ធ្លាយ​ក្លិន​មិនល្អ​ចេញពី “​គ្រួសារ​តារា​កម្ពុជា​”

1054

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រុម​តួ ឬ​ហៅថា​តារា​សម្តែង​មួយចំនួន បាន​រិះគន់​ទៅលើ​អ្នករៀបចំ​កម្មវិធី “​គ្រួសារ​តារា​កម្ពុជា​” ដែល​បាន​តម្រូវឱ្យ​តួ និង​អ្នកសិល្បៈ​មួយចំនួន​បង់លុយ​ម្នាក់​២០​ដុល្លារ , ៥០​ដុល្លារ ទៅ​១០០​ដុល្លារ ដើម្បី​បាន​មេដាយ និង​ពានរង្វាន់​សម្រាប់​ការ​លេចមុខ នៅក្នុង​កម្មវិធី​គំរប់​ខួប​ពីរ​ឆ្នាំ “​គ្រួសារ​តារា​កម្ពុជា​” កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​។ ប៉ុន្តែ​អ្នករៀបចំ​កម្មវិធី​បាន​បដិសេធថា មិនបាន​ទារលុយ​ពី​តួ​ទេ តែ​ជាការ​បរិ​ច្ឆា​គ​ដោយ​ស្ម័គ្រចិត្ត​។​

​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា អ្នករៀបចំ​កម្មវិធី​បាន ដើរ​ប្រមូល​លុយ​ពី​តារា​ថ្មីៗ ដើម្បី​មានមុខ​ទទួលពាន ឬក៏​ប័ណ្ណសរសើរ​ណាមួយ​នោះ​! ដែល​តារា​ខ្លះ គ្រាន់តែ​ចូលរួម​រៃអង្គាស ម្តង​សោះ ក៏​ទទួលបាន​មេដាយ​ការងារ​ក្រោយ​ជួយ​សកម្មភាព​ក្រុម​លើ​ផ្នែក​សង្គម​។​

​កម្មវិធី “​គ្រួសារ​តារា​កម្ពុជា​” ដែល​ប្រារព្ធ​គំរប់​ខួប​ពីរ​ឆ្នាំ ក្នុង​ការចែក​ពាន​សរ​សើរ​ដល់​តារា​រាប់រយ​នាក់​នោះ មាន​ទទួល​គាំទ្រ​ផង​និង​ការរិះគន់​ផង ស្របពេល​ម្ចាស់​កម្មវិធី​នេះ​បាន​ប្រតិកម្ម​និង​ឡើង​ជេរ​ក្នុង Facebook Messenger ដល់​បណ្តាសារ​ព័ត៌មាន​ណា​មិន​ជួយ​ចុះផ្សាយ​សរសើរ​ហើយ​បែរ​ហ៊ាន​លាតត្រដាង​ការពិត​យកលុយ​ពី​តួ​និង​អ្នកសិល្បៈ​។​

​ក្រោយ​មាន​អ្នកសារព័ត៌មាន​ជាច្រើន នាំគ្នា​ចុះផ្សាយ​ត​គ្នា​ចំពោះ​រឿងអាស្រូវ ដែល​កម្មវិធី​នេះ បានធ្វើឱ្យ​តារា​ជើងចាស់​ជាច្រើន​នាំគ្នា​ខកចិត្ត ហើយ​ម្ចាស់​កម្មវិធី​រៀបចំ​មិនសូវ​ឱ្យ​តម្លៃ​ដល់​រាមច្បង​ផងដែរ ខណៈ​កម្មវិធី​នេះ បាន​តម្រូវ​ម្នាក់ៗ​បង់លុយ​១០០​ដុល្លារ ជា​ថ្នូរ​នឹង​បាន​មេដាយ​និង​ពាន​សរសើរ​។

​លោក​ផាត់ ដា​រា​រ័ត្ន អ្នករៀបចំ​កម្មវិធី​គ្រួសារ​តារា​កម្ពុជា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលបី​រសៀល​ថ្ងៃទី​១១ ខែកក្កដា​ថា សម្រាប់​តួ​ដែល​ចុះឈ្មោះ​ចូលរួម​កម្មវិធី គឺ​តម្រូវ​ឲ្យ​ជួយ​បង់​ថវិកា​២០​ដុល្លារ សម្រាប់​តួ​ដែលជា​សមាជិកគ្រួសារ​តារា​កម្ពុជា​។ ចំណែក​តារា​សិល្បៈ​ដែល​អញ្ជើញ​មកពី​ខាងក្រៅ គឺ​អត់​មាន​តម្រូវ​ឲ្យ​បង់​អ្វី​ទាំងអស់ អញ្ជើញ​ជា​កិត្តិយស​នៅក្នុង​កម្មវិធី ប៉ុន្តែ​បើ​តារា​ទាំងនោះ​មាន​ទឹកចិត្ត ជួយ​យើង​១០០​ដុល្លារ គឺ​យើង​ឲ្យ​មេដៃ​កិត្តិយស​មួយ​ជូន​គាត់​។ ហើយ​រឿងនេះ​ជា​កម្មវិធី​នេះ​សប្ប​រសធម៌ ដែល​យើង​ស៊ែ​គ្នា​ជាមួយ​តារា​កម្ពុជា​ធ្វើ​ពិធីជប់លៀង​។​

​លោក​បាន​បញ្ជាក់ថា “​សម្រាប់​សមាជិកគ្រួសារ​តារា​កម្ពុជា​ចំនួន​១០០​នាក់ ដែលមាន​ឈ្មោះ​ទទួល​មេដៃ​កិត្តិយស មានន័យថា គាត់​ធ្លាប់ធ្វើ​កិច្ចការ​សង្គម និង​កម្មវិធី​សប្បុរសធម៌ គឺ​គាត់​ត្រូវ​ទទួលបាន​មេដៃ​។ ប៉ុន្តែ​យើង​ប្រាប់​គាត់​ថា កម្មវិធី​យើង​អត់​មាន​ឧបត្ថម្ភ​ទេ អីចឹង​តារា​ណា​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​កម្មវិធី​ជប់លៀង គឺ​យើង​សុំ​ឲ្យ​គាត់​ជួយ​បរិ​ច្ឆា​គ​២០​ដុល្លារ​”៕