ធនាគារ​ឯកទេស​វី​ង និង ម៉ាន់​នី​ហ្គ្រា​ម ចាប់​ដៃគូ​សហការគ្នា ដើម្បី​ភាពងាយស្រួល​នៃ​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​

527
ចែករម្លែក
  • 16
    Shares

ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ធនាគារ​ចល័ត​នៅ​កម្ពុជា​បានប្រកាស​ពី​ភាពជា​ដៃគូ​របស់ខ្លួន​ជាមួយ​ក្រុមហ៊ុន MoneyGram ដើម្បី​ផ្តល់នូវ​ជម្រើស​បន្ថែម​នៃ​សេវាកម្ម​ផ្ទេរប្រាក់​អន្តរជាតិ​ដែលមាន​ភាពងាយស្រួល​។​

​ភាពជា​ដៃគូ​នេះ​នឹង​នាំមក​នូវ​ភាពងាយស្រួល​បន្ថែមទៀត​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្រៅប្រទេស ហើយ មាន​តម្រូវការ​ផ្ទេរប្រាក់​ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​ដែល​រស់នៅ​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន អតិថិជន​នៅ​កម្ពុជា​អាច​ទទួល​ប្រាក់​ដែល​ផ្ទេរ​ពី​ក្រៅប្រទេស​តាមរយៈ​ក្រុមហ៊ុន MoneyGram​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ឯកទេស​វី​ង​។ នៅក្នុងពេល​បន្តិចទៀត​នេះ អតិថិជន​ក៏​អាច​ទទួលបាន​សេវា​កម្មនេះ នៅតាម​ភ្នាក់ងារ​វី​ង​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង មានប្រសាសន៍ថា វា​គឺជា​កិត្តិយស​មួយ​សម្រាប់​ធនាគារ​ឯក​ទេស​វី​ង ក្នុងការ​ចាប់ដៃ​គូ​សហ​ការ​ជាមួយ​ក្រុមហ៊ុន MoneyGram ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទេរប្រាក់​ធំ​បំផុត​មួយ​នៅលើ​ពិភពលោក ដើម្បី​ចូលរួមចំណែក​ដល់​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្តថា “​ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ដែល​ផ្តល់​ជា​សេវាកម្ម​សម្រាប់​អតិថិជន​ដែល​មិនមាន និង​មិន​ស្ថិតនៅក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា យើង​សង្ឃឹមថា​ភាពជា​ដៃគូ​នេះ នឹង​ផ្តល់​លទ្ធភាព​ជាច្រើន​សម្រាប់​អតិថិជន​រាប់ពាន់នាក់​របស់​យើង​ដែល​ជីវភាព​រស់នៅ​របស់​ពួកគេ​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ចាប់តាំងពី​ក្រុមហ៊ុន​បាន​ណែនាំ​សេវា​ផ្ទេរប្រាក់​អន្តរជាតិ កាល​ពីមួយ​ឆ្នាំមុន “​។​

​លោក Sukesh Malliah នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន MoneyGram ប្រចាំ​តំបន់​ឥណ្ឌូចិន ម៉ាឡេស៊ី និង​ប្រ៊ុយណេ បាន​មានប្រសាសន៍ថា​៖​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វី​ង គឺជា​ជំហាន​មួយទៀត​សម្រាប់ ក្រុមហ៊ុន MoneyGram ដើម្បី​សម្រេចបាន​នូវ​បេសកកម្ម​របស់​ក្រុមហ៊ុន​។​

​លោក Sukesh Malliah បាន​បន្តថា “​នេះ​គឺជា​គោលបំណង​របស់ MoneyGram ក្នុង​ការផ្តល់​សេវាកម្ម​ផ្ទេរប្រាក់​ដែល​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​និង​ងាយស្រួល​ដល់​អតិថិជន​រាប់លាន​នាក់​របស់​យើង ដែល​ពឹងពាក់​លើ​សេវាកម្ម​របស់​យើង​ដើម្បី​ផ្សាភ្ជាប់​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ជុំវិញ​ពិភពលោក​” ។​

​ភាពជា​ដៃគូ​ជាមួយ MoneyGram មាន​រយៈពេល​មួយខែ​បន្ទាប់ពី Wing បាន​ណែនាំ​សេវាកម្ម “Wing2World” ដែលជា​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​ដែល​អាច​ឲ្យ​អតិថិជន​ផ្ទេរប្រាក់ និង​ទទួល​ប្រាក់​ពី​ក្រៅប្រទេស​។ តាមរយៈ​សេវាកម្ម​ខុសៗ​គ្នា​របស់​ដៃគូ​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស​របស់​វី​ង អតិថិជន​របស់ ធនាគារ​ឯកទេស​វី​ង អាច​ចូលទៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដើម្បី​ធ្វើ​ប្រតិបត្តិការ​រ​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស ដូចជា​ប្រទេស​ហ្វីលីពីន​និង​វៀតណាម​ជាដើម​។ អ្នកទទួល​ប្រា​ក់នៅ​កម្ពុជា ក៏​អាច​ទទួល​ប្រាក់​ពី​ជាង​២០០ ប្រទេស តាមរយៈ​ភ្នាក់ងារ​វី​ង​ឬ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​៕ ល​