ធនាគារ PPCBank ក្លាយជា​ធនាគារ​ដំបូង​បំផុត ក្នុងការ​ផ្ដល់​កាត​ទូទាត់​ប្រាក់​របស់ Diners Club International នៅក្នុង​ប្រទេស​កម្ពុជា

230

​ដោយ​: សុផល / ភ្នំពេញ​: ធនាគារ PPCBank និង​ក្រុមហ៊ុន​កាត​ទូទាត់​ប្រាក់ អន្តរជាតិ​ឈ្មោះ Diners Club International បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ទទួល​សិទ្ធិ​អាជីវកម្ម នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា​ភ្នំពេញ​។​

​កិច្ច​ព្រម​ពៀង នឹង​ផ្ដល់​ឲ្យ​ធនាគារ PPC Bank នូវ​សិទ្ធិ​ក្នុង​ការចេញ​កាត​ទូទាត់​ប្រាក់ Diners Club ឲ្យ​ទៅ​អតិថិជន​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា​។​

​អតិថិជន​របស់​ធនា​គារ PPC Bank នឹងត្រូវ​អញ្ជើញ​ឲ្យ​ដាក់ពាក្យ ដើម្បី​ទទួលយក​កាត​ទូទាត់​ប្រាក់ Diners Club Cambodia ជាមួយ​ការផ្ដល់ជូន​អត្ថប្រយោជន៍​ពិសេស​ជាច្រើន រួម​ជាមួយនឹង​បទពិសោធន៍​លំដាប់​អន្តរជាតិ ក្នុង​ការទិញ​ទំនិញ​, ការ​ញ៉ាំ​អាហារ​, ការធ្វើដំណើរ​, ការថែទាំ​សុខភាព​, ការអប់រំ និង​អ្វីៗ​ជាច្រើន​ទៀត​។ កាត​ទូទាត់ Diners Club Cambodia នឹងត្រូវ​បានទទួល​ស្គាល់ សម្រាប់​ការទូទាត់​ប្រាក់​នៅ​ទូទាំង​ពិភពលោក ដែលមាន​ជាង ២៨​លាន​កន្លែង​ជា​ដៃគូ​ទទួល​ការទូទាត់​ប្រាក់ នៅក្នុង​ជាង ១៩០​ប្រទេស​។ សមាជិក​កាត Diners Club Cambodia នឹង​រីករាយ ក្នុងការ​ទទួលបាន​នូវ​កម្មវិធី​ជាច្រើន សម្រាប់​អតិថិជន​និង​ដៃគូ​ពាណិជ្ជកម្ម ជាមួយ​ការផ្ដល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន ដូចជា​អាច​ប្រើប្រាស់​បណ្ដាញ កន្លែង​កំសាន្ត​សម្រាក​ញ៉ាំ​អាហារ​និង​ភេសជ្ជៈ​នៅ​ព្រលានយន្តហោះ​, ទទួលបាន​ឋានៈ​ជា​អតិថិជន​សម្រាំង និង​មួយ​ការផ្ដល់ជូន​ដ៏​មានតម្លៃ នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់ៗ នៅលើ​ពិភពលោក​, បទពិសោធន៍​ដែល​មិនអាច​បំភ្លេចបាន​ក្នុងការ​ញ៉ាំ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ល្បីឈ្មោះ​នៅលើ​ពិភពលោក​, និង​ការផ្ដល់ជូន​ពិសេស លើ​ការកម្សាន្ត និង​ការទិញ​ទំនិញប្រណិត​។​

