ធ្វើ​ពិធី​ប្រណាំង​ស៊ីក្លូ​ឆ្លុះបញ្ចាំង​ពី​ការអភិរក្ស​មធ្យោបាយ​មួយ​នេះ​បម្រើ​បរិស្ថាន​និង​វិស័យ​ទេសចរណ៍​

940
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​ដោយមាន​ការឯកភាព​គ្នា​រវាង​គណកម្មាធិកា​រ​អូឡាំពិក​ក្រសួងទេសចរណ៍​ក្រុមហ៊ុន​ទីភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​(CATA)​និង​សមាគម​ស៊ីក្លូ​បានរៀបចំ​ប្រណាំង​ស៊ីក្លូ​នៅ​រាជធានី​ភ្នំពេញ​។​ដោយ​យក​ទីតាំង​សួនច្បារ​ត្រើយម្ខាង​ជាប់​សណ្ឋាគារ​សុខា​ភ្នំពេញ​ធ្វើជា​ទីលានប្រណាំង​។​

​លោកស្រី​ឆាយ​ស៊ីវ​លីន​ប្រធាន​សមាគម​CATA​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅថ្ងៃនេះ​ថា​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​សមាគម​ដែល​ចង់ឱ្យមាន​ការអភិរក្ស​និង​លើកកម្ពស់​ស៊ីក្លូ​បម្រើឱ្យ​វិស័យ​ទេសចរណ៍​និង​បរិស្ថាន រក្សាបាន​នូវ​មធ្យោបាយ​មួយ​នេះ​ដែលមាន​តាំងពី​យូរណាស់​មកហើយ​។​

​លោកស្រី​បន្តថា​ពិធី​ប្រណាំង​នេះ​មានការ​ចូលរួម​ស៊ីក្លូ​ប្រមាណ​130​ស៊ីក្លូ​មកពី​សមាគម​ស៊ីក្លូ​កម្ពុជា ធាក់​ប្រណាំង​គ្នា​លើ​ប្រវែង​ជិត​1​គីឡូម៉ែត្រ​។​យក​អ្នកឈ្នះ​លេខ​1​លេខ​2​និង​លេខ​3​។​អ្នក​ប្រណាំង​ណា​ឈ្នះ​បាន​លេខ​1​នឹង​ទទួលបាន​រង្វាន់​ជា​លុយ​100​ដុល្លារ​។​អ្នក​មិនបាន​ឈ្នះ​បានទទួល​រង្វាន់​លើកទឹកចិត្ត​ប្រមាណ​10​ម៉ឺន​រៀល​។​

​ទន្ទឹម​និង​ពិធី​ប្រណាំង​ស៊ីក្លូ​នេះ​ក៏មាន​ការដាក់​តាំង​ពិ​ព៌​រណ៍​ផលិតផល​ទេសចរណ៍​ក្នុងស្រុក​និង​សេវាកម្ម​នានា​ចំនួន​200​ស្តង់​ចាំ​ទទួលភ្ញៀវ​កំសាន្ត​លក់​និង​ទិញ​នា​ឪ​កាស​នោះ​ផងដែរ​។​ផលិតផល​កែច្នៃ​កសិកម្ម​ក្នុងស្រុក​នៅតាម​ខេត្ត​នានា​អាចមក​ដាក់តាំង​លក់បាន​។​លោក​អ៊ឹម​សម្បត្តិ​ប្រធាន​សមាគម​ស៊ីក្លូ​កម្ពុជា​បាន​ប្រាប់​ដូច​ទៅនឹង​អ្វីដែល​ប្រធាន​ឆាយ​ស៊ីវ​លីន​បានលើកឡើង​។​

​ក៏ប៉ុន្តែ​ស្ថានភាព​អ្នក​ស៊ីក្លូ​ដឹក​អ្នកដំណើរ​បច្ចុប្បន្ននេះ​យ៉ាប់យ៉ឺន​ណាស់​។​មិនសូវមាន​ភ្ញៀវទេសចរ​ដឹក​ទេ​។​ពិសេស​ចាប់ពី​ខែមេសា​មកដល់​ខែឧសភា​នេះ ស្ទើរតែ​គ្មាន​ភ្ញៀវ​ជិះ​ស៊ីក្លូ​សោះ​៕S/​