ធ្ងន់​កៈ សម្តេចក្រុមព្រះ​ដកតំណែង​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បី​រូប​

1544
ចែករម្លែក
  • 1.1K
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នៅ​ទីបំផុត​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​សម្រេច​បញ្ចប់​មុខតំណែង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​បួនរូប ពីមុខ​តំណែង​សំខាន់ៗ​នៅក្នុង​គណបក្ស​។ មន្ត្រី​ទាំង​បួនរូបដែល​ត្រូវ​បញ្ចប់​មុខតំណែង​មានដូចជាៈ ១.​លោក​យូ ហុកគ្រី ពី​អនុប្រធាន​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច និង​មុខតំណែង​ផ្សេងៗ​ទៀត​។ ២.​លោក​ប៉ោ ប៊ុន​ស្រ៊ឺ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មុខតំណែង​ផ្សេងៗ​ទៀត​។ ៣.​លោក​ញ៉េប ប៊ុនជិន អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចនិង​មុខតំណែង​ផ្សេងៗ​​ទៀត និង​ទី​៤.​លោក វ៉ាន់ សុផាន់​ណា ពី​អគ្គលេខាធិការរង​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មុខ​តំណែង​ផ្សេងៗ​ទៀត​។ក៏មានការតែងតាំងអ្នកនាំពាក្យថ្មីផងដែរ។

លោក យូ ហុកគ្រី

​សេចក្តីសម្រេច​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ ដែល​ទើបតែ​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា​នេះ​។​
​ជាមួយគ្នានេះ សម្តេចក្រុមព្រះ​ក៏បាន​តែងតាំង​មុខតំណែង​លោក​យូ ហុកគ្រី , លោក​ប៉ោ ប៊ុន​ស្រ៊ឺ និង​លោក​ញ៉េប ប៊ុនជិន ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​គណបក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
​សម្តេចក្រុមព្រះ ក៏បាន​តែងតាំង​ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ជា​ព្រះប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក ពេជ្រ សូ​ជេដ្ឋា ជា​អគ្គលេខាធិការ​ប្រតិបត្តិ​។
​នេះ​បើ​យោងតាម​សេចក្តីសម្រេច​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​។​


​ការតែងតាំង​នេះ ខណៈពេលដែល​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងតែ​សម្រាក​ព្យាបាល​ព្រះកាយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​
យោងតាម​សេចក្ដីសម្រេច​បានបញ្ជាក់​ថា ព្រះប្រធាន​ស្ដីទី​គណបក្ស និង​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ភារកិច្ច និង​សិទ្ធិ​ដូចតទៅៈ ព្រះប្រធាន​ស្ដីទី​គណបក្ស​ដឹកនាំ ចាត់ចែង សម្រេច​រាល់​ការងារ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ នៅពេល​អវត្តមាន​ព្រះប្រធាន​គណបក្ស​ក្នុងពេល​សម្រាក​ព្យាបាល​ជំងឺ​។ អគ្គលេខាធិការ​ប្រតិបត្តិ​ដឹកនាំ ចាត់ចែង មាន​ភារកិច្ច​ដឹកនាំ ចាត់ចែង សម្រេច​រាល់​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​គណបក្ស​ហ្វ៊ុនស៊ិចប៉ិច ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ព្រះប្រធាន​ស្ដីទី​គណបក្ស​មាន​សិទ្ធ​សម្រេច​កែសម្រួល ផ្លាស់ប្ដូរ តែងតាំង​សមាសភាព​នានា​តាម​ការចាំបាច់ និង​មាន​សិទ្ធិ​អនុវត្តន៍​រាល់​ការងារ​ផ្សេងៗ ដូច​មានចែង​ក្នុង​លក្ខន្តិកៈ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច​។

ទន្ទឹុមនេះដែរក៏មានការតែងតាំងលោកណុប សុធារិទ្ធជាអ្នកនាំពាក្យថ្មីនៃគណបក្សនេះ៕​សរន​