ធី​ល​ល័​រ​សុន ៖ អាមេរិក​មិនដែល​ស្វះស្វែង​ផ្តួលរំលំ​របប​កូរ៉េខាងជើង​ឡើយ​

833

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​រិច ធី​ល​ល័​រ​សុន សន្យា​កាលពី​ថ្ងៃ​អង្គារ (​ត្រូវ​នឹង​ថ្ងៃទី​២​សីហា​នៅ​កម្ពុជា​) ថា សហរដ្ឋអាមេរិក​មិនបាន​ព្យាយាម​ផ្តួលរំលំ​របប​កូរ៉េខាងជើង​របស់​គីម ជុង​អ៊ុន ឡើយ ប៉ុន្តែ​បាន​ព្រមាន​ថា កូរ៉េខាងជើង​ត្រូវតែ​បញ្ឈប់​កម្មវិធី​កាំជ្រួច​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​ថ្លែងប្រាប់​អ្នកកាសែត​អំពី​កិច្ចប្រឹងប្រែង​ខាង​ការទូត​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង លោក​ធី​ល​ល័​រ​សុន និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ឆន្ទៈ​ជជែក​ជាមួយ​កូរ៉េខាងជើង ប្រសិនបើ​មេដឹកនាំ​កូរ៉េខាងជើង​យល់ព្រម​ទទួលស្គាល់ថា ពួកគេ​ត្រូវតែ​លុបបំបាត់​អាវុធ​ទាំងនេះ​។

​លោក​បាន​ព្រមាន​ថា “​យើង​មិន​យល់ឃើញថា ការ​ដែលមាន​កិច្ចសន្ទនា​មួយ ដែល​កូរ៉េខាងជើង​មក​តុ​ចរចា​ដើម្បី​សន្ម​ត់​ថា ពួកគេ​នឹង​រក្សា​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ នឹងមាន​លទ្ធផល​ផ្លែផ្កា​នោះទេ​”​។​

​ប៉ុន្តែ​លោក​បាន​ធានា​អះអាង របប​ផ្តាច់ការ​ឯកោ​នេះ​ថា ប្រទេស​នេះ​មិនចាំបាច់​មាន​អាវុធ​នុយក្លេអ៊ែរ​ការពា​រ​ខ្លួន​ពី​ការវាយប្រហារ​របស់​អា​មេ​រិ​ក​ទេ​។​

​លោក​សន្យាថា “​យើង​មិន​មើលឃើញ​ការផ្លាស់ប្តូរ​របប​ណាមួយ​ទេ​។ យើង​មិន​ស្វះស្វែង​ផ្តួលរំលំ​របប​នេះ​ទេ​។ យើង​មិន​ស្វះស្វែង​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​នោះទេ​។ យើង​មិន​ស្វះ​ស្វែងរក​លេស​ដើម្បី​បញ្ជូន​យោធា​របស់​យើង​ទៅ​ខ្សែស្រប​ព្រំដែន​ទី​៣៨ ឡើយ​។ ហើយ​យើង​ព្យាយាម​បញ្ជូន​ន័យ​នេះ​ឱ្យ​កូរ៉េខាងជើង​បានដឹង​។ យើង​មិនមែនជា​សត្រូវ​របស់​អ្នក​ទេ​។ យើង​មិនមែនជា​ការគំរាមកំហែង​របស់​អ្នក​ទេ ប៉ុន្តែ​អ្នក​កំពុងតែ​បង្ហាញ​ការគំរាមកំហែង​មិនអាច​ទទួលយកបាន ចំពោះ​យើង ហើយ​យើង​ត្រូវតែ​ធ្វើការ​ឆ្លើយតប​”​។

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានទាមទារ​ឱ្យ​ចិន ដែលជា​អ្នកជិតខាង និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កូរ៉េខាងជើង ចូលរួម​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយ​បង្ហោះ​សា​រលើ​ធ្វី​ត​ធើ​ទាំង​ក្តៅក្រហាយ​កាលពី​ចុង​សប្តាហ៍​ថា ប៉េកាំង​មិនបាន​ធ្វើ​អ្វី​គ្រប់គ្រាន់​នៅឡើយ​។​

​ប៉ុន្តែ​នៅទីនេះ​ដែរ លោក​ធី​ល​ល័​រ​សុន គឺមាន​លក្ខណៈ​ការទូត​ជាង​ត្រាំ​។

​លោក​ធី​ល​ល័​រ​សុន​និយាយថា “​យើង​ពិតណាស់​មិន​ស្តីបន្ទោស​ចិន​ចំពោះ​ស្ថានភាព​ក្នុង​កូរ៉េខាងជើង​ទេ​។ មានតែ​កូរ៉េខាងជើង​មួយគត់​ដែល​ត្រូវ​ស្តីបន្ទោស​ចំពោះ​ស្ថានភាព​នេះ ប៉ុន្តែ​យើង​ពិតជា​ជឿជាក់ថា​ចិន​មាន​ទំនាក់ទំនង​ពិសេស​ដើម្បី​ដាក់​ឥទ្ធិពល​លើ​របប​កូរ៉េខាងជើង​តាមរបៀប​ដែល​អ្នកផ្សេង​មិនអាច​ធ្វើបាន ដោយសារ​សកម្មភាព​សេដ្ឋកិច្ច​ដ៏​សំខាន់ (​របស់​ប្រទេស​ទាំងពីរ​)”​។

​កាលពី​សប្តាហ៍​មុន គីម ជុង​អ៊ុន​អួតថា កូរ៉េខាងជើង​ឥឡូវ​អាច​វាយ​ចំ​គ្រប់​គោលដៅ​ក្នុង​សហរដ្ឋអាមេរិក បន្ទាប់ពី​អនុវត្ត​ការធ្វើ​តេស្ត​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ចុងក្រោយ​បំផុត​របស់ខ្លួន​។

​ព្រឹទ្ធសមាជិក​របស់​ប​ក្ស​សាធារណរដ្ឋ​ជំនាញ​ខាង​គោលនយោបាយ​ការបរទេស លោកស្រី លីន​សេ ហ្គ្រា​ហាំ និយាយថា ត្រាំ​ត្រៀម​រួចរាល់​ដើម្បី​វាយប្រហារ​ខាង​យោធា​ដ៏​ប្រល័យ ប្រសិនបើ​ផ្នែក​ការទូត​ខកខាន​ក្នុងការ​បញ្ឈប់​ការគំរាមកំហែង​ដោយ​កាំជ្រួច​នុយក្លេអ៊ែរ​៕ ដោយ៖ កញ្ញាដាលីស

លោក រិច ធី​ល​ល័​រ​សុន រដ្ឋមន្ត្រីការបរទេស​អាមេរិក