ធ្វើដំណើរ​នៅលើ​ស្ពាន​កាត់​សមុទ្រ​វែង​បំផុត​នៅ​ថ្ងៃ​ដំបូង​

2794
ចែករម្លែក

ស្ពានកាត់សមុទ្រវែងបំផុតក្នុងលោកដែលភ្ជាប់ហុងកុង ម៉ាកាវនិងមហាចិនដីគោក បានបើកដំណើរការសំរាប់សាធារណជនកាលពីថ្ងៃពុធទី២៤តុលា ដោយអ្នកដំណើរដែលមានចិត្តរំភើបធ្វើដំណើរជាលើកដំបូងនៅលើអ្វីដែលគេចាត់ទុកថា គំរោងហេដ្ឋារចនាសម្ពន្ធវិស្វកម្មប្រវត្តិសាស្រ្ត។

អ្នកដំណើរក្រុមទេសចរណ៍បានជួបជុំគ្នានៅបណ្តាស្ថានីយរថយន្តក្រុងកាត់ព្រំដែននៅហុងកុងនិងការីរថយន្តក្រុងបានផ្តល់អាហារដល់អ្នកដំណើរ។

អានហ្គី ចេង អាយុ៥៨ឆ្នាំ ដែលជិះរថយន្តក្រុងទៅកាន់ម៉ាកាវ បាននិយាយថា«ខ្ញុំចង់សាកមើលតើស្រួលប៉ុណ្ណា។ខ្ញុំនឹងមើលទេសភាពផងដែរ ។វាជាគំរោងវិស្វកម្មប្រវត្តិសាស្រ្តមួយ»។

ផ្លូវឆ្លងកាត់ប្រវែង៥៥គីឡូម៉ែត្រនេះភ្ជាប់ហុងកុងទៅក្រុងហ្ស៊ូហាយនៅចិនដីគោក និងទីក្រុងល្បែងម៉ាកាវ ។ពួកអ្នកគាំទ្រចាត់ទុកវាជាជោគជ័យវិស្វកម្មមួយ តែពួកអ្នកចាំតែរិះគន់ថាវាជាការព្យាយាមមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីធ្វើសមាហរណកម្មហុងកុងចូលក្នុងមហាចិនដីគោក។វាជាការសម្ពោធគំរោងហេដ្ឋារចនាសម្ពន្ធធំទី២ដែលភ្ជាប់ហុងកុងទៅចិនដីគោកនៅប៉ុន្មានសប្តាហ៍មកនេះ។កាលពីខែមុន ផ្លូវរថភ្លើងល្បឿនលឿនមួយដែលភ្ជាប់ហុងកុងទៅចិនក៏ត្រូវបានដាក់ដំណើរការផងដែរ។

ជាមួយនឹងទេសភាពសមុទ្រ ភ្នំនិងកោះថ្ម ស្ពាននេះមួយផ្នែកគ្របដោយអ័ព្ទកាលពីព្រឹកថ្ងៃពុធ ខណៈរថយន្តក្រុងដំបូងមួយចេញដំណើរទៅកាន់ម៉ាកាវ។អ្នកដំណើរ ត្រូវឆ្លងកាត់កន្លែងត្រួតពិនិត្យរបស់គយនិងអន្តោប្រវេសន៍នៅផ្នែកសងខាងនៃស្ពាន៕

អ្នកដំណើរចេញពីសាលចេញដំណើរនៅហុងកុងដើម្បីធ្វើដំណើរលើស្ពានហុងកុង-ម៉ាកាវ-ហ្ស៊ូហាយនៅថ្ងៃបើកដំណើរការដំបូង

ទិដ្ឋភាពរួមនៃស្ពានកាត់សមុទ្រវែងបំផុតលើលោក

#