ធ្លាប់​ចូល​មណ្ឌល​និង​ជាប់គុក ៥​ដង ចេញ​មកវិញ​បង្ខាំង​វាយដំ​អតីត​ប្រពន្ធ ត្រូវ​កូនស្រី​រត់​មកប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​

1168
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់វាយ​ខ្នោះ បន្ទាប់ពី​ជនសង្ស័យ​ចេញពី​គុក​មកវិញ​៥​ខែ ចាប់​អតីត​ប្រពន្ធ​បង្ខាំង ហើយ​ធ្វើ​ការវាយដំ​ជាំ​ពេញ​ខ្លួន និង​យក​ប៊ិក​ចាក់​អតីត​ប្រពន្ធ ហើយ​ត្រូវបាន​កូនស្រី​អាយុ​១២​ឆ្នាំ រត់​មកប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ព្រឹក​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៨ នៅ​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​

​សមត្ថកិច្ច​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ជា ណា​រ៉េត ហៅ​អា​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រីឯ​អតីត​ប្រពន្ធ​ឈ្មោះ សោម​សុផាន់​ណា អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ស្រុកកំណើត​សង្កាត់​ច្រាំង​ចំ​រ៉េះ​២ ខណ្ឌឫស្សីកែវ​។​

​បើតាម​អតីត​ប្រពន្ធ​ឱ្យដឹងថា នាង​និង​ប្តី​អប្រិយ​របស់​នាង​បាន​យកគ្នា​រស់នៅ​ជាមួយគ្នា ដោយ​មិនបាន​រៀបការ​តាំងពី​ឆ្នាំ​២០០៦ ហើយ​ចំណងដៃ​នៃ​សេចក្តីស្នេហា​ទទួលបាន​កូន​ស្រី​ម្នាក់​ប្រុស​ម្នាក់ នៅក្នុង​គ្រួសារ ប៉ុន្តែ​ដោយសារ​ឥទ្ធិពល​ថ្នាំញៀន​ចូលលុកលុយ​ក្នុង​ខ្លួន​ប្តី​នាង​ខ្លាំងពេក ក៏បាន​ធ្វើឱ្យ​ប្តី​នាង​អុកឡុក​ក្នុង​គ្រួសារ​ធ្វើបាប​នាង និង​កូនៗ ក៏ដូចជា​ម្តាយក្មេក​របស់​នាង​ធ្លាប់​ឆក់​លួច​ទ្រព្យសម្បត្តិ​យកទៅលក់​ខ្ទេចខ្ទី​គ្មាន​សល់​។

​នារី​អភ័ព្វ​រូប​នោះបាន​បន្តទៀតថា ដោយសារតែ​ញៀន​ថ្នាំខ្លាំង​ពេក​លែង​ស្គាល់​ខុសត្រូវ ម្តាយក្មេក​របស់​នាង​បាន​យកទៅដាក់​មណ្ឌល​បន្សាប​គ្រឿងញៀន​ចំនួន​៤​កន្លែង និង​ធ្លាប់​ជាប់គុក​ម្តង​រយៈពេល​ជាង​២​ឆ្នាំ​ហើយ​តែងតែ​វាយដំ​ជ្រាំ​ធាក់​នាង​មិនសូវ​លោះ​ថ្ងៃ​ឡើយ ទើប​នាង​ទ្រាំលែងបាន​ក៏​លែងលះគ្នា​រយៈពេល​ជាង​២​ឆ្នាំ​មកហើយៗ​ពេល​ថ្មីៗ​នេះ​អតីត​ប្តី​នាង​បាន​ឆក់​កាបូប​របស់​នាង​យកទៅ​បាត់​ដែលមាន​ប្រាក់​សរុប​ជាង​១​ពាន់​ដូ​ល្លារ​និង​ទូរ​សព្ទ័​មួយគ្រឿង​ដល់ពេល​ចាយលុយ​អស់​ត្រឡប់មកវិញ​រកលុយ​ទៀត​មិនបាន​ក៏​វាយ​ធ្វើបាប​នាង​ទាត់​ធាក់​នាង​ជាំ​ពេញ​ខ្លួន ។

​ស្ត្រី​រងគ្រោះ​បាន​បន្ថែមថា​នៅ​ថ្ងៃកើតហេតុ​នេះ​អតីត​ប្តី​នាង​បាន​ចាប់​នាង​បង្ខាំង​ក្នុងផ្ទះ​ធ្វើជា​ចំណាប់ខ្មាំង​យក​ប៊ិក​ភ្ជង់​ចាក់​បំពង់ក និង​ចាក់​គំ​ត្រចៀក​រងរបួស​ស្រាល​មួយកន្លែង ទើប​កូនស្រី​អាយុ​១២​ឆ្នាំ​រត់​មកប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សីកែវ ឱ្យទៅជួយ​អន្តរាគមន៍ រំដោះ​នាង​ចេញពី​ប្តី​កំណាច​បាន​រួចខ្លួន​វិញ​។​

​កូនស្រី​តូច​របស់​នាង​បាន​និយាយថា ប៉ា​គេ​ធ្លាប់​វាយ​ធ្វើបាប​ម្តាយ​គេ​ស្ទើរ​រាល់ថ្ងៃ ធ្លាប់​ចាប់​ខ្លួនគេ​ជា​ចំណាប់ខ្មាំង ហើយ​ឱ្យ​ម៉ាក់​នាង​យកលុយ​ទៅ​លោះ ធ្លាប់​យក​កាំបិត​ចាក់​ម៉ាក់​នាង​ធ្លាប់​យក​ប្រដាប់​អ៊ុតសក់​ទៅ​អ៊ុត​ខ្លួន និង​ដៃជើង​ម៉ាក់​នាង​ឱ្យ​របួស និង​ធ្លាប់​គំរាម​សំលាប់​ទាំង​គ្រួសារ​។ នាង​តូច​បន្តថា និយាយ​ទៅ​តាំងពី​ប៉ា​នាង​មិនទាន់​ចូល​គុក និង​ពេល​ចេញពី​គុក​វិញ គ្រួសារ​នាង​គ្មាន​សេចក្តីសុខ​នោះទេ បើ​ទោះ​ប៉ា​ម៉ាក​របស់គេ​បាន​លែង​គ្នា​ហើយក៏​ដោយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ល​

#