​លោក ស៊ីន ចាង​មូ (Shin Chang Moo) ប្រធាន​ធនាគារ PPCBank បាន​មានប្រសាសន៍ថា​៖ “​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​គួរឱ្យ​ចាប់អារម្មណ៍​មួយ ហើយ​ចំណែក​សេដ្ឋកិច្ច​វិញ បាន​បន្ត​រីកចម្រើន​យ៉ាងរឹងមាំ ជាមួយនឹង​កម្រិត​ប្រាក់ចំណូល កើនឡើង​ជាប្រចាំ​។ ជាមួយនឹង​និន្នាការ​លេចឡើង​ថ្មីៗ នៅក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ តាមរយៈ​ទូរស័ព្ទដៃ​, ឥរិយាបថ​និង​ទស្សនវិស័យ របស់​ប្រជាជន​កម្ពុជា ចំពោះ​ការចំណាយ​ប្រាក់ បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​។​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា មាន​ឆន្ទៈ​ចំណាយ​ច្រើន ទៅលើ​ផលិតផល និង​សេវាកម្ម ដែលមាន​គុណភាព ជំនួស​ឲ្យ​ការចំណាយ​តិច សម្រាប់​ផលិតផល ឬ​សេវាកម្ម ដែល​ខ្វះ​ការរំពឹងទុក និង​តម្រូវការ​។”

លោក Shin បាន​បន្ថែមទៀតថា “​ជាមួយនឹង​ចំណុច​ទាំងនេះ​ជា​មូលដ្ឋាន ធនាគារ PPCBank​តែងតែ​ស្វែងរក​ឱកាស ដើម្បី​ធ្វើការ​ណែនាំ​ផលិតផល និង​សេវាកម្ម​ថ្មីៗ និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​អាចបំពេញ​តម្រូវកា​រ​ដែល​កំពុង​កើនឡើង​។​ជាមួយនឹង​កាត​ទូទាត់​ប្រាក់​Diners Club International យើង​រង់ចាំ​ផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​បទពិសោធ​ន៏​ផ្នែក​ហិរញ្ញវត្ថុ​ថ្មី ខណៈពេលដែល​ពួកគាត់ ទទួលបាន​សិទ្ធិ​ពិសេសៗ​ជាច្រើន នៅ​ទូទាំង​ពិភពលោក​”​។​

​លោក​Joe Hurley អនុប្រធាន​ជាន់ខ្ពស់​និង​ជា​ប្រធាន​អភិវឌ្ឍ​អាជីវកម្ម​ជាស​កល​នៃ​ក្រុមហ៊ុន​Discover បាន​មានប្រសាសន៍ថា​៖ “​យើង​ទន្ទឹងរង់ចាំ​ដើម្បី​គាំទ្រ​ដល់​ធនាគារ PPCBank​ជាមួយនឹង​ការបើក​ដំណើរការ​កាត Diners Club Cambodia និង​ផ្តល់ឱ្យ​សមាជិក​ក្លឹប​របស់​ពួកគេ នូវ​ការទទួលបាន​ការទូទាត់​ប្រាក់ នៅ​ទូទាំង​ពិភពលោក​និង​សមត្ថភាព​ក្នុង​ការទាញយក​ប្រយោជន៍ ពី​អត្ថប្រយោជន៍​ផ្តាច់មុខ​ជាច្រើន សម្រាប់តែ​សមាជិក​របស់​កាត​Diners Club”​។​

​លោក Joe Hurley បាន​បន្តទៀតថា​៖ “​កិច្ចព្រមព្រៀង​នេះ ស្របតាម​យុទ្ធសាស្ត្រ​របស់​យើង ក្នុងការ​បង្កើត​ភាពជា​ដៃគូ ដែលមាន​តែមួយគត់ និង​អាច​បត់បែន​បាន​នៅ​ជុំវិញ​ពិភពលោក​”​។​
​តាមរយៈ​កិច្ចព្រមព្រៀង​ជាមួយ Diners Club International, ធនាគារ​PPCBank មាន​គោលបំណង​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ល្អៗ សម្រាប់​អតិថិជន ដែល​កំពុង​ស្វែងរក​ប្រណីតភាព និង​ភាពងាយស្រួល ទាំង​នៅក្នុង​ស្រុក​និង​ក្រៅប្រទេស ខណៈដែល​អាច​រក្សាបាន​ទាំង​គុណភាព និង​កិត្យានុភាព​។​ជាមួយនឹង​កាត​ទូទាត់​ប្រាក់​Diners Club Cambodia បទពិសោធ​ន៏​នៃ​ការធ្វើដំណើរ របស់​ពួកគេ​អាច​ត្រូវបាន​លើក​កំពស់ តាមរយៈ​Diners Club International ដែល​ផ្ដល់​សិទ្ធិ​ជាពិសេស​នៅ​ទូទាំង​ពិភពលោក ដែល​រួមមាន​ការចូល​ទៅកាន់​Diners Club នៅ​ព្រលានយន្តហោះ នៅ​ជាង​៨៥០ កន្លែង នៅ​ទូទាំង​ពិភពលោក​។​

