ធ្លាប់តែ​ឡើង​ច្រៀង​នៅ​ចំពោះ​ទស្សនិកជន​រាប់ម៉ឺន​នាក់ តែ ព្រាប សុវត្ថិ បែរជា​ចាញ់​ច្រាប​ញ័រ​នៅ​ចំពោះមុខ​មនុស្ស​ប៉ុន្មានរ​យ​នាក់​

1332
ចែករម្លែក

(​ភ្នំពេញ​)៖​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើក​ទី​២ នៅ​វិមាន​សន្តិភាព​ស្តីពី «​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» កាលពី​ព្រឹក​ថ្ងៃទី​២២​ខែសីហា ឆ្នាំ​២០១៧​នេះ​បន្ទាប់ពី​តួអង្គ​សំខាន់ៗ​ឡើង​ថ្លែង​ចំណាប់អារម្មណ៍​និង​លើក​ជា​សំណើ​រួចមក សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ងាក​ទៅកាន់​​ផែន​អ្នកសិល្បៈ និង​អញ្ជើញ​អោយ​ឡើង​ផ្តល់​ចំណាប់អារម្មណ៍​ជុំវិញ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក្នុងនោះ​សម្តេច​បាន​ចុច​ឈ្មោះ​លោក​ព្រាប សុវត្ថិ មុនគេ និង​បន្ទាប់មក​អ្នកចំរៀង​ស្រី​ល្បី​គឺ​កញ្ញា​មាស សុខ​សោភា​។​

​ជាមួយនឹង​សម្តី​មិន​ក្លាហាន កំពូល​តារាចំរៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស រូបនេះ បាន​និយាយថា​«…​ខ្ញុំ​អត់​មាន​គំរោង​ទុក ដល់​អ៊ីចឹងទៅ​ឡើងមក​ញ័រ​ ​អធ្យាស្រ័យ​ ​ហើយ​ក៏ពូ​អញ្ជើញ​មក​អត់​ដឹង​និយាយ​ពី​អី​ផង​។​អរគុណ​ដែល​បាន​អញ្ជើញ​ ​សិល្បករ​មួយចំនួន​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដើម្បី​អោយដឹងថា​តើ អើ មាន​អ្វីខ្លះ​ដែល​ប្លែក​ក្នុងប្រទេស​របស់​យើង​…​អរគុណ​ពូ​»​។​

​ជាមួយនឹង​សំណើច សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​«​ប៉ុណ្ណឹង​ក៏បាន​អរគុណ​…»​។​

​ព្រម​គ្នា​នោះ​ ​សម្តេច​បាន​មានប្រសាសន៍ថា​អ្វីដែល​ផ្នែក​សិល្បៈ​អាច​ចូលរួម​ជួយ​ការងារ​នេះ​បាន​ ​ដោយ​ចំពោះមុខ​«​ក្មួយ​ក៏ដូចជា​ក្មួយៗ​ដទៃ​​ទៀត​ ​គឺ​សិល្បៈ​ក៏​អាចរួមចំណែក​បាន​តាម​រយៈ​នៃ​សំនៀង​របស់ខ្លួន​ទៅលើ​ការស្រឡាញ់​ធម្មជាតិ​ ​ស្រឡាញ់​ព្រៃឈើ​ ​ស្រឡាញ់​សត្វ​ ​ស្រឡាញ់​បរិស្ថាន​ ​ដូច្នេះ​ការ​តែង​និពន្ធ​ការ​ច្រៀង​កុំ​ភ្លេច​ក្មួយៗ​មាន​ឥទ្ធិពល​ណាស់​ជាមួយនឹង​សិល្បៈករ​ជាមួយ​អ្នកមើល​រាប់ពាន់​រាប់ម៉ឺន​នាក់​…​។​គ្រាន់តែ​អ្នកមើល​ខន​សឺត​ម្តងៗ​រាប់ម៉ឺន​នាក់​ប៉ុន្តែ​មក​ចាញ់​ច្រាបៗ​ប៉ុន្មាន​រយ​នាក់​…»​។​

​បន្ទាប់ពី​ព្រាប សុវត្ថិ កញ្ញា មាស សុខ​សោភា បាន​ឡើង​បញ្ចេញមតិ​រាង​ញ័រ​មាត់​ដែរ​និង​ទទួលស្គាល់ថា​«​ភ័យ​»​ព្រោះ​មិនដែល​ឡើង​និយាយ​​បែបនេះ​។​កញ្ញា​ស្នើសុំ​សម្តេច​តេ​ជោ បង្កើត​សួន​ឧ​ស្យា​ន​នៅ​រាជធានី​ភ្នំពេញ និង​កុំ​ហូប​សាច់​សត្វព្រៃ កុំ​ទិញ​សត្វព្រៃ​។ កញ្ញា​ក៏បាន ស្នើសុំ​បន្ថែម ជួយ​អភិរក្ស​បឹង​តា​មោក ដែល​ស្ថិតនៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ផងដែរ ៕​ដោយ​៖​វាសនា​