ធ្វើការ​តាម​អន​ឡាញ​ពី​ផ្ទះ ដើម្បី​ទប់ស្កាត់ ខូ​វីដ​១៩

124
ចែករម្លែក

​ចាប់តាំងពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ស្ថាប័ន​ក្រសួង​រដ្ឋ​មួយចំនួន រួមទាំង​រដ្ឋសភា​បានដាក់​ចេញ នូវ​វិធានការ កាត់បន្ថយ​ឯកសារ​រដ្ឋបាល​និង​តម្រូវឱ្យ​មន្ត្រី​ធ្វើការ​ពី​ផ្ទះ​។ បើ​មិនមាន​ការចាំបាច់ មន្ត្រីរាជការ​ទាំងនោះមិនចាំបាច់​មក​ការិយាល័យ​ធ្វើការ​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​ឡើយ​។

​យ៉ាងណាក៏ដោយ ​ក្រសួង​ស្ថាប័នរដ្ឋ រួមទាំង​រដ្ឋសភា នៅ​ដំណើរការ​ការងារ និង​កិច្ចប្រជុំ​ជាធម្មតា​។ កិច្ចប្រជុំ​ខ្លះ ក៏​ធ្វើតាម​វីដេអូ​ខន​ហ្វឺ​រេ​ន​។ ប៉ុន្តែ​ក្រសួង​ស្ថាប័នរដ្ឋ រួមទាំង​រដ្ឋសភា នឹងមិន​មានការ​បញ្ជូន​មន្ត្រី​ទៅ​ចូលរួម​កម្មវិធី ឬ​កិច្ចប្រជុំ​នៅក្រៅ​ប្រទេស​ឡើយ​។​

​វិធានការ​របស់​ក្រសួង​ស្ថាប័នរដ្ឋ និង​រដ្ឋសភា​នេះ ដើម្បី​កាត់បន្ថយ​ការ​ចរាចរណ៍​ឯកសារ និង​កាត់បន្ថយ​ការជួប​ទំនាក់ទំនង​គ្នា​ដោយផ្ទាល់ រវាង​មន្ត្រី ជាមួយ​មន្ត្រី ឬ​បុគ្គល​ខាងក្រៅ ដោយ​រៀបចំ​បង្កើត​បណ្ដាញ​អន​ឡាញ ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ​ប្រចាំ​ថ្ងៃនេះ​។​

​ក្រៅពី​វិធានការ​ការពារ​ការរីក​រាលដាល​ជំងឺឆ្លង covid19 ដោយ​ធ្វើការ​តាម​អន​ឡាញ ពី​ផ្ទះ​នេះ នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន ភោជនីយដ្ឋាន ហាង​លក់ទំនិញ ផ្សារ​ទំនើប ជាដើម ក៏បាន​ដាក់​ទឹក​អាល់កុល​លាងដៃ នៅ​ទ្វារ​ចេញចូល ហើយ​នៅ​ស្ថាប័ន​ខ្លះ ក៏មាន​ប្រើ​ម៉ាស៊ីន​វាស់កម្តៅ​បុគ្គលិក​ផងដែរ​។
​ ​
វិធានការ​អនាម័យ និង​ការតម្រូវ​ឲ្យ​មន្ត្រី​បុគ្គលិក ធ្វើការ​អន​ឡាញ ដោយ​មិនចាំបាច់​មក​កន្លែងធ្វើការ ឬ​ក្រសួង​ស្ថាប័ន ក្រុមហ៊ុន​ដោយផ្ទាល់​នេះ ត្រូវបាន​ធ្វើឡើង ខណៈដែល​ប្រទេសកម្ពុជា​យើង​បាន​រកឃើញ​ជា​បន្តបន្ទាប់​នូវ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ កើនឡើង​ដល់ ២៤​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​១៧ ខែមីនា ។ ក្នុងនោះ រួមមាន ខ្មែរ ១៦​នាក់ និង​ជនបរទេស ៨​នាក់ ( ចិន​ម្នាក់ អង់គ្លេស​បីនាក់ កាណាដា​ម្នាក់ ប៊ែ​ល​ហ្សិ​ក​ម្នាក់ និង​បារាំង​ពីរ​នាក់ )​។

