ធន ចាន់​តាក់ ចំ​ជា​ក្លាហាន​មែន​ហ៊ាន​តស៊ូ​ជាមួយ លូ​ម លេង​

977
ចែករម្លែក

(​ភ្នំពេញ​): អ្នក​ប្រដាល់​កម្ពុជា ធន ចាន់​តាក់ របស់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកាសថា គេ​មិន​ញញើត​អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng)​ឡើយ​។​

​ជាមួយនឹង​ការប្រកាស​បែបនេះ នៅ​រសៀល​ថ្ងៃទី​២​កញ្ញា អ្នក​ប្រដាល់ ធន ចាន់​តាក់ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ លូ​ម លេង ដែល​នេះ​ជាការ​ប្រកួត​មួយ​គេ​រំពឹងថា ចាន់​តាក់ ប្រាកដជា​ធ្វើការ​ងារ​ធ្ងន់​មែនទែន​ហើយ​។​

​សម្រាប់​ទម្ងន់​៦៣,៥០​គីឡូក្រាម​នេះ អ្នក​ប្រដាល់​ថៃ លូ​ម លេង ញញើត​តែ ឃីម ឌី​ម៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​តែ​ម្នាក់​គត់ ព្រោះ​គេ​ធ្លាប់​ប្រកួត​ជាមួយ ឌី​ម៉ា ៣-៤​លើក​ហើយៗ​គ្រប់​លើក គេ​ត្រូវ​ឌី​ម៉ា​វ៉ៃ​ឲ្យ​សន្លប់​រហូត​តែម្ដង​។ ក្នុងការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​កន្លងមក គេ​ដណ្ដើមបាន​ខ្សែក្រវាត់​មួយ​ពី​ស្រុក​ខ្មែរ យកទៅ​ស្រុកថៃ ដែល​ដែលមាន​រង្វាន់​អម ៥.០០០​ដុល្លារ​ទៀតផង​។​

​គេ​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ប្រើ​ជើង​ទាត់​បានល្អ មិនតែប៉ុណ្ណោះ​កែង​របស់គេ​ក៏​អស្ចារ្យ ហើយ​កណ្ដាប់ដៃ​របស់គេ​ក៏​ធ្ងន់​ទៀតផង​។ មាន​អ្នក​ប្រដាល់​កម្ពុជា​មិនតិច​ទេ ដែល​ត្រូវ លូ​ម លេង វ៉ៃ​ឲ្យ​សន្លប់​។​

​ចំពោះ​ចាន់​តាក់​វិញ​មួយរយៈ​នេះ ការប្រកួត​របស់គេ​ភាគច្រើន​បានទទួល​ជ័យជំនះ តែ​ការប្រកួត​របស់គេ គឺ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ​ប៉ុណ្ណោះ​។ គេ​ជា​អ្នក​ប្រដាល់​មាន​កលល្បិច​វ៉ៃ​ចេញ​ល្អ​ក្លាហាន និង​ស្រេកឃ្លាន​នូវ​ជ័យជំនះ អីចឹង​ហើយ​ទើប​រាល់ពេល​ប្រកួត​គេ​ប្រើ​កម្លាំង​ខ្ជះខ្ជាយ​ណាស់ ដើម្បី​ផ្ដួល​គូប្រកួត​ឲ្យ​បាន​រហ័ស​។​

​ពេលខ្លះ​គេ​ប្រើ​កម្លាំង​ច្រើនតែ​មិនបាន​ផល​ក៏មានដែរ​។ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ចាន់​តាក់ ជា​ខ្លា​មួយ​ដែរ តែ​កម្រិត​របស់គេ​មិនទាន់​ដល់ ឃីម ឌី​ម៉ា ឬ មាស ចាន់​មាន ដែលជា​មិត្ត​រួម​ក្លិប​របស់គេ​នៅឡើយ​ទេ​។ សម្រាប់​ការប្រកួត​នេះ នរណា​ក៏​ចង់​ឲ្យ ចាន់​តាក់ ឈ្នះ​ដែរ តែ​នេះ​ជាការ​ងារ​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​គេ​ជឿថា ចាន់​តាក់ លំបាក​។ តែ​មន្ត្រី​ខាង​ផ្គូរ​ផ្គង​បាន​និយាយថា ចាន់​តាក់ វ៉ៃ​បាន​។​

​អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ រ៉​យ ឡាន (Roy Lan) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៩​គីឡូក្រាម​។​

​រ៉​យ ឡា ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ហើយ​គេ​ល្អ ឬ​មិនល្អ ក៏​មិនមាន​នរណា​ដឹង​ដែរ តែ​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​អ្នក​ប្រដាល់​ថៃ​មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ ឲ្យ​ដឹងថា លោក​ក៏​ពុំ​ធ្លាប់​ឃើញ​អ្នក​ប្រដាល់​ថៃ​រូបនេះ​វ៉ៃ​ដែរ តែ​ខាង​ក្លិប​របស់គេ​ប្រាប់​លោក​ថា គេ​អាច​វ៉ៃ​ជាមួយ អ៊ុំ ចំរើន បាន​។​

​ចំរើន ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ពោះ​គេ​ខ្សោយ​ណាស់ គឺ​ត្រូវតែ​២-៣​ជង្គង់ ឬ ២-៣​ដៃ​គេ​ចុក​សន្លប់​ក្រោក​លែងរួច​តែម្ដង​។ តាមពិត ចំរើន វ៉ៃ​ចេញ​បានល្អ​គ្រាន់បើ​ហើយ​ធ្ងន់​ទៀតផង តែ​គេ​ខ្សោយ​ពោះ និង​ចិត្ត​មិនសូវ​ធំ គឺ​បើ​គូប្រកួត​ខ្លាំង​នោះ គេ​រកតែ​កន្លែង​សន្លប់​ប៉ុណ្ណោះ​។​

​ជំនួប​មួយ​នេះ ចំរើន អាច​ដណ្ដើមបាន​ជ័យជំនះ ឬទេ​? ឬក៏​ត្រូវ រ៉​យ ឡាន វ៉ៃ​ឲ្យ​សន្លប់​ដែរ​? សង្ឃឹមថា ចំរើន ធ្វើបាន​ល្អ​ទៅ​ចុះ​៕ L ដោយ​: រ៉ូ​ហ្សា​