ធាតុ​ដាក់​ឆ្អឹង​ចំនួន​២ ត្រូវបាន​អ្នកស្រាវជ្រាវ​ប្រទះឃើញ​នៅក្នុង​កំណាយ នៃ​បរិវេណ​ប្រាសាទ​បន្ទាយក្ដី ក្នុង​រយៈពេល​៣​ថ្ងៃ

228
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​លោក ញឹម សុធា​វិន្ទ អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​វត្ថុ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ពី​សម័យមុន​មួយចំនួន​ពាក់ព័ន្ធ​និង​សាសនា ក្នុងនោះ​មាន​ធាតុ​ដាក់​ឆ្អឹង​ចំនួន​២ ត្រូវបាន​ប្រទះឃើញ ប៉ុន្ដែ​ទាន់​ដឹង​ច្បាស់​ថា កើតឡើង​នៅ​សម័យ​កាលណា​នៅឡើយ​នោះទេ ដោយ​រង់ចាំ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ខណៈពេលដែល​កាលពី​ឆ្នាំ​១៩៩៦ ក្រុមមន្ត្រី​ជំនាញ បានធ្វើ​កំណាយ​នៅក្នុង​បរិវេណ​ប្រាសាទបន្ទាយក្តី​នេះ​រួច​ម្តងមកហើយ ហើយ​ពេលនោះ គេ​បាន​រកឃើញ​កោដ្ឋ​ចិន​ដាក់​ឆ្អឹង ដែល​ក្រុម​អ្នកជំនាញ​អះអាងថា កោដ្ឋ​ដាក់​ឆ្អឹង​ទាំងនោះ ត្រូវបាន​គេ​យកមក​បញ្ចុះ​នៅ​ជុំវិញ​ខឿន​សាសនា​នេះ។

លោក ថូ ថុ​ន បុរាណ​វិទូ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណ​វិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ដើម្បី​បានដឹង​ពី​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទបុរាណ​ខឿន​ព្រះពុទ្ធសាសនា និង​ប៉ម​C19 ដែល​ស្ថិតនៅក្នុង​បរិវេណ​ប្រាសាទ​បន្ទាយក្ដី​។

មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​​ជប៉ុន បានចាប់ផ្តើម​ធ្វើ​កំណាយ មួយកន្លែង​នៅ​ចន្លោះ​ខឿន​ព្រះពុទ្ធសាសនា និង​ប៉ម​C19 ក្នុង​គោល បំណង​ស្រាវជ្រាវ​អំពី​រចនាសម្ព័ន្ធ និង​ការទំនាក់ទំនង​គ្នា​រវាង​ខឿន​ព្រះពុទ្ធសាសនា និង​ប៉ម​C19 ដូច្នេះ​ការធ្វើ​កំណាយ​នេះ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​អាជ្ញាធរ​អប្សរា ព្រោះ​អាជ្ញាធរ​អប្សរា គឺ​អ្នកគ្រប់គ្រង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ ដូច្នេះ​ការដែល​បានដឹង​ច្បាស់​ពី​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទបុរាណ គឺជា​កត្តា​ដ៍​សំខាន់​សម្រាប់ធ្វើ​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទបុរាណ​។​

លោក ថូ ថុ​ន បានឱ្យដឹង​បន្ថែមថា ក្រៅពី​បានដឹង​ច្បាស់​ពី រចនាសម្ព័ន្ធ​សំណង់​ប្រាសាទបុរាណ​ហើយ​នោះ កំណាយ​នេះ​ក៏បានផ្តល់​ចំណេះដឹង​ដល់​និស្សិត​ផ្នែក​បុរាណ​វិទូ​ផងដែរ ព្រោះថា ការធ្វើ​កំណាយ​នេះ​មាន​និស្សិត​ចូលរួម​សិក្សា​ឈ្វេងយល់ ហើយ​ពួកគេ គឺជា​ធនធានមនុស្ស​ដ៍​សំខាន់​ក្នុង​ការងារ​អភិរក្ស​ប្រាសាទបុរាណ៕B/