ធី​បូត ខ​ត​ធឹ​ស មិន​ចូលរួម​ហ្វឹកហាត់ ដើម្បី​បង្ខំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ផ្ទេរចេញ​

573
ចែករម្លែក

​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) មិនបាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​ទេ ដោយ​ព្យាយាម​បង្ខំ​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី​បើកចំហ​ដើម្បី​ធ្វើ​កិច្ច​ការផ្ទេរ មុន​រដូវ​កាល​ទិញដូរ​កីឡាករ​បិទទ្វារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​ចង់បាន​តម្លៃ​៤៥​លាន​ផោន​សម្រាប់​អ្នកចាំទី​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​។​ឆេ​ល​ស៊ី​ក៏​ចង់​សម្រេច កិច្ចព្រមព្រៀង​ផ្ទេរ​អ្នកចាំទី​ម្នាក់ ដើម្បី​យកមក​ជំនួស​មុនពេល ខ​ត​ធឹ​ស ចាកចេញ​ផងដែរ​។​
​ ​
​ឆេ​ល​ស៊ី​កំពុង​ពិចារណា​លើ​អ្នកចាំទី​មួយចំនួន​ដូចជា ជែ​ន អូ​ប្លា​ក (Jan Oblak) របស់​ក្លឹប Atletico Madrid កា​ស្ព័​រ ស្មី​ឆែ​ល (Kasper Schmeichel) របស់​ក្លឹប Leicester ជែក បាត់​លែ​ន (Jack Butland) របស់​ក្លឹប Stoke និង សឺ​ជី​អូ រី​កូ (Sergio Rico) របស់​ក្លឹប Sevilla ។​
​ ​
​ទោះបីជា​យ៉ាងណា មិត្ត​រួម​ក្រុម អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ត្រូវបាន​ប្រាប់ថា ក្លឹប​នឹងមិន​អនុញ្ញាត​ឲ្យ​ចេញ​ទេ​។ គេ​ជឿថា ហា​ហ្សា​ដ ទទួលយក​ការសម្រេច​នេះ ហើយ​នឹងមិន​បង្ខំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ផ្ទេរចេញ​ទេ​។​
​ ​
​ខ​ត​ធឹ​ស ដែល​បាន​ចំណាយពេល​បី​រដូវ​កាល​ជាមួយ​ក្លឹប Atletico Madrid បាន​ប្រាប់​ក្លឹប ឆេ​ល​ស៊ីថា ខ្លួន​ចង់​វិលត្រឡប់​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ស្របពេល​នៅសល់​កិច្ចសន្យា​១២​ខែ​ទៀត ក្លឹប​ឆេ​ល​ស៊ី​ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​ជាបន្ទាន់ និង​មិន​បណ្តោយ​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois)