ធនាគារ ស្ថាបនា សម្ពោធ​បើក​ដំណើរការ​ម៉ាស៊ីន អេ​ធី​អឹម ប្រភេទ​ថ្មី ដើម្បី​ធ្វើឱ្យ​សេវា​ធនាគារ​ឆាប់រហ័ស​របស់ខ្លួន កាន់​តែមាន​ភាពងាយស្រួល​

1254
ចែករម្លែក
ធនាគារ ស្ថាបនា សម្ពោធ​បើក​ដំណើរការ​ម៉ាស៊ីន អេ​ធី​អឹម ប្រភេទ​ថ្មី​ដើម្បី ធ្វើឱ្យ សេវា​ធនាគារ​ឆាប់រហ័ស​របស់ខ្លួន​កាន់​តែមាន​ភាពងាយស្រួល (​រូប​៖​សុផល​)

​ដោយៈ​សុផល / ភ្នំពេញ​: ធនាគារ​ស្ថាបនា នា​ព្រឹក​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៨ បានចាប់ផ្តើម​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរការ​នូវ​ម៉ាស៊ីន អេ​ធី​អឹម​ប្រភេទ​ថ្មី​របស់ខ្លួន​នៅតាម​បណ្តាញ​សាខា​នានា និង​នៅតាម​ទីសាធារណៈ​សំខាន់ៗ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​នូវ​សេវាកម្ម​ធនាគារ​ដែលមាន​ភាពងាយស្រួល និង​ភាពល្អរ​ប្រសើរ​ជាង​មុន​។​

​ធនាគារ​ស្ថាបនា​នឹង​ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន​អេ​ធី​អឹម​ថ្មី ចំនួន​៥០​គ្រឿង​បន្ថែមទៀត នៅ​ទូទាំងប្រទេស ដែល​ធ្វើឱ្យ​ចំនួន​ម៉ាស៊ីន​អេ​ធី​អឹម សរុប​របស់ខ្លួន​កើន​ដល់​១៥០​គ្រឿង​ហើយ​ក្នុងឆ្នាំនេះ​។ គួរ​កត់សម្គាល់ថា​ការសម្ពោធ​បើក​ដំណើរការ​ម៉ាស៊ីន​អេ​ធី​អឹម ថ្មី​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​របស់​ធនាគារ ស្ថាបនា ក្នុងការ​នាំយក​បច្ចេក​វិទ្យា​ធនាគារ​ដ៏​ទំនើប​ចុងក្រោយ​បំផុត ចូលមកក្នុង​ទីផ្សារ ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​។​

​លោក ណូរី​ហ៊ី​កូ កា​តូ ( Norihiko Kato) ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា បាន​មានប្រសាសន៍ថា “​ធនាគារ​ស្ថាបនា កំពុងតែធ្វើការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត មានដូចជា​ម៉ាស៊ីន អេ​ធី​អឹម​ជាដើម​ដើម្បី​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​នូវ​សេវាកម្ម​ធនាគារ ដែលមាន​ភាពងាយស្រួល​រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​ក​ម្ភុ​ជា​”​។

​លោក ណូរី​ហ៊ី​កូ កា​តូ ក៏បាន​ន្ថែ​ម​ផងដែរ​ថា “​ជាមួយនឹង​ម៉ាស៊ីន អេ​ធី​អឹម​ថ្មី​នេះ​អតិថិជន អាចដាក់​ប្រាក់​ចូលក្នុង​គណនី​របស់​ពួកគេ​បាន​គ្រប់ពេលវេលា​មិន​ថា​ក្រៅ​ម៉ោង​ធ្វើ​ការងារ ថ្ងៃ​ចុង​សប្តាហ៍ ឬ ថ្ងៃបុណ្យ​ជាតិ​ឡើយ​។​ម៉ាស៊ីន​អេ​ធី​អឹម​ថ្មី​របស់​ស្ថាបនា​នេះ​អាច​ទទួលយក​ចំនួន​ក្រដាសប្រាក់ ដែល​ត្រូវ​ដាក់បញ្ចូល​បាន​ចំនួន ដ៏​ច្រើន​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិជ្ជា​ដ៏​ទំនើប​បំផុត​។ ជាពិសេស​ម៉ាស៊ីន​អេ​ធី​អឹម​ថ្មី​នេះ អាចឱ្យ​អតិថិជន​ធ្វើ​ការដាក់​ប្រាក់ ដក​ប្រាក់ ផ្ទេរប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ជាច្រើន​ទៀត​បាន​តាម​តម្រូវការ​។​ម៉ាស៊ីន​កែឆ្នៃ​សាច់ប្រាក់​ថ្មី​នេះ​នឹង​ជួយ​កាត់បន្ថយ​នូវ​ការបញ្ចូល​សាច់ប្រាក់​ក្នុង​ម៉ាស៊ីន អេ​ធី​អឹម ដែល​វា​អាចជួយ​ធ្វើឱ្យ ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​របស់​ធនាគារ​”​។​

​លោក​កូ​គី​ឈី មូរ៉ា​យ៉ាម៉ា​( Kokichi Murayama) នាយក​ប្រតិបត្តិ​ប្រតិបត្តិការ និង​អ្នកគ្រប់គ្រង​ទូទៅ​ក្រុម​ពាណិជ្ជ កម្ម​សកល​នៃ​ក្រុមហ៊ុន Hitachi-Omron Terminal Solutions, Corp បាន​មានប្រសាសន៍ថា “​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​យើងខ្ញុំ​ណែនាំ​ផលិតផល​របស់​យើងខ្ញុំ​នៅ​កម្ពុជា​។ យើងខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើជា​ដៃគូ​ជាមួយ​ធនាគារ​ស្ថាបនា ដើម្បី​នាំមក​នូវ ម៉ាស៊ីន អេ​ធី​អឹម​និង​សេវាកម្ម​ផ្សេងៗ​ទៀត​របស់​យើងខ្ញុំ​ចូលមកក្នុង​ទីផ្សារ​កម្ពុជា​”​។​

​គួរ​ជម្រាប​ថា​៖ ធនាគារ​ស្ថាបនា​គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទ្រព្យសកម្ម​ស​រុ​ប​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​។ ស្ថាបនា​មាន​បណ្តាញ​សាខា​ធំជាងគេ លំដាប់​ទី​ពីរ​នៅក្នុង​ប្រទេស ដែលមាន​បណ្តាញ​សាខា​ចំនួន​១៦៨ និង​បុគ្គលិក​បម្រើ​ការងារ ជាង​៤០០០​នាក់​។ ធនាគារ​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​ពេញលេញ​មានដូចជា ផលិតផល​ប្រាក់កម្ចី ប្រាក់​បញ្ញើ សេវា​ផ្ទេរប្រាក់​ក្នុងប្រទេស និង​ក្រៅប្រទេស សេវា​ធានា និង​សេវា​ទូទាត់​ការនាំចេញ​និង​នាំចូល និង​មាន​សេវា​ធនាគារ​ជាច្រើន​ផ្សេងទៀត​៕ ល​

#