ធ្វើ​ការសង់​ស្ថានីយ៍​បូមទឹក​បឹងទំពុន​បន្ថែម ដែលមាន​សមត្ថភាព​បូ​ម​ទឹកបាន ៦​ម៉ែត្រគូប ក្នុង​១​វិនាទី​

1169
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ធ្វើការ​សាងសង់​ស្ថានីយ៍​បូមទឹក​បឹងទំពុន​បន្ថែម ដែល​ស្ថានីយ​នេះ​មាន​សមត្ថភាព​បូមទឹក​បាន​៦​ម៉ែត្រគូប ក្នុង​១​វិនាទី ដោយ​រំដោះ​ទឹក​ចេញពី ៤​ខណ្ឌ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​ខណ្ឌមានជ័យ​។​
​ពាក់ព័ន្ធ​ការងារ​នេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​០១ ឧសភា ឆ្នាំ​២០១៨​នេះ​ថា​៖ ដើម្បី​កាត់បន្ថយ​ទឹក​ជន់​លិច​នៅ​តំបន់​បឹងទំពុន និង​តំបន់​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​សាងសង់​បន្ថែម​ស្ថានីយ៍​បូមទឹក​បឹងទំពុន ដែលមាន​សមត្ថភាព​បូ​ម​ទឹក​បន្ថែមចំនួន ៦​ម៉ែត្រគូប ក្នុង​១​វិនាទី​។​លោក​បន្តថា ក្រោយពី​សាងសង់​រួច ស្ថានីយ៍​នេះ នឹងមាន​សមត្ថភាព​បូ​ម​ទឹក​សរុប​ចំនួន ១៦​ម៉ែត្រគូប​ក្នុង​១​វិនាទី ដោយ​ទទួល​ទឹក​ពី ៤​ខណ្ឌ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​ខណ្ឌមានជ័យ​។​
​លោក សាំ ពិសិដ្ឋ ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ ការសាងសង់​បន្ថែម​ស្ថានីយ៍​បូមទឹក​បឹងទំពុន​នេះ យើង​មិនទាន់​ធ្វើ​ពិធីបើកការដ្ឋាន​ជា​ផ្លូវការ​នូវឡើយ​ទេ ដោយ​គ្រោង​នឹងធ្វើ​ពិធីបើកការដ្ឋាន​នៅក្នុង​ខែឧសភា​នេះ ។ លោក​ប្រធាន​បានបញ្ជាក់​បន្ថែមថា​៖ ស្ថានីយ៍​បូមទឹក​បឹងទំពុន​ដែលជា​ជំនួយ​របស់​ជប៉ុន​មាន​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​៥​គ្រឿង​រួចហើយ តែ​ដោយ​ស្ថានីយ​ចាស់​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការជួសជុល​ឡើងវិញ រួម​និ​ការសាងសង់​បន្ថែម​ស្ថានីយ៍​បូមទឹក​បឹងទំពុន​ថ្មី​មួយទៀត​ផងដែរ ដែល​ស្ថានីយ​ថ្មី​នេះ បើតាម​គម្រោង​យើង​នឹង​សាងសង់​ដោយ​បំពាក់​ម៉ូ​ទ័​រ​ចំនួន​៤​គ្រឿង ប៉ុន្តែ​ជា​ជំហាន​តំបូង​យើង​ស្ថាបនា​ដោយ​បំពាក់​ម៉ូ​ទ័​រ​ចំនួន​២​គ្រឿង សិន​៕

#