ធ្វើ​អី​ក​យ​! ហៅ​ទៅ​សួរ​រឿង​ស្បថ ប្រា​យុទ្ធ​បែរ​ជា​ឡើង​និយាយ​រឿង​សេដ្ឋ​កិច្ចធ្វើ​ងើយ​

4238
ចែករម្លែក

​ពួក​សមាជិក​សភា​ប្រឆាំង​ថៃ​បាន​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា លាឈប់ ក្រោយ​ការផ្ទុះ​កំហឹង​រាប់​សប្តាហ៍​ដោយសារតែ​លោក​លុបចោល​វគ្គ​ចុងក្រោយ​នៃ​សម្បថ​​នៅ​ចំពោះមុខ​ស្តេច​ ក្នុងពេល​លោក​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក​ធ្វើ​សម្បថ​ចូលកាន់​តំណែង​កាលពី​ខែ​កក្កដា​។​

​ជា​មេខ្លោង​នៃ​រដ្ឋប្រហារ​យោធាឆ្នាំ​២០១៤ លោក​ប្រា​យុទ្ធ បាន​ដឹកនាំ​របប​សឹក​អស់​៥​ឆ្នាំ មុន​អនុញ្ញាត​ឲ្យ​មាន​ការបោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​កាលពី​ខែ​មីនា​នៅក្រោយ​​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដែល​រៀបចំ​រួចជាស្រេច​សម្រាប់​ឲ្យ​លោក​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ស៊ីវិល​មួយ​រូប​។​

​តែ​រដ្ឋាភិបាល​ថ្មី​របស់​លោក​បាន​ជួប​រឿងអាស្រូវ​ភ្លាម មាន​ចាប់តាំងពី​ការចោទ​ប្រកាន់​ថា​សមាជិក​គណៈរដ្ឋមន្ត្រី​ម្នាក់​ធ្លាប់​ជាប់គុក​ចំពោះ​ការជួញដូរ​ថ្នាំញៀន​រហូត​ដល់​ការ​ចោទថា​​រដ្ឋាភិបាល​ឆ្លើយតប​យឺត​ចំពោះ​គ្រោះទឹកជំនន់​នៅ​ភាគ​ឦសាន​ប្រទេស ដែល​ជា​ជង្រុក​ស្រូវ​។​

​បញ្ហា​ស្របច្បាប់​នៃ​រដ្ឋាភិបាល​របស់​លោក​ក៏​ត្រូវ​បាន​លើកឡើង ក្រោយពី​លោក​ប្រា​យុទ្ធ​បាន​ដឹកនាំ​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក​ធ្វើ​សម្បថ​នៅ​ចំពោះ​ព្រះ​ភ័​ក្រ​​ព្រះមហាក្សត្រ​​ដោយ​សច្ចា​រក្សា​ស្វាមី​ភ​ក្រ​ចំពោះ​ស្តេច តែ​បាន​លុបចោល​ឃ្លា​ដែលថាគោរព​ដើរ​តាម​រដ្ឋធម្មនុញ្ញ​។​

​តុលាការ​ធម្មនុញ្ញ​កាលពី​សប្តាហ៍​មុន​ការសម្រេច​គាំទ្រ​លោក​ប្រា​យុទ្ធ ដោយ​ច្រាន​ចោល​បណ្តឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី​អំពី​បញ្ហា​នេះ​ដោយ​សំអាង​ថា​វា​ជា​បញ្ហា​រវាង​នាយក​រដ្ឋ​មន្ត្រី​និង​ព្រះមហាក្សត្រ​។​

​តែ​ក្នុង​សភា​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា ពួក​សមាជិក​សភា​ប្រឆាំង​បាន​អំពាវនាវ​ឲ្យលោក​លាឈប់​ដោយ​សំអាង​ថា​ការស្បថ​មិន​គ្រប់ ​ជា​ការបង្ហាញ​«​ភាព​ផ្គើន​មិន​អើពើ​នឹង​រដ្ឋ​ធ​​ម្មនុ​ញ្ញ​» ដែល​មិន​អាច​ឲ្យ​សាធារណជន​ទុកចិត្ត​ថា​នាយក​រដ្ឋមន្ត្រី​រក្សា​នីតិរដ្ឋ​ដែរ​ឬ​អត់​។​

​មេដឹកនាំ​បក្សប្រឆាំង​មួយ​បាន​និយាយថា ការលុបចោល​ឃ្លា​នេះ​មានន័យថា អតីត​របប​យោធា​នេះ​អាច​គិត​អំពី​ការ​ធ្វើ​រដ្ឋប្រហារ​មួយទៀត​។​

​ក្រុម​ប្រឆាំង​ទាមទារ​ឲ្យនាយក​រដ្ឋមន្ត្រី​ពន្យល់​ថា​ហេតុអ្វី​បានជា​លោក​លុបចោល​ឃ្លា​ចុងក្រោយ​នៃ​សម្បថ តែ​លោក​ប្រា​យុទ្ធ​កាលពី​ថ្ងៃ​ពុធ​បាន​ឡើង​និយាយ​តែ​បញ្ហា​ថវិកា​(​មិន​​មែន​រឿង​សម្បថ​) និង​ចុងបញ្ចប់​លោក​ប្រកាសថា «​គោរព​គ្រប់​គោលការណ៍​នៅក្នុង​រដ្ឋធម្មនុញ្ញ​»​។​

​ក្រោយ​ចូលរួម​ប្រជុំ​សភា លោក​ប្រា​យុទ្ធ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​វា​ជា​សិទ្ធិ​របស់​លោក​ក្នុង​ការ​មិន​ឆ្លើយ​នឹង​សំណួរ​អំពី​សម្បថ​។​

​ទោះជា​យ៉ាងណា ឧបនាយករដ្ឋមន្ត្រី វិសា​នុ គ្រី​ង៉ាម បាន​ឆ្លើយ​នឹង​ក្រុមប្រឆាំង ដោយ​ថា​ស្តេច​បាន​ទទួលស្គាល់​សម្បថ​នេះ​រួច​ហើយ ដែល​វា​បង្ហាញ​ថា សម្បថ​មាន​សុពលភាព​ដោយ​​សារ​តែ​បញ្ហា​នេះ​រវាង​ព្រះមហាក្សត្រ​និង​គណៈរដ្ឋមន្ត្រី​៕​ដោយ​៖​វាសនា​

ប្រា​យុទ្ធ ឡើង​ឆ្លើយ​ក្នុង​សភា​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា​