ធនាគារ​ឯកទេស វី​ង ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ ធនាគារ​កម្ពុជា​ពាណិជ្ជ​លើ​សេវា​ផ្ទេរប្រាក់ និង​ទទួល​ប្រាក់​ពី​ក្រៅប្រទេស​

863
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​ឯកទេស​វី​ង (​កម្ពុជា​) លីមីត​ធី​ត បានប្រកាស​ពី​កិច្ចសហការ​ជា​ដៃគូ​ថ្មី​របស់ខ្លួន ជាមួយ​ធនាគារ​កម្ពុជា​ពាណិជ្ជ (CCB) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​ធនាគារ Siam Commercial Bank (SCB) នៅ​ប្រទេស​ថៃ​។

​កិច្ចព្រមព្រៀង​នេះ បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​សេវា​ផ្ទេរប្រាក់ និង​ទទួល​ប្រាក់​ពី​ក្រៅប្រទេស រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត ដែលមាន​ធនាគារ​ជា​ដៃគូ​របស់​ធនាគារ SCB នៅ​ទីនោះ​។ ភាពជា​ដៃគូ​នេះ នឹង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង នូវ​សេវាកម្ម​ផ្ទេរប្រាក់ និង​ទទួល​ប្រាក់​ដែល​ផ្ញើ​មកកាន់​កម្ពុជា ដោយ​ជួយ​កាត់បន្ថយ​តម្លៃ​សេវា​ផ្ទេរប្រាក់ និង​លើកកម្ពស់​សុវត្ថិភាព នៃ​ប្រតិ​ប​តិ្ត​ការផ្ទេរ​ប្រាក់​។​

​លោក Kamalkant Agarwal ប្រធាន​ជាន់ខ្ពស់​ផ្នែក​ធនាគារ​អន្តរជាតិ​របស់​ធនាគា​រ SCB បាន​និយាយថា ធនាគារ CCB មានការ​ប្តេជ្ញាចិត្ត ក្នុងការ​បម្រើ​ជូន​អតិថិជន​ថៃ និង​កម្ពុជា នូវ​សេវាកម្ម​ដែលមាន​ភាពប្រសើរឡើង​។ ជាមួយនឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ដែល​បាន​ចុះហត្ថលេខា ជាមួយ​ធនាគារ វី​ង នៅ​ថ្ងៃទី​១៧ ធ្នូ ២០១៨​ធនាគារ CCB សង្ឃឹមថា នឹង​ចាប់ផ្តើម​សករាជ​ថ្មី នៃ​សេវាកម្ម​ផ្ញើ​ប្រាក់​ឆ្លង​ប្រទេស​នៅ​កម្ពុជា តាមរយៈ​ការប្រើប្រាស់​អនុភាព នៃ​បច្ចេកវិទ្យា ប្លុក​ឆេន (BlockChain)​។​

​លោក Agarwal បាន​បន្ថែមទៀតថា​៖ “​ភ្នាក់ងារ​វី​ង​ជាង ៦០០០​កន្លែង និង​ជំហរ​ទីផ្សារ​ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា​របស់​ពួកគេ នឹង​ពង្រឹង​ប្រព័ន្ធ​អេកូ (ecosystem) ទូទាត់​ថ្មី​នេះ​បន្ថែមទៀត​។ ធនាគារ CCB នឹង​ដើរតួ​ជា​ស្ពាន​ត​ភ្ជាប់ រវាង​ធនាគារ​ឯកទេស វី​ង និង​ធនាគារ SCB ដើម្បី​ធានាថា ភាពជា​ដៃគូ​នេះ នឹង​ផ្តល់ជូន​នូវ​បទពិសោធន៍​ល្អប្រសើរ​ដល់​អតិថិជន​។ ភាពជា​ដៃគូ​នេះ នឹង​បើកឱកាស​ឱ្យមាន​កិច្ចសហការ​ជាច្រើន​ទៀត នាពេល​អនាគត​រវាង​ធនាគារ​ទាំងពីរ ដោយ​ប្រើប្រាស់​នូវ​ភាពខ្លាំង​របស់ខ្លួន​”​។​

