អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោករិច ធីលល័រសុន បាននិយាយថា លោកដូណាល់ ត្រាំ “មិនមានវិន័យទេ” ហើយចង់ល្មើសច្បាប់ម្តងហើយម្តងទៀត ដែលនាំឱ្យប្រធានាធិបតីអាមេរិកធ្វើការឆ្លើយតបវិញកាលពីថ្ងៃសុក្រទី៧ធ្នូថា អតីតសមាជិកគណៈរដ្ឋមន្ត្រីរបស់លោករូបនេះគឺ “ក្បាលរឹងដូចដុំថ្មចឹង”។
លោកធីលល័រសុន ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមីនា មិនបានព្យាយាមបដិសេធទំនាក់ទំនងយ៉ាប់យ៉ឺនរបស់គាត់ជាមួយនឹងលោកត្រាំនោះទេ ក្នុងអំឡុងបទសម្ភាសន៍ដ៏កម្រមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៦ធ្នូ ជាផ្នែកមួយនៃអាហារពេលល្ងាចសប្បុរសធម៌នៅរដ្ឋកំណើត តិចសាសរបស់គាត់។
លោកធីលល័រសុនបានប្រាប់អ្នកកាសែតជើងចាស់លោក បុប ស៊ីហ្វហ្វើ នៃទូរទស្សន៍ CBS News ដែលបានផ្សាយបទសម្ភាសន៍នេះថា “ខ្ញុំគិតថាផ្នែកមួយនៃរឿងនេះគឺការពិតជាក់ស្តែងយើងខុសប្លែកពីគ្នាយ៉ាងខ្លាំងក្នុងស្ទីលរបស់ពួកយើង”។
លោកបានបន្ថែមថា “ខ្ញុំត្រូវនិយាយទៅគាត់ថា លោកប្រធានាធិបតី ខ្ញុំយល់ពីអ្វីដែលលោកចង់ឱ្យខ្ញុំធ្វើ ប៉ុន្ដែលោកមិនអាចធ្វើវាតាមវិធីនោះបានទេ វារំលោភច្បាប់ វារំលោភលើសន្ធិសញ្ញា”។
លោកបាននិយាយទៀតថា “គាត់ (ត្រាំ) ពិតជាខកចិត្តជាខ្លាំង។ ខ្ញុំគិតថា គាត់ច្បាស់ជាធុញទ្រាន់នឹងខ្ញុំ ដែលជាមនុស្សដែលប្រាប់គាត់រាល់ថ្ងៃថា លោកមិនអាចធ្វើនេះមិនអាចធ្វើនោះ ហើយសូមទៅនិយាយអំពីអ្វីដែលយើងអាចធ្វើបានវិញល្អជាង”។
ប៉ុន្មានម៉ោងក្រោយមក ត្រាំបានបញ្ចេញកំហឹងដោយប្រើពាក្យធ្ងន់ៗនៅលើ Twitter ដោយនិយាយថា ធីលល័រសុន “ពុំមានសមត្ថភាពបញ្ញាឆ្លាតវៃ” ដើម្បីក្លាយជាអ្នកការទូតកំពូលរហស់អាមេរិកឡើយ។
លោកត្រាំសរសេរនៅលើយន្តហោះ Air Force One ខណៈដែលគាត់វិលត្រឡប់ពីសន្និសីទនៅទីក្រុងកាន់សាសស្តីពីឧក្រិដ្ឋកម្មយ៉ាងដូច្នេះថា “គាត់ជាមនុស្សក្បាលរឹងដូចដុំថ្ម ខ្ញុំគួរណាតែបណ្តេញគាត់ឱ្យបានឆាប់។ គាត់ជាមនុស្សកម្ជិលអាំងផេះ”៕ ដោយ៖ កញ្ញាដាលីស