ធន មករា អាច​ស្វែងរក​ជ័យជំនះ​បាន​ឬទេ​សប្ដាហ៍​នេះ​?

1113
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៥៧​គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍​រសៀល​ថ្ងៃទី​២៣​មិថុនា​នេះ អ្នក​ប្រដាល់ ធន មករា សមាគម​ប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ភេ​ច យ៉ាក​ស៊ូ​(Phach Yaksou)​។​

​មករា មួយ​ប្រកួត​ដំបូង​របស់គេ​មិន​ជួប​សំណាងល្អ​ឡើយ ដោយ​គេ​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ ធៀប កៅ (Theap Kao)​។ ពេលនេះ​គេ​ជួប​ជាមួយ ភេ​ច យ៉ាក​ស៊ូ ដែលជា​អ្នក​ប្រដាល់​លំបាក​បង្ក្រាប​ខ្លាំងណាស់​។ មករា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​ការប្រកួត​របស់គេ​កម្រ​ជួប​បរាជ័យ​ណាស់​។​

​សម្រាប់​ការប្រកួត​លើក​ទី​២​នេះ មករា ត្រូវកា​ឈ្នះ​ណាស់ ប្រសិនបើ​គេ​ចាញ់​នោះ​ឱកាស​សម្រាប់​ឡើងទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹងត្រូវ​បាត់បង់​ជាមិនខាន​។ មករា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២​ដង​ឈ្នះ​៥៥​ដង​ចាញ់​៤​ដង ស្មើ​ពិន្ទុ​២​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​១៥​ដង​។ លើក​នេះ​មករា​ជួប​សំណាងល្អ​ឬទេ​?

​ភេ​ច យ៉ាក​ស៊ូ មួយ​ប្រកួត​ដំបូង​របស់គេ​ក៏​ជួប​បរាជ័យ ហើយ​ការប្រកួត​មួយ​នេះ ក៏​គេ​ត្រូវការ​ឈ្នះ​ដែរ ព្រោះ​បើ​គេ​ចាញ់​ទៀត​នោះ ឱកាស​សម្រាប់​ឡើងទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទំនងជា​បាត់​បង់ហើយ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦១​ដង ឈ្នះ​៤៩​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​១​ដង​។​

​ជំនួប​មួយ​នេះ សំណាង​ល្អជា​របស់​ធន មករា ឬ ជា​របស់​ភេ​ច យ៉ា​ស៊ូ ? សម្រាប់​អ្នក​មិនទាន់​ឈ្នះ​ទាំង​២​រូបនេះ នឹងមាន​ម្នាក់​ស្គាល់​ឈ្នះ និង ម្នាក់ទៀត​បន្ថែម​ស្ថិតិ​ចាញ់​ទៅក្នុង​កំណត់ត្រា​ប្រកួត​របស់ខ្លួន​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ធៀប កៅ (Theap Kao)​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ មួយ​ប្រកួត​ដំបូង​គេ​សុទ្ធតែ​ស្គាល់​ឈ្នះ​ដូចគ្នា តែ​ការប្រកួត​លើក​ទី​២​នេះ នឹងមាន​ម្នាក់​ស្គាល់​ចាញ់ហើយ​ក៏មាន​ម្នាក់​បន្ថែម​ស្ថិតិ​ឈ្នះ ទៅក្នុង​កំណត់ត្រា​ប្រកួត​របស់ខ្លួន​ដែរ​។ ធៀប កៅ មួយ​ប្រកួត​ដំបូង​គេ​ឈ្នះ ធន មករា ឯ សេរី​វ៉ាន់​ថង ឈ្នះ ភេ​ច យ៉ាក​ស៊ូ​។​

​ឈុត សេរី​វ៉ាន់​ថង មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៥​ដង ឈ្នះ​៤៨​ដង ចាញ់​៦​ដង ស្មើ​ពិន្ទុ​១​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៨​ដង​។ ចំពោះ ធៀប កៅ វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៨​ដង ឈ្នះ​៥១​ដង និង​ចាញ់​៧​ដង​។ នរណា​ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​នេះ​?៕ ល​