​ធនាគារ​PPCBank ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ និង​ត្រូវបាន​ទទួលស្គាល់ថា ជា​ធនាគារពាណិជ្ជ ដែល​រីកចម្រើន​លឿន​បំផុត​មួយ នៅក្នុង​ប្រទេស​កម្ពុជា​។ មិនមែន​សំដៅ​តែ​ទៅលើ​ទំហំ​ទ្រព្យសកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ទៅលើ ការរីកចម្រើន​ទាំង​ខាង​បណ្ដាញ​ទៅដល់​គោ​ដៅ និង​ចំនួន​អតិថិជន​ផងដែរ​។ ដោយមាន​បំណង​ធ្វើ​បដិវត្ត និង​បដិរូបកម្ម បទពិសោធ​ធនាគារ នៅក្នុង​ប្រទេស​កម្ពុជា​, នៅពេល​ថ្មីៗ​នេះ​ធនាគារ PPCBank ទើបតែ​បាន​បង្កើត​នូវ​ផលិតផល និង​សេវាកម្ម​ជាច្រើន​ប្រភេទ​ដោយ​រួមបញ្ចូល​ទាំង​កម្មវិធី​ធនាគារ នៅលើ​ទូរស័ព្ទ​ចល័ត​ផងដែរ ដែលមាន​មុខងារ​ពេញលេញ​ដូចជា​៖ សេវា​ធនាគារ​តាម​អ៊ី​ន​ធើ​ណិ​ត សាជីវកម្ម​ដែលមាន​មុខងារ​ពេញលេញ (SmartBiz), ប្រព័ន្ធ​បេឡា​ចល័ត សម្រាប់​ការពិគ្រោះ​យោបល់​នៅនឹងកន្លែង និង​មជ្ឈមណ្ឌល​ផ្ដល់​សេវា​អតិថិជន បែប​វៃឆ្លាត ដើម្បី​បំរើសេវា​២៤​ម៉ោង ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។ បច្ចុប្បន្ននេះ ធនាគារ PPCBank គឺជា​ធនាគារពាណិជ្ជ ដែលមាន​អាជ្ញាប័ណ្ណ​ពេញលេញ កំពុងដំណើរការ​អនុវត្ត​គម្រោង ធនាគារ​ឌីជីថល​របស់ខ្លួន ដោយ​ផ្តោតលើ​ការណែនាំ និង​កែលម្អ​សេវា​ហិរញ្ញវត្ថុ​ចល័ត​។ ទំនាក់ទំនង នៃ​ការទទួលបាន​សិទ្ធិ​ពាណិជ្ជកម្ម ជាមួយ​Diners Club International នឹង​ក្លាយជា​ការបន្ថែម​ចុងក្រោយ​បំផុត ក្នុងការ​ផ្តល់​ផលិតផល​ថ្មី ជូន​អតិថិជន​របស់ខ្លួន​។​

Diners Club International ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៥០​និង​បាន​ក្លាយជា​កាត​ទូទាត់​ប្រាក់​ពហុមុខ​ងារ​ដំបូង​គេ​បង្អស់ នៅលើ​ពិភពលោក ដោយបាន​បង្កើត​ឲ្យ​មាន​បដិវត្ត​ហិរញ្ញវត្ថុ​មួយ នៅក្នុង​របៀប​ដែល​អតិថិជន និង​ក្រុមហ៊ុន​អាជីវកម្ម ធ្វើការ​ទូទាត់​ប្រាក់​សម្រាប់​ការ​ជាវ​ទិញ​ផលិតផល និង​សេវាកម្ម​៕