​ធនាគារ​កម្ពុជា​ពាណិជ្ជ (CCB) ជា​ធនាគារពាណិជ្ជ​ដំបូង​គេ​បង្អស់ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩១ ដោយមាន​សាខា​ស្ថិតនៅ​ទីតាំង​យុទ្ធសាស្ត្រ ចំនួន​៤​កន្លែង នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​រួមមាន រាជធានី​ភ្នំពេញ​, ខេត្តបាត់ដំបង​, ខេត្តសៀមរាប និង​ក្រុងព្រះសីហនុ​។ ធនាគារ CCB គឺជា​ធនាគារ​ថៃ​ដំបូង​គេ ដែលមាន​ម៉ាស៊ីន​អេ​ធី​អឹម នៅ​ខាងក្រៅ​ប្រទេស​ថៃ និង​ម៉ាស៊ីន​អេ​ធី​អឹម របស់ខ្លួន​នៅ​កម្ពុជា ចាប់តាំងពី​ខែមករា ឆ្នាំ​២០១១ នឹង​បាន​ក្លាយជា​ផ្នែក​មួយ នៃ​ក្រុម​ម៉ាស៊ីន​អេ​ធី​អឹម​នៅ​កម្ពុជា ក្រោម​គម្រោង “Central Share Switch”​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង បាន​មានប្រសាសន៍ថា ជំហាន​គួរឱ្យ​ចាប់អារម្មណ៍​នេះ គឺ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​នៃ​ដំណើរការ ក្នុង​ការភ្ជាប់​ទំនាក់ទំនង​កម្ពុជា ឲ្យ​ពេញលេញ​ជាមួយ​ពិភពលោក​ទាំងមូល​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា​៖ “​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ អតិថិជន​របស់​វី​ង នឹង​អាច​ទទួលបាន​នូវ​ភាពងាយស្រួល ក្នុងការ​ទទួលបាន​ប្រាក់​ពី​ប្រទេស​ថៃ តាមរយៈ​សេវាកម្ម​របស់​ធនាគារ SCB និង​បណ្តា​ប្រទេស​ផ្សេងទៀត តាមរយៈ​ដៃគូ​របស់​ធនាគារ SCB នៅ​ទូទាំង​ពិភពលោក​។ អ្នកទទួល​នៅ​ប្រទេស​កម្ពុជា អាច​ទទួលបាន​ប្រាក់​បញ្ញើ ពី​ភ្នាក់ងារ​វី​ង​ជាង ៦០០០​កន្លែង ឬ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី “​។​

​បច្ចុប្បន្ន​អតិថិជន​របស់ វី​ង នៅ​កម្ពុជា អាច​ទទួល​ប្រាក់​បញ្ញើ​ពី​ជាង ២០០ ប្រទេស​នៅ​ជុំវិញ​ពិភពលោក ហើយ វី​ង ទើបតែ​បាន​ណែនាំ​សេវាកម្ម Wing2World និង​សេវាកម្ម​ផ្ទេរប្រាក់ ទៅ​ក្រៅប្រទេស រួមមាន​ប្រទេស​ហ្វីលីពីន និង​ប្រទេស​វៀតណាម ។ នៅពេលដែល​សេវា​ផ្ទេរប្រាក់ មកពី​ក្រៅប្រទេស រវាង​ធនាគារ​ទាំងពីរ នឹងត្រូវ​បាន​ណែនាំ​ក្នុង​រយៈពេល​បី​ខែ​ទៀត​នោះ ភាពជា​ដៃគូ​រវាង​ធនាគារ​ឯកទេស វី​ង​និង​ធនាគារ CCB នឹង​នាំមក​នូវ​ការផ្ទេរ​ប្រាក់ ទៅ​ក្រៅប្រទេស រួមមាន​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងទៀត​នៅក្នុង​ពិភពលោក នាពេល​អនាគត​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ពលករ​ខ្មែរ​ជាង​១​លាន​នាក់ នៅក្នុង​ប្រទេស​ថៃ​នៅក្នុង​ឆ្នាំ ២០១៨ ដែល​ភាគច្រើន​នៃ​ពួកគេ បាន​នឹង​កំពុង​ផ្ញើ​ប្រាក់​ត្រលប់មក​ផ្ទះ​វិញ ឲ្យ​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​៕