ធ្លាក់​យន្តហោះ​នៅ​ម៉ិ​ក​ស៊ិ​ច អត់​មាន​អ្នកស្លាប់​តែ​របួស​៣៧​នាក់​

1019
ចែករម្លែក

យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍Aeromexicoមួយបានធ្លាក់ក្រោយចេញដំណើរនៅរដ្ឋឌុយរ៉ង់ហ្គោភាគខាងជើងកាលពីថ្ងៃអង្គារ តែអភិបាលរដ្ឋបាននិយាយថាមិនមានមនុស្សស្លាប់ពីឧបទ្ទវហេតុនេះទេ មានតែ៣៧នាក់រងរបួសស្រាល។

មន្រ្តីការពារស៊ីវិលប្រចាំរដ្ឋ បាននិយាយថា យន្តហោះបានធ្លាក់នៅក្នុងទីវាលមួយជិតអាកាសយានដ្ឋាន និងធ្លាក់ក្បាលចុះក្រោម នៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីផ្លូវរត់។”អ្នករបួសធ្ងន់ជាងគេគឺអ្នកបើក ដោយសារច្រមុះយន្តហោះធ្លាក់ដល់ដីមុនគេ។អ្នកដំណើរភាគច្រើនចេញពីយន្តហោះដោយខ្លួនឯងនិង៣៧នាក់របួសតិចតួច”។

មន្រ្តីនៅនាយកដ្ឋានគមនាគមន៍ម៉ិកស៊ិចបាននិយាយថា អ្នកដំណើរ៩៧នាក់និងសមាជិកយន្តហោះ៤នាក់បានស្ថិតនៅក្នុងយន្តហោះដែលធ្លាក់។

ក្នុងពេលជាមួយគ្នាវាមិនទាន់ច្បាស់ថាតើយន្តហោះធ្លាក់ក្រោយចេញដំណើរបានបន្តិចឬរត់ធ្លាក់ផ្លូវទាំងមិនទាន់បានឡើងផុតពីដីផង តែព័ត៌មានច្បាស់គឺថា យន្តហោះបានព្យាយាមហោះឡើងក្នុងពេលមានព្យុះ៕ដោយ៖វាសនា

បុគ្គលិកជួយសង្រ្គោះនិងអ្នកពន្លត់ភ្លើងនៅកន្លែងយន្តហោះធ្លាក់នៅទីវាលមួយជិតអាកាសយានដ្ឋានឌុយរ៉ង់ហ្គោកាលពីថ្ងៃ៣១កក្កដា