ធាតុអាកាស​ក្តៅ​ខ្លាំង​ បង្ក​ឲ្យ​ប៉ះពាល់​ដល់​កសិករ​បណ្តុះ​ផ្សិត​អំបោះ​នៅ​ខេត្តស្ទឹងត្រែង​

452
ចែករម្លែក

ដោយ:សុខុម​/ស្ទឹងត្រែង ​៖​ កសិករ​អ្នក​បណ្តុះ​ផ្សិត​អំបោះ​នៅ​ខេត្តស្ទឹងត្រែង​បាន​ត្អូញត្អែរថា ​ចាប់ពីអាកាសធាតុ​ប្រែប្រួល​មាន​កម្តៅ​ខ្លាំង​មក​ មុខរបរ​របស់គាត់​កាន់តែ​យ៉ាប់​ទៅមុខ​។​

បាតុភូត​ក្តៅ​ហួតហែង​នេះ​កំពុង​បង្កឲ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កសិករ​អ្នក​ប្រកប​របរ​បណ្តុះ​ផ្សិត​អំបោះ​លក់​នៅក្នុង​ខេត្តស្ទឹងត្រែង​។​

អ្នក​បណ្តុះ​ផ្សិត​បាន​លើកឡើងថា​ កាលពីមុន​ទិន្នផល​ផ្សិត​ទ​ទូល​បាន​ក្នុង​មួយថ្ងៃ​ជិត​១០០​គីឡូក្រាម​ តែ​ឥឡូវ​ធ្លាក់​ចុះមក​នៅត្រឹម​មិន​ដល់​១០​គីឡូក្រាម​ប៉ុណ្ណោះ​។

ការ​ប្រឈម​នេះ​បណ្តាល​ឲ្យ​កសិករ​មួយចំនួន​ផ្អាក​ដំណើរការ​បណ្តុះ​ផ្សិត​របស់ខ្លួន ព្រោះ​ផល​ដែល​ទទួលបាន​មិនអាច​ទ្រទ្រង់​ការចំណាយ​គ្រប់គ្រាន់​។​

អ្នកស្រី​ដា​នី​ កសិករ​បណ្តុះ​ផ្សិត​រស់នៅ​ភូមិ​ឃុំ​អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​រៀបរាប់ថា​ មុខរបរ​បណ្តុះ​ផ្សិត​អំបោះ​លក់​រយះពេល​បី​ឆ្នាំ​បាន​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​គាត់​មាន​ភាពសមរម្យ មិន​ខ្វះមុខខ្វះក្រោយ និង​ថែមទាំង​មានលទ្ធភាព​ទិញ​ដីចម្ការ​ដាំ​ស្វាយចន្ទី​បាន​៧​ហិកតា​ថែម​ទៀតផង​។

អ្នកស្រី ដា​នី រៀបរាប់​បន្តថា ប៉ុន្តែ​មួយ​រយះ​ចុងក្រោយ​នេះ ប្រហែល​ពីរ​ខែ​មកហើយ​ចាប់តាំងពី​ចុងខែ​កុម្ភៈ​មក ទិន្នផល​ផ្សិត​ដែល​ធ្លាប់​ប្រមូលបាន​ចន្លោះ​ពី​៧០​ទៅ​៨០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​នៅលើ​ថង់​បណ្តុះ​ផ្សិត​ជាង​១​ម៉ឺន​ថង់ បែរជា​ធ្លាក់​ចុះមក​នៅត្រឹមតែ​៧​គីឡូក្រាម​ប៉ុណ្ណោះ ព្រោះតែ​អាកាសធាតុ​ក្តៅ​ពេក​បណ្តាល​ឲ្យ​កូន​ផ្សិត​មិន​ដុះ​ពន្លក​ចេញ​ឡើយ ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល​មួយចំនួនធំ​។​រហូត​បង្ខំ​ឲ្យ​អ្នក​បណ្តុះ​ផ្សិត​មួយចំនួន​ផ្អាក​ដំណើរការ ។

​ប៉ុន្តែ​សម្រាប់​អ្នកស្រី អ៊ី ដា​នី និង​ស្វាមី​បាន​អះអាងថា នឹងមិន​បោះបង់​ការបណ្តុះ​ផ្សិត​នេះឡើយ នឹង​ខិតខំ​តស៊ូ​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ជម្នះ​នូវ​បញ្ហា​ប្រឈម​នេះ​តទៅទៀត​។ ពីព្រោះ​ថាបើ​គាត់​ឈប់ អាច​បណ្តាល​ឲ្យ​ដាច់​ម៉ូយ​។ ទន្ទឹម​នឹង​នេះ កសិករ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ក៏បាន​អំពាវនាវ​ដល់​អ្នកជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​កសិក​ម្ម​ខេត្តស្ទឹងត្រែង សូមជួយ​បង្ហាញ​ពី​វិធី​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​ផង ដើម្បី​ទុកជា​បទពិសោធន៍​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​។​

រហូតមក​ទល់នឹង​ពេលនេះ​គេ​នៅ​មិនទាន់​ឃើញ​មន្ត្រី​កសិកម្ម​ចុះទៅ​ចែករំលែក​បច្ចេកទេសរ​ក​ដំណោះស្រាយ​ជូន​កសិករ​ខាងលើ​នៅឡើយ​៕​B/Ha