ធី តុង​ហ៊ី និង ពុទ្ធ ឆាយ​រិទ្ធី មានសង្ឃឹម​ឬទេ​?

984
ចែករម្លែក

(​ភ្នំពេញ​): លើស​ង្វៀន​បារ​លី​ប្លេ​ក​របស់​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​២៧​សីហា អ្នក​ប្រដាល់​កម្ពុជា ធី តុង​ហ៊ី មកពី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ កុង កាង​វ៉ាន់ (Kong KangWan) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៧​គីឡូក្រាម​។​

​តុង​ហ៊ី ជា​អ្នក​ប្រដាល់​ឆេវឆាវ​ហើយ​ចូលចិត្ត​វាយ​បន្ថែម​លើ​គូប្រកួត​ណាស់​។ ប្រសិនបើ​គូប្រកួត​អន់​ជាង ហ៊ាន​ធ្វើ​ឲ្យ​គេ​ឈឺ​សាច់​នោះ តុង​ហ៊ី សម្រុក​ដេញ​វ៉ៃ​វិញ​ទាល់តែ​បាន តែ​ប្រសិនបើ​គូប្រកួត​ខ្លាំង​ជាង​នោះ គេ​បាត់បង់​ភាពក្លាហាន​តែម្ដង គឺ​គេ​វ៉ៃ​ចេញ​លែងរួច​ទៀតផង​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ទេពកោសល្យ​ក្នុង​ការប្រើ​ជង្គង់ និង​កែង​វាយប្រហារ​គូប្រកួត​។ មួយរយៈ​នេះ តុង​ហ៊ី ស្ទើរតែ​បាត់បង់​ឱកាស​ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ដោយសារតែ​ស្ទើរ​គ្រប់ការ​ប្រកួត​គេ​ជួប​បរាជ័យ​ញឹកញាប់​ពេក​។ ការបរាជ័យ​បែបនេះ ធ្វើ​មន្ត្រី​ខាង​ផ្គូរ​ផ្គង​រារែក​ចិត្ត ក្នុងការ​ចាប់​គូ​ឲ្យ​ប្រកួត​។​

​ការប្រកួត​លើក​នេះ លោក ឡុង វិបុល ដែលជា​គ្រូបង្វឹក​របស់​តុង​ហ៊ី បាន​ធានាថា តុង​ហ៊ី នឹងធ្វើ​បានល្អ ព្រោះ​គេ​ហ្វឹកហាត់​ពេញ​តែម្ដង​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ កុង កាង​វ៉ាន់ វិញ​គេ​ក៏​មិន​ខ្សោយ​ដែរ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ដែរ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិនសូវ​ប្រើ​កែង​ទេ តែ​កណ្ដាប់ដៃ ជង្គង់ និង​ការ​ទាត់​ចេញ​របស់គេ​ល្អ ហើយ​ធ្ងន់​ទៀតផង​។ គេ​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​តស៊ូ​ជាមួយ​គូប្រកួត​បាន ៥​ទឹក ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។​

​សម្រាប់​ការប្រកួត​នេះ ទាំងសងខាង​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា ខាង​ណា​មាន​សមត្ថភាព​ជាង​នោះទេ​។ ចំពោះ តុង​ហ៊ី កាន់តែ​ត្រូវការ​ឈ្នះ​ថែមទៀត ដើម្បី​រក​ទីផ្សារ​ប្រកួត​ឲ្យ​កាន់តែ​បាន​ច្រើន​។ នរណា​ជួប​សំណាងល្អ​ក្នុងការ​ប្រកួត​នេះ​?

​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ កេង កាត់ (Keng Kat) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៧​គីឡូក្រាម​ដែរ​។​

​រិទ្ធី បន្ទាប់ពី​ស្រុតចុះ​មួយរយៈ​នោះ ពេលនេះ​គេ​ហាក់ដូច​ជាមាន​ការរីក​ចម្រើន​ឡើងវិញ គឺ​ការប្រកួត​ភាគច្រើន​គេ​បានទទួល​ជ័យជំនះ​។ តែ រិទ្ធី លំបាក​នឹង​ទុកចិត្ត​ណាស់ ព្រោះ​កម្លាំង​របស់គេ​ឆាប់​ធ្លាក់ចុះ គឺ​គេ​វ៉ៃ​បានតែ​ជាង ២​ទឹក កម្លាំង​ចាប់ផ្ដើម​ធ្លាក់​តែម្ដង​។​

​កេង កាត់ គេ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ​ញឹកញាប់​ដែរ​។ ជង្គង់​របស់គេ​អស្ចារ្យ​ជាង​ជង្គង់ រិទ្ធី ទៅទៀត​ហើយ​គេ​វ៉ៃ​មិន​ឆេវឆាវ​ដូច​រិទ្ធី​ឡើយ គឺ​គេ​វ៉ៃ​ដោយ​មិន​ច្រឡោត​។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា សំណាង​ល្អជា​របស់​នរ​ណា​ឡើយ​៕L ដោយ​៖ រ៉ូ​ហ្សា​