊ី​ឥណ្ឌូ​ឆៃ​ណា (RHB Indochina Bank Limited) ដែលជា​សមាជិក​របស់​ក្រុមហ៊ុន​RHB Banking Group​បាន​ត្រៀមខ្លួន​ពង្រឹង​តួនាទី​និង​ឋានៈ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ឥណ្ឌូចិន​នៅ​ឆ្នាំក្រោយ តាមរយៈ​ការជំរុញ​ការពង្រីក​សេវា​ធនាគារ​លក់រាយ និង​ការលើកកម្ពស់​សេវា​ធនាគារ​តាម​ប្រព័ន្ធ​ឌីជីថល​។​

​ក្នុងចំណោម​អាទិភាព​សំខាន់ៗ​ក្នុង​ឆ្នាំ ២០១៩ ធនាគារ RHB Indochina មានបំណង​ដាក់ចេញ​នូវ​យុទ្ធនា​ការប្រាក់​បញ្ញើ​ដើម្បី​ទាក់ទាញ​ប្រាក់​បញ្ញើរ​ជា​ប្រាក់​ដុល្លារ​និង​ប្រាក់រៀល​ជាពិសេស​គណនី​ចរន្ត​និង​គណនី​សន្សំ (CASA) និង ដើម្បី​បង្កើន​ផលប័ត្រ​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ចំនួន ១២ ភាគរយ​។ ធនាគារ RHB Indochina កំពុង​ស្វែងរក​ការទទួលប្រាក់​បញ្ញើ​ឲ្យ​បាន​ចំនួន​៥៧៥ លាន​ដុល្លារ​អាមេរិក និង​រក្សា​សមាសភាព CASA ឲ្យ​នៅ​កម្រិត ៤៥ ភាគរយ​នៃ​អាជីវកម្ម​របស់ខ្លួន​។ ធនាគារ RHB Indochina ក៏​នឹង​ពង្រីក​ផលិតផល និង​ការផ្តល់​សេវាកម្ម​របស់​ខ្លួន​ផងដែរ ដើម្បី​បំពេញតម្រូវការ​ដែល​កំ​ពុង​កើនឡើង​របស់​សហគម​ន៍​ធុរកិច្ច និង​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការដាក់​ដំណើរការ​សេវាកម្ម Premier Banking (PB) ប្រអប់ប្រាក់​បញ្ញើ​សុវត្ថិភាព (SDB) និង​ប័ណ្ណ​ឥណ​ពន្ធ​។​

​នៅក្នុង​ពិធី​គម្រប់​ខួប​លើក​ទី​១០​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែតុលា ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ធនាគារ RHB Indochina បាន​បើក​ដំណើរការ​កម្មវិធី​សេវាកម្ម​ធនាគារ​ចល័ត​របស់ខ្លួន ដែល​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធ​ធនាគារ​សាមញ្ញ រហ័ស និង​ប្រកបដោយ​គុណភាព​។ កម្មវិធី​ថ្មី​នេះ​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​មើល​គណនី​របស់​ពួកគេ​បាន​តាម​អ៊ី​ន​ធើ​ណិ​ត ទូទាត់​វិក័យប័ត្រ ផ្ទេរប្រាក់ បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ និង​ផ្ទេរ​សាច់ប្រាក់​តាមរយៈ RHB Pay Anyone ដោយ​ប្រើប្រាស់​អ៊ីមែល ទូរស័ព្ទ ឬ​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​មិនចាំបាច់​ត្រូវការ​លេខ​គណនី​ធនាគារ​។

​ចាប់តាំងពី​ការបើក​ដំណើរការ​សេវា​ធនាគារ​តាម​អ៊ី​ន​ធើ​ណិ​ត RHB Now នៅ​ខែកញ្ញា ឆ្នាំមុន ធនាគារ RHB Indochina មាន​អ្នកប្រើប្រាស់​សកម្ម​ជាង ៤.០០០ ពាន់​នាក់​។​

​ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​លើក​ទី​១០ លោក Dato ‘Khairussaleh Ramli នាយក​គ្រប់គ្រង​សម្ព័ន្ធ​របស់​ក្រុមហ៊ុន RHB Banking Group និង​ជា​ប្រធាន​ធនាគារ RHB Indochina Bank បាន​មានប្រសាសន៍ថា​៖“​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដែល​ចូលរួមចំណែក​ពី ៤០​ទៅ​៥០ ភាគរយ​នៃ​ការងារ​សរុប និង​សកម្មភាព​អាជីវកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ក្នុងនាម​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​ដែល​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ពហុ​ជាតិ​ដែលមាន​វត្តមាន​ក្នុងប្រទេស​ចំនួន​៩​នៅ​ទូទាំង​តំបន់​អាស៊ាន នៅ​ទីក្រុង​ហុងកុង​និង​ប្រទេស​ចិន​ធនាគារ RHB ស្ថិតក្នុង​គោលជំហរ​រឹងមាំ​ក្នុងការ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ឲ្យ​ទទួលបាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន និង​ដោយ​ផ្តល់ឱកាស​សម្រាប់​ទំនាក់​ទំនង និង​បណ្តាញ​ធុរកិច្ច តាមរយៈ​បេសកកម្ម​ពាណិជ្ជកម្ម​ដែល​ត្រូវបាន​រៀបចំឡើង​ទៅកាន់​ទីផ្សារ​សំខាន់ៗ​ជាទី​ដែល​ធនាគារ RHB មាន​វត្តមាន​”​។​

​លោក​បាន​បន្ថែមថា​៖ “​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ យើង​នឹង​បន្ត​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា សហគមន៍​ធុរកិច្ច និង​ប្រជាជន​កម្ពុជា ជាទូទៅ​តាមរយៈ​ការពង្រឹង​ការផ្តល់ជូន​ផលិតផល​របស់​យើង ជាមួយនឹង​ដំណោះស្រាយ​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ ដែល​ផ្តល់ជូន​ដល់​អតិថិជន​នៅ​ផ្នែក​ផ្សេងៗ ក្នុងប្រទេស​កម្ពុជា​។ យើង​ក៏​នឹង​បន្ត​សហការ​ជាមួយ​សហគមន៍​ធុរកិច្ច​ក្នុងស្រុក​ផងដែរ ដើម្បី​លើកកម្ពស់​ឱកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ដីគោក​និង​ដែនសមុទ្រ​”​។​

​លោក​លីម លូ​ង​សេង អគ្គនាយក​ធនាគារ​ធ​នាគារ​អ​អេ​ច​ប៊ី​ឥណ្ឌូ​ឆៃ​ណា​បាន​មានប្រសាសន៍ថា RHB IndoChina បានចាប់ផ្តើម​ដំណើ​ា​រការ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០០៨ ក្នុងនាម​ជា​ធនាគារ OSK Indochina Bank ហើយ​នៅ​ខែមេសា ឆ្នាំ ២០១៣ ធនាគារ OSK Indochina Bank បាន​ក្លាយជា​សមាជិករ​បស់​ក្រុមហ៊ុន RHB Banking Group​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​សម្ព័ន្ធ​មាន​សាខា​ចំនួន ១២​ក្នុងប្រទេស​កម្ពុជា ដែល​ក្នុងនោះ​សាខា​ចំនួន ៨ មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​ចំនួន ៤ នៅក្នុង​ខេត្ដ​បាត់ដំបង សៀមរាប កំពង់ចាម និង​ព្រះសីហនុ​។ ប្រតិ​ប​តិ្ត​ការ​នៅ​កម្ពុជា ធនាគារ​មាន​បុគ្គលិក​ចំនួន ២៥០ ។​

​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០១៨ ធនាគារ RHB Indochina បាន​កត់ត្រា​កំណើន​ប្រាក់កម្ចី​ចំនួន ៥៣ លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ប្រាក់​បញ្ញើ​របស់​អតិថិជន ក៏​កើនឡើង​យ៉ាងរឹងមាំ​ផងដែរ​ចំនួន ១៣០ លាន​ដុល្លារ ដោយមាន​កំណើន​តុល្យភាព​ខ្លាំង​ពី CASA​។ កំណើន​ប្រាក់​បញ្ញើ​អតិថិជន បាន​ជួយ​ឲ្យ​មាន​កំណើន​ទ្រព្យសកម្ម​ចំនួន ២១,៧ លាន​ដុល្លារ​អាមេរិក​។​អនុ​បាត​ចំណាយ​ធៀប​នឹង​ចំណូល (CIR)​នៅតែមាន​សុខភាព​ល្អ ហើយ​ត្រូវបាន​រក្សា​ឲ្យ​ស្ថិតនៅក្រោម​១,១​ភាគរយ​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០១៨ ធៀប​នឹង​គោលដៅ​ឆ្នាំ ២០១៨ ដោយសារតែ​ការចំណាយ​ប្រតិបត្តិការ (OPEX) ទាប​ជាង​មុន​។ ជារួម ក្រុមហ៊ុន​សម្ព័ន្ធ មាន​ភាព​វិជ្ជមាន​ចំពោះ​លទ្ធភាព​ទទួលបាន​ប្រាក់ចំណេញ​នៃ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា​របស់ខ្លួន ហើយនឹង​អាច​បិទ​បញ្ចប់​ឆ្នាំនេះ​ជាមួយនឹង​លទ្ធផល​ល្អ​ជាង​មុន​។​

​នៅ​ឆ្នាំនេះ ធនាគារ RHB Indochina ប្រារព្ធ​ខួប​លើក​ទី ១០ របស់ខ្លួន ហើយ​បានរៀបចំ​យុទ្ធនាការ​អតិថិជន​ជា​បន្តបន្ទាប់ ដែល​រួមមាន​ការលើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល ដើម្បី​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​របស់​ធនាគារកណ្តាល ព្រមទាំង​ផ្តល់រ​ង្វាន់​ដល់​អតិថិជន​ស្មោះត្រង់​របស់ខ្លួន​ផងដែរ​។ ក្នុងចំណោម​ការផ្តល់ជូន​នានា រួមមាន​ទាំង​យុទ្ធនាការ “Amazing 10“ ដែល​ផ្តល់ជូន​អត្រា​ការប្រាក់​ប្រចាំឆ្នាំ​រហូតដល់ ១០ ភាគរយ​សម្រាប់​ប្រាក់​បញ្ញើ​មាន​កាលកំណត់​សម្រាប់​ទាំង​អតិថិជន​ជា​ធុរកិច្ច និង​ជា​អ្នកប្រើប្រាស់​។​

​លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាល​ង​ធនាគារជាតិ​នៃ​កម្ពុជា បាន​អបអរសាទរ​និង​សរសើរ​ចំពោះ​សមិទ្ធផល​ដ៏​ល្អប្រសើរ​និង​កា​ខិតខំ​របស់​ធនាគារ RHB Indochina ក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក​។​


​លោក​បាន​លើកឡើងថា​៖​ការឈាន​ជើង​ចូល​របស់​ធនាគារ​អ​អេ​ច​ប៊ី​ឥណ្ឌូ​ឆៃ​ណា​នៅក្នុង​ទីផ្សារ​កម្ពុជា​គឺ​បានបង្ហាញ​ពី​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​ម៉ាឡេស៊ី​ចំពោះ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​លើសពីនេះ​ទៀត​ជោគជ័យ​របស់​ធនាគារ​អ​អេ​ច​ប៊ី​ឥណ្ឌូ​ឆៃ​ណា​ក្នុង​បរិបទ​ប្រកួតប្រជែង​ខ្ពស់​ក្នុង​វិស័យ​ធនាគារ​នាពេល​បច្ចុប្បន្ន​បាន​បង្ហាញថា​ធនាគារ​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ក៏ដូចជា​ជំរុញ​ការរីកលូតលាស់​ដល់​វិស័យសេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​តាមរយៈ​ការពង្រីក​ប្រតិ​ប​ត្ដិ​ការ អាជីវកម្ម​ការផ្ដល់​នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​នានា ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​ថ្មីៗ​របស់​អតិថិជន​ការបង្កើន​ដើមទុន​ជា​បន្តបន្ទាប់​ស្របតាម​ទំហំ និង​វិសាលភាព​នៃ​ធនាគារ និង​ពង្រឹងសមត្ថភាព​បុគ្គលិក ដើម្បី​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​ឥតឈប់ឈរ​របស់​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​៕ ល​