ធនាគារ ស៊ី​អាយ​អឹម​ប៊ី ទទួលបាន​ពានរង្វាន់​ធនាគារ​អន្តរជាតិ​ល្អ​បំផុត​នៅ​កម្ពុជា​

663
ចែករម្លែក

ដោយ:សុផល/​ភ្នំពេញ ៖ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បាន​ឈ្នះ​ពានរង្វាន់ «​ធនាគារ​អន្តរជាតិ​ល្អ​បំផុត​នៅ​កម្ពុជា​» ពី​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ Asiamoney ប្រចាំឆ្នាំ​២០១៨​។​

ដំណើរការ​របស់ Asiamoney ក្នុងការ​ជ្រើសរើស​ធនា​គារ​អន្តរជាតិ​ល្អ​បំផុត នៅ​កម្ពុជា ត្រូវ​ឆ្លងកាត់​ការសិក្សា ទាំង​បរិមាណ​វិស័យ និង​គុណភាព​វិស័យ ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ​។ លើសពីនេះ​ក៏មាន​ការសិក្សា​ទៅលើ​ពាក្យស្នើសុំ​ពី​គ្រប់​ធនាគារ ដែល​ចូលរួម​និង​តាមរយៈ​កិច្ចសម្ភាសន៍ ពី​អ្នកវិភាគ​ឯករាជ្យ​លើ​វិស័យ​ធនាគារ​ផងដែរ​។ ជា​លទ្ធផល ដោយ​ផ្អែកលើ​សមិទ្ធផល និង​ចំណុច​លេចធ្លោ​ចម្បងៗ​របស់ខ្លួន ធនាគារ​CIMB ទទួលបាន​ពានរង្វាន់ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​នេះ លើ​ចំណោម​ធនាគារ​អន្តរជាតិ​ដែលមាន​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា ។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា​ឆ្នាំ​២០១៩​នៅ​ធនាគារ​ស៊ី​អាយ​អឹម​ប៊ី​អគារ​អ៊ិ​ច​ឆេង​សា​គ្វែរ រាជធានី​ភ្នំពេញ លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន មានប្រសាសន៍​ឱ្យដឹងថា​៖ «​តាងនាម​ឲ្យ​ធនាគារ CIMB ទាំងមូល ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្រៃលែង ដែល​ទទួលបាន​ពានរង្វាន់​ជា​ធនាគារ​អន្តរជាតិ​ល្អ​បំផុត​នៅ​កម្ពុជា​នេះ​។ ការ​ឈ្នះ​ពានរង្វាន់​នៅពេលនេះ​គឺជា​ភស្តុតាង​បញ្ជាក់​ពី​សក្តានុពល​របស់​ធនា​គារ CIMB អំពី​គុណភាព​សេវាកម្ម និង​ផលិតផល​ធនាគារ​ល្អ​ប្រពៃ​របស់ខ្លួន នៅក្នុង​ទីផ្សារ​កម្ពុជា ដែល​ត្រូវបាន​វាយតម្លៃ និង​ទទួលស្គាល់​ជា​អន្តរជាតិ ពី​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​ល្បីឈ្មោះ Asiamoney»​។​

លោក​បាន​បញ្ជាក់ថា​៖ «​កត្តា​ដែល​នាំ​ឲ្យ​ធនាគារ CIMB ឈ្នះ​រង្វាន់​ដ៏​ពិសេស​នេះ គឺ​កើតឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈ​គ្រប់គ្រង និង​បុគ្គលិក របស់​ធនាគារ CIMB ទាំងមូល ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ជាពិសេស​ការ​តែងតែ​ជឿទុកចិត្ត ពី​សំណាក់​អតិថិជន មកលើ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នាពេល​កន្លងមក​»​។​

