ធ្លាយ​ព័ត៌មាន​ថា មាន​អ្នក​ចង់​រត់ការ​ដោះលែង​ជនជាតិ​ចិន​១៩​នាក់​ដែល​បើ​ល​ល្បែង​ខុសច្បាប់​

398
ចែករម្លែក
  • 11
    Shares

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖​ ធ្លាយ​ព័ត៌មាន ពី​ក្នុង​ស្ថាប័ន​តុលាការ​មក​ថា មាន​ខាង​មគ្គុទេសក៍​ទេសចរណ៍​ម្នាក់ មេធាវី​ម្នាក់ និង​មន្ត្រី​តុលាការ​ផង កំពុង​រត់ការ​ដោះលែង​ជនជាតិ​ចិន​ប្រុស​​ស្រីចំនួន​១៩​នាក់ ក្នុងករណី​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​ក្រុង​សៀមរាប ជា​ថ្នូ​នឹង​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត បាន​បញ្ជាក់ថា មិនមាន​ការដោះលែង​នោះទេ​។​

ប្រភព​បាន​ទម្លាយ​ថា នៅ​ប៉ុន្មាន​ថ្ងៃ​មុននេះ មាន​មគ្គុទេសក៍ ភាសា​ចិន​ម្នាក់​បានមក​កាន់​តុលាការ​ខេត្តសៀមរាប ត្រៀមខ្លួន​រត់ការ​សុំ​ដោះលែង​ជនជាតិ​ចិន​ប្រុស​.​ស្រី ចំនួន​១៩​នាក់ ដែល​ក្នុង​ម្នាក់ៗ​នឹងត្រូវ​ចំណាយ​ជិត​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ដំណើរ​ការនៅ​មិនទាន់​សម្រេច​មួយ​ភាគរយ​ទេ ដោយ​រឿងនេះ​ហាក់​លាក់បាំង​មិនបាន​ជិត​ល្អ​។​

ក្នុងករណីនេះ​លោក យិន ស្រាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បាន​ថ្លែង​តាម​ទូរ​សព្ទ័​ថា លោក​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​អំពី​ព័​ត៍​មាន​នេះ​។ ប៉ុន្តែ​រូបលោក​រួមទាំង​មន្ត្រី បាន​ទៅពិនិត្យ​ដល់​ពន្ធនាគារ ហើយ​ជន​ជាប់ ចោទ​ទាំងអស់ ស្ថិតនៅ​ទីនោះ​នៅឡើយ​។ លោក​បាន​បន្តថា ចំពោះ​ព័​ត៍​មាន​នេះ បែកធ្លាយ​មកពីណា មានតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​ដែល​អាច​ស៊ើបអង្កេត​ដឹង​។​

សូម​រម្លឹកថា កាលពី​វេលា​ម៉ោង ១៤​និង​៣០​នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តរាគមន៍​និង​តម្រួត​បទបញ្ជាកម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក រៀម ច័ន្ទ​ម្នី និង​លោក ថេ​ង សំណាង ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប ចុះបង្ក្រាប​ករណី​បើក​ភ្នាល់​ល្បែង​ស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត នៅក្នុង​ទីតាំង​ផ្ទះជួល​ចំនួន ០២​ទីតាំង ស្ថិតនៅ​ភូមិ ភ្ញា​រ​ជ័យ និង​ភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន១៩​នាក់ ស្រី៥នាក់ ជា​ជន​ជាតិចិន រួម​នឹង​វត្ថុតាង​មួយចំនួន​បញ្ជូន​មកកាន់​តុលាការខេត្ត ហើយ​ចៅក្រម​បានសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​។​

​ក្នុងករណី​នេះដែរ មហាជន​នៅ​រង់ចាំ​មើលថា តើ​អាចមាន​ការដោះលែង​ជន​ទាំង​១៩ នាក់​នោះ​មែនឬ​យ៉ាងណា​?​ បើ​ទំហំ​ទឹកប្រាក់​ដែល​គេ​គ្រោង​ចំណាយ​នោះ​វា​ធំ​រហូត​រាប់ម៉ឺន​ដុល្លារ​បែបនេះ​៕​B/