​ជាមួយគ្នា​នោះ កាលពី​ថ្ងៃទី​១៧​មីនា ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា ខ្មែរ​អ៊ីស្លាម ដែល​ទើប​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​១៣​នាក់​ខាងលើនេះ​ស្ថិតក្នុង​ចំណោម​ខ្មែរ​អ៊ីស្លាម ៧៩​នាក់ ដែល​ទើប​មកពី​ចូលរួម​ពី​ពិធីបុណ្យ នៅ​ប្រទេស​ម៉ាឡេស៊ី​។

​យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល តាមរយៈ​សេចក្តីប្រកាស នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា បាន​អំពាវនាវ​ដល់​សាធារណជន ឲ្យ​រក្សា​ភាពនឹងនរក្នុង​ចិត្ត កុំ​មានការ​ភ័យខ្លាច​ជឿទុកចិត្តលើ​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​។ ក្នុងនោះ ក្រសួងសុខាភិបាល ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង ថែរក្សា​អនាម័យ​ដៃ ខ្លួនប្រាណ ចំណីអាហារ និង​បរិស្ថាន​ជុំវិញខ្លួន ឲ្យ​បាន​ជាប់​ជាប្រចាំ​។​ក្រសួង​ក៏បាន​បញ្ជាក់ថា​ខូ​វីដ​១៩​មិនទាន់​បានកើតនៅក្នុង​សហគមន៍​នៅឡើយ​ទេ​។​វិជ្ជមាន​វីរុស​ខូ​វីដ​១៩​ដែល​បាន​រកឃើញ​គឺជា​ខូ​វីដ​១៩​ដែល​នាំចូល​ពី​ខាងក្រៅ​ទាំងអស់​។

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា ក្រុមគ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល​បាន​សហការ ជាមួយ​ពេទ្យ​ទាហាន និង​ពេទ្យ​ប៉ូលិស ដើម្បី​រួមសហការ​គ្នា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ឲ្យ​កាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បំណង​បញ្ចៀស​នូវ​ការចម្លង​ក្នុង​សហគមន៍​ជាយថាហេតុ​។​

​ជារួម​មន្ត្រីរាជការ និង​បុគ្គលិក​តាម​ក្រុមហ៊ុន ដែល​ស្ថាប័ន​ក្រសួង​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ធ្វើការ តាម​អន​ឡាញ នៅផ្ទះ ដោយ​មិនចាំបាច់​មក​កន្លែងធ្វើកា​រ ក្នុង​កាលៈទេសៈ​ប​ពេលនេះ គួរតែ​ស្មោះត្រង់​នឹង​ខ្លួនឯង​។ ពោលគឺ​ត្រូវ​ធ្វើការ​យ៉ាង​ហោចណាស់ ៨​ម៉ោង ក្នុង ១​ថ្ងៃ ដូច​ការងារ​ធម្មតា ដោយ​មិនត្រូវ​គេចវេះ អាង​តែ​មេ​មិនដឹង លួច​ខ្ជិល​នោះឡើយ​ វារលែង តែ​ការងារ​មួយចំនួនដែលជា​ការងារ​មិនមាន​ម៉ោង​កំណត់ ហើយ​គិតតែ​ពី​លទ្ធផល​ការងារ ដូចជា ការងារ​អ្នកកាសែត ត្រឹមតែ​បញ្ជូន​អត្ថបទ​ឲ្យ​គេទាន់​ម៉ោង ជាដើម​។

​ក្រៅពីនោះ មន្ត្រីរាជការ​ក្តី បុគ្គលិក​ក្រុមហ៊ុន​ក្តី ក៏​គួរតែមាន​ភាពស្មោះត្រង់​និង​ធ្វើការ​តាម​ម៉ោង ពេល​ដើម្បី​ជួយ​ដល់​ក្រសួង​ក្រុមហ៊ុន ក្នុងពេល​ប្រទេស​កម្ពុជា​យើង​ប្រឈម​នឹង​ជំងឺឆ្លង ដ៏​កាច​សាហាវ​នេះ​៕ ដោយៈ ម៉េង​ឆៃ /Ha