មិនតែប៉ុណ្ណោះ លោក ប៊ុន យីន បាន​បន្ថែមទៀតថា Asiamoney​បាន​ជ្រើស​យក​កត្តា​មួយចំនួន ក្នុងការ​វាយតម្លៃ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល​ជា​ធនាគារ​អន្តរជាតិ បណ្ណ​ឥណទាន សេវាកម្ម​ធនាគារ​ជាន់ខ្ពស់ (Preferred ឬ Priority Banking)​ក្នុងប្រទេស​កម្ពុជា សេវាកម្ម​គ្រប់គ្រង​សាច់ប្រាក់ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​ការ​ប្តូរប្រាក់ ព្រម​ទាំង​​អាជីវកម្ម​ទីផ្សារ​ទុន​បង្វិល​។ Asiamoney ក៏​ផ្តល់​ពិន្ទុ​បន្ថែម ទៅលើ​ធនាគារ​ណា ដែល​អាច​ផ្តល់​សេវាកម្ម ឆ្លង​ប្រទេស​ផងដែរ ហើយ​កត្តា​ដែល​យកមក​វាយតម្លៃ​ខាងលើនេះ គឺ​ស្របទៅនឹង​អ្វី ដែល​ធនាគារ CIMB បាន​ផ្តល់ជូន និង​លើកកម្ពស់​សេវាកម្ម ដល់​អតិថិជន​របស់​ខ្លួន​។​

គួរ​ជ​ម្រា​វ​ថា​ធនាគារ​CIMB រក្សាបាន​អភិបាលកិច្ច​ល្អ​របស់ខ្លួន រួម​នឹង​កំណើន​ជា​រៀងរាល់ឆ្នាំ​ដែល​ជាក់ស្តែង ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ប្រាក់ចំណេញ​មុន​បង់ពន្ធ​របស់​ធនាគា​រ បាន​កើនឡើង​រហូតដល់ ៧​ដង ពី​២​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៤ ដល់ ១៤​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨​។ ហើយ​ទ្រព្យសកម្ម​របស់​ធនាគា​រ​បាន​កើនឡើង ជាង ២​ដង ពី ៣៥៣​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៤ រហូតដល់ ៨៦៥​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨​។

​ភាព​រីកចម្រើន ប្រកបដោយ​ស្ថេរភាព និង​សុភ​វិនិច្ឆ័យ​នេះ បាន​ជំរុញ​ឲ្យ​មាន​ភាព​រីកចម្រើន នៃ​ទំហំ​ឥណទាន និង​ប្រាក់​បញ្ញើ​របស់​ធនាគារ CIMB ជាមួយនឹង​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ ៣២​ភាគរយ និង ៣០​ភាគរយ ពី​២០៩​លាន​ដុល្លារ​អាមេរិក និង​២៦៥​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៤ រហូតដល់ ៥៤៥​លាន​ដុល្លារ​អាមេរិក និង ៧០០​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨​។ ធនាគារ CIMB ក៏​រក្សាបាន​នូវ​គុណភាព​នៃ​ឥណទាន​គ្រប់​ប្រភេទ ដែល​បានផ្តល់​ដល់​អតិថិជន​របស់ខ្លួន​ផងដែរ ជាមួយនឹង​កម្រិត​ឥណទាន​មិន​ដំណើរការ​ទាប ០,១៩ ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​វិស័យ​ធនាគារ​ទាំងមូល​មាន​រហូតដល់ ២,៤០​ភាគរយ​។​

​ជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប​ដែលមាន​បណ្តាញ​យ៉ាង​ទូលំទូលាយ ក្នុង​តំបន់​អាស៊ាន ធនាគារ CIMB ក្នុងប្រទេស​កម្ពុជា បានផ្តល់​ឲ្យ​អតិថិជន​របស់ខ្លួន នូវ​សេវាកម្ម និង​ផលិតផល ទាំង​នៅក្នុង​ស្រុក​និង​ឆ្លង​តំបន់ ប្រកបដោយ​អត្ថប្រយោជន៍​ខ្ពស់​។ ជាមួយនឹង​សេវាកម្ម​បណ្តាញ​អេ​ធី​អិ​ម​ប្រចាំ​តំបន់​អតិថិជន​អាច​ដក​ប្រាក់​នៅតាម​ម៉ាស៊ីន​អេ​ធី​អិ​ម​ដោយ​ឥតគិតថ្លៃ ក្នុង​តំបន់​អាស៊ាន ទៅតាម​រូបិយ​បណ្ណ​ប្រទេស​នីមួយៗ​ជាមួយនឹង​អត្រា​ប្តូរប្រាក់​ដ៏​ល្អប្រសើរ​។ តាមរយៈ​សេវាកម្ម​ធនាគារ​ជាន់ខ្ពស់ CIMB Preferred អតិថិជន​អាច​រីករាយ​នឹង​បុព្វសិទ្ធិ​ពិសេស សម្រាប់​ការប្រើប្រាស់​សេវាកម្ម​ធនាគារ និង​អត្ថប្រយោជន៍​ដ៏​សម្បូរបែប​ជាច្រើន​ទៀត ទូទាំង​តំបន់​អាស៊ាន​ផងដែរ​។
​ក្រៅពីនេះ អតិថិជន​របស់​ធនា​គារ CIMB អាច​ផ្ទេរប្រាក់​ឆ្លង​ប្រទេស កាន់តែ​ឆាប់​រហ័ស ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ក្នុង​ថ្ងៃ​តែមួយ ជុំវិញ​តំបន់​អាស៊ាន​ទៀតផង​។ ជាមួយនឹង​ភាព​ច្នៃប្រឌិត​ខ្ពស់ លើ​សេវាកម្ម និង​ផលិតផល​ធនាគារ​រប​ស់​ខ្លួន ធនាគារ CIMB បាន​សម្ពោធ​គម្រោង HomePro ដែល​ឥណទាន​គេហដ្ឋាន​ភ្ជាប់​មកជា​មួយ​ការធានារ៉ាប់រង​អាយុជីវិត​មានតម្លៃ​រហូតដល់ ៥០.០០០​ដុល្លារ​អារ​មេ​រិ​ក​។ ជាមួយនឹង​អត្រា​ការប្រាក់​ទាប និង​លក្ខខណ្ឌ​ល្អប្រសើរ ធនាគារ CIMB បាន​ក្លាយជា​ធនាគារ​ឈានមុខ​គេ​មួយ ផ្នែក​ឥណទាន​គេហដ្ឋាន ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​

ក្នុង​រយៈពេល​ជាង​៨​ឆ្នាំ នៃ​ការឈាន​ចូលក្នុង​ទីផ្សារ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១០​មក ធនាគារ CIMB ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប បាន​ពង្រីក​បណ្តាញ​សាខា​របស់ខ្លួន រហូត​ទៅដល់​១៣​សាខា ដែល​ក្នុងនោះ ៩​សាខា នៅ​រាជធានី​ភ្នំពេញ និង ៤​សាខា​ទៀត នៅតាម​បណ្តា​ខេត្ត​សំខាន់ៗ ដូចជា​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តបាត់ដំបង និង​ខេត្តកំពង់ចាម រួម​ជាមួយនឹង​ទីតាំង Preferred Centre ចំនួន​៨​ទៀត នៅ​ទូទាំងប្រទេស​ផងដែរ​។ ជាមួយនឹង​អតិថិជន​សរុប ជាង ២៦,០០០​នាក់ ធនាគារ ស៊ី​អាយ​អី​ម​ប៊ី បានផ្តល់​ជូន​នូវ​សេវាកម្ម និង​ផលិតផល​ធនាគារ​យ៉ាង​ទូលំទូលាយ រួមមាន​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម​និង​ប្រតិបត្តិការ​៕B/

លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា​ឆ្នាំ​២០១៩​នៅ​ធនាគារ​ស៊ី​អាយ​អឹម​ប៊ី​អគារ​អ៊ិ​ច​ឆេង​សា​គ្វែរ រាជធានី​ភ្នំពេញ (​រូបៈ​សុផល​)