ធន មករា ជួប​ជាមួយ​អ្នក​ប្រដាល់​ជប៉ុន ឈុន តាក់​

658

​ភ្នំពេញ​: អ្នក​ប្រដាល់​ជើង​ថ្មី​កម្ពុជា ធន មករា នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​ជប៉ុន ឈ្មោះ ឈុន​តាក់ (Chhun Tak) ដែល​ហ្វឹកហាត់​នៅ​ស្រុកថៃ​នោះ លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​២២​កក្កដា​។​

​អាច​និយាយបានថា នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មានឱកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ​។ អ្នក​ប្រដាល់​រូបនេះ ហាក់ដូចជា​ឆាប់​ដណ្ដើមបាន​នូវ​ភាពល្បីល្បាញ​គួរសម​ដែរ​។ មករា មាន​ប្រវត្តិ​ប្រកួត​ចំនួន ៥៥​ដង ឈ្នះ​៤៨​ដង ចាញ់​៧ ដង​។​

​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​មហិច្ឆតា​ខ្លាំងណាស់​។ នៅលើ​សង្វៀន​គេ​សម្លឹង​ទៅរក​ជ័យជំនះ​ជានិច្ច ទោះបី​ពេលខ្លះ​គេ​ប្រើ​កម្លាំង​ខ្ជះខ្ជាយ​បន្តិច​ក៏ពិតមែន តែ​ការ​វ៉ៃ​ចេញ​របស់គេ​មាន​ប្រសិទ្ធភាព​ណាស់​។​

​ចំពោះ​អ្នក​ប្រដាល់​ជប៉ុន ឈុន តាក់ វិញ​នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​។ គេ​មិនដឹងថា អ្នក​ប្រដាល់​រូបនេះ​ខ្លាំង ឬ​ខ្សោយ ហើយ​មាន​របៀប​វ៉ៃ​យ៉ាងណា​នោះទេ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៤៣​ដង ឈ្នះ​៣១​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​២​ដង​។​

​សម្រាប់​ជំនួប​មួយ​នេះ ធន មករា ត្រូវការ​ឈ្នះ​ជា​ចាំបាច់​ណាស់ ព្រោះ​បើ​គេ​ឈ្នះ​គេ​នឹង​មានឱកាស​កាន់តែច្រើន ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​។ ចំពោះ​អ្នក​ប្រដាល់​ជប៉ុន ឈុន តាក់ គេ​ក៏​ត្រូវការ​ជ័យជំនះ​ត្រឡប់​ទៅវិញ​ដែរ​។ ចាំមើល​នរណា​ឈ្នះ​?

​ហ៊ឹម សេរី ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​បាត់បង់​ឱកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​មួយរយៈ​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ គៀវ បា (Kiev Ba)​។​

​គៀវ បា ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែរ ហើយ​គេ​ក៏​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ដែរ តែមួយ​រយៈ​ចុង​ក្រោយនេះ គេ​អាក់​ខានមក​ប្រកួត​នៅ​ស្រុក​ខ្មែរ ដោយសារ​គេ​រវល់​ប្រកួត​នៅ​ស្រុកថៃ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៤​ដង ឈ្នះ​៥៦​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ​១​ដង​។​

​ហ៊ឹម សេរី វិញ​មាន​ប្រវត្តិ​ប្រកួត​៧៤​ដង ឈ្នះ​៦៥​ដង ចាញ់​៩​ដង​។ ចាំមើល​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២​រូបនេះ​នរណា​ឈ្នះ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សុខ វីរៈ ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ប្រកួត​ជាមួយ ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។ លី តឿន ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​៕