ធា​រី ហង់​រី ក្លាយជា​បេក្ខភាព គ្រូបង្វឹក​បន្ទាប់​របស់​ក្លឹប Barcelona

175
ចែករម្លែក

​តាម​ព័ត៌មាន​ថា លោក ធា​រី ហង់​រី (Thierry Henry) បាន​ក្លាយជា​បេក្ខភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដើម្បី​ក្លាយជា​អ្នក ចាត់ការ​បន្ទាប់ ប្រសិនបើ​លោក អឺ​ណេ​ស្តូ វ៉ាល​វើដ (Ernesto Valverde) ចាក​ចេញពី​ក្លឹប Barcelona ។​
​ ​
អតីត​ខ្សែប្រយុទ្ធ​ក្លឹប Barcelona រូបនេះ​បាន​ចូល​ដឹកនាំ​ក្រុម Montreal Impact នៅ​ក្របខណ្ឌ MLS ក្នុង​កិច្ចសន្យា​ពីរ​ឆ្នាំ​កាលពី​ខែវិច្ឆិកា​។​
​ ​
ប៉ុន្តែ​នៅពេលនេះ លោក ហង់​រី ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​តំណែង​គ្រូបង្វឹក​នៅ​ពហុកីឡាដ្ឋាន Nou Camp ប្រសិនបើ​អ្នកចាត់ការ​បច្ចុប្បន្ន វ៉ាល​វើដ ចាកចេញ នេះ​បើតាម​សេចក្តីរាយការណ៍​នៅ​អេ​ស្ប៉ា​ញ​។​
​ ​
កិច្ចសន្យា​របស់លោក វ៉ាល​វើដ ជាមួយ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​នឹង​ចប់​នៅ​ខែមិថុនា ប៉ុន្តែ​មាន​ជម្រើស​ក្នុង​ការបន្ត កិច្ចសន្យា​មួយឆ្នាំ​ទៀត​។​
​ ​
អាជីព​គ្រូបង្វឹក​របស់លោក ហង់​រី បានចាប់ផ្តើម​បី​ឆ្នាំ​កន្លងមកហើយ ក្នុងឋានៈ​ជា​ជំនួយការ​របស់លោក រ៉ូ​បឺ​តូ ម៉ា​ទីណេស (Roberto Martinez) នៅ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ហើយ​លោក​បានបញ្ចប់​ការងារ​បន្ទាប់ពី ដឹកនាំ​ក្រុម Monaco បាន​ត្រឹម​១០៤​ថ្ងៃ​។​
​ ​
​ទោះបីជា​យ៉ាងណា កង្វះ​បទពិសោធ​មិនជា​ក្តីបារម្ភ​សម្រាប់​ក្លឹប Barcelona ពេក​ទេ ដោយសារ​លោក​ដឹង ច្បាស់​ថា ពី​របៀប​លេង​របស់ Barcelona និង​ធ្លាប់​លេង​ឲ្យ​ក្រុម​នេះ​រយ​:​ពេល​បី​ឆ្នាំ​ផងដែរ​។
​ ​
​ហង់​រី គឺជា​មិត្តភក្តិ​ជិតស្និទ្ធ​ជាមួយ​លោក អេ​រិ​ក អា​បី​ដាល (Eric Abidal) អតីត​មិត្ត​រួម​ក្រុម Barcelona និង​ក្រុម​ជម្រើសជាតិ​បារាំង ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​បច្ចេកទេស​នៅ​ក្លឹប​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ធា​រី ហង់​រី (Thierry Henry)