ធនាគារ ជីប ម៉ុង សម្ពោធ​សាខា​ថ្មី ម្ដង​៣​ដំណាលគ្នា​

505
ចែករម្លែក

ដោយ​៖ ក្រុមហ៊ុន / ភ្នំពេញ​: ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​បើកសម្ពោធ​៣​សាខា​បន្ថែមទៀត​ព្រមៗ​គ្នា គឺ​សាខា​បឹង​សាឡាង សាខា​ផ្សារ​ដើមថ្កូវ និង​សាខា​ទួលគោក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ជាមួយនឹង​ការផ្ដល់​វត្ថុ​អនុស្សាវរីយ៍​ពិសេស​ជូន​អតិថិជន ដែល​មក​បង្កើត​គណនី​នៅ​សាខា​ថ្មី​ទាំង​៣ ចន្លោះ​ពីថ្ងៃ​ទី​៩ ដល់ ថ្ងៃទី ៣០ ខែកញ្ញា​។

​លោក យូ វ៉ាន់​កាប់ អគ្គនាយក​ធនាគារ ជីប ម៉ុង បាន​លើកឡើងថា​៖ «​បើទោះបី​យើង​ទើបនឹង​បើក​ដំណើរការ​ធនាគារ ជីប ម៉ុង បាន​ត្រឹម​៩​ខែ​ក្ដី ប៉ុន្តែ​អតិថិជន​ជាច្រើន​បាន​គាំទ្រ​សេវាកម្ម​របស់​យើង ដូច្នេះ​ថ្ងៃនេះ​យើង​បាន​ពង្រីក​សាខា​បន្ថែមទៀត សរុប​ធនាគារ​របស់​យើង​មាន​៥​ទីតាំង​ហើយ​នៅ​រាជធានី​ភ្នំពេញ​»​។

​សាខា​បឹង​សាឡាង ស្ថិតនៅ​អគារ​លេខ​១៩H ផ្លូវ​២៧១ សាខា​ផ្សារ​ដើមថ្កូវ ស្ថិតនៅ​អគារ​លេខ​៣៧ ផ្លូវ​២៧១ និង​សាខា​ទួលគោក ស្ថិតនៅ​អគារ​លេខ​១៦ និង​១៨ ផ្លូវ​១៩២៨ ដែលជា​ទីតាំង​ថ្មី​៣​បន្ថែម​ពីលើ​ការិយាល័យ​កណ្ដាល ស្ថិត​លើ​មហាវិថី​ម៉ៅ​សេទុង និង​សាខា នរោត្តម ស្ថិតនៅលើ​មហាវិថី​ព្រះ​នរោត្តម​។

​ឆ្លៀតឱកាស​នេះដែរ លោក វ៉ាន់​កាប់ ក៏បាន​លើកទឹកចិត្ត​សាធារណជន​ទូទៅ ជាពិសេស​អ្នក​ដែលមាន​ទីលំនៅ​ជិត​សាខា​ថ្មី​ខាងលើ អាច​ចូលរួម​ស្វែងយល់​ពី​សេវាកម្ម​ធនាគារ​និង​ប្រូ​ម៉ូ​សិន​ថ្មីៗ ពិសេសៗ នៅតាម​ទីតាំង​ខាងលើ​។

​គួរ​បញ្ជាក់ថា ធនាគារ ជីប ម៉ុង គឺជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង​។ ធនាគារ​នេះ​អនុញ្ញាតិ​ឱ្យ​អតិថិជន​ដក​ប្រាក់​ដោយ​មិនបាច់​ប្រើ​កាត និង​អាច​ជ្រើសរើស​លេខ​គណនី​ធនាគារ​ដោយ​ខ្លួនឯងបាន​៕