នគរបាលជាតិ​នឹង​បញ្ចេញ​កម្លាំង​អន្តរាគមន៍​ពិសេស​ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅ​សប្តាហ៍​ក្រោយ​

321

(​ភ្នំពេញ​)៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ នេះ​ថា ក្នុងការ​កិច្ចការងារ​អនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នឹងមាន​​ការរៀបចំ​ករណី​ពិសេស​មួយ គឺ​រៀបចំ​កម្លាំង​អន្តរាគមន៍​ពិសេស​ដែលមាន​ភារកិច្ច​រៀបចំ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​​សង្គម ឲ្យ​ចូលរួម​នៅ​ក្នុងការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ​។​

​លោក​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ក៏​នៅតែ​កើតមាន ហើយ​ជាពិសេស​បំផុត​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​នេះ​ប្រជាពលរដ្ឋ​ក៏បាន​ចូល​​រួម​នៅក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅមានកម្រិត​នៅឡើយ បានន័យថា​ការ​ភ្ញាក់រលឹក​ក្នុងការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​​នៅមានកម្រិត ដូចជា គាត់​មានការ​ខ្លាច​ពេល​ឃើញ​មាន​សមត្ថកិច្ច​ឈរ​នៅ​តា​ដងផ្លូវ ប៉ុន្តែ​នៅតាម​គោលដៅ​មួយចំនួន​គ្មាន​សមត្ថកិច្ច គឺ​គាត់​តែងតែ​ធ្វើដំណើរ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បន្តថា​នៅពេលដែល​យើង​រឹតបន្តឹង​ខ្លាំង​ក្នុងការ​ពាក់មួក​សុវត្ថិភាព​ក្នុងការ​រក្សា​អាយុជីវិត​របស់​​ប្រជាពលរដ្ឋ ប៉ុន្តែ​កំណើន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​មិន​ពាក់មួក​សុវត្ថិភាព​មានការ​កើនឡើង​។​ហើយ​បន្ទាប់ពី​ទទួល​អនុ​​សាសន៍​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង គឺ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ក្រុម​ចល័ត​សម្រាប់​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​​ចរាចរណ៍ ហើយ​ក្រុម​ចល័ត​នេះ​ដោយសារ​ក្រុមនគរបាល​ចរាចរណ៍​មាន​ចំនួន​តិច​មិនអាច​ធានាបាន​នូវ​ការរៀបរយ​សណ្តាប់ធ្នាប់​​ចរាចរណ៍​នៅក្នុង​ទីក្រុង​ទាំងមូល​បានទេ​។

​លោក​បន្តថា កងកម្លាំង​អន្តរាគមន៍​ពិសេស​នេះ គឺ​មិនមែន​តែ​អន្តរាគមន៍​ប្រឆាំង​និង​បាតុកម្ម​ឬ​ការអន្តរាគមន៍​លើ​ការងារ​បង្ក្រាប​ភេរវកម្ម​ឡើយ គឺ​កម្លាំង​ពិសេស​នេះ មាន​មូលដ្ឋានគ្រឹះ​គ្រប់​ជំនាញ ក្នុង​ការចូល​រួមរឹត​បន្តឹង​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​សប្តាហ៍​ក្រោយនេះ ដោយមាន​រថយន្ត​ចំនួន​១៦​គ្រឿង និង​ចល័ត​ជា​១៦​ក្រុម ទៅតាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​និ​មួយៗ​ដើម្បី​រៀបចំ​ការ​រឹតបន្តឹង​​ការអនុវត្ត​ច្បាប់​ចរាចរណ៍ គឺ​ក្នុង​គោលដៅ​សំខាន់ គឺ​សម្រាប់​សុវត្ថិភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។​

​នៅក្នុង​ពិធី​បិទ​មហាសន្និបាត​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា អាណត្តិ​ទី​៤ កាលពី​រសៀល​ថ្ងៃទី​២៨ ខែធ្នូ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើការ​អំពាវនាវ​សាជាថ្មី​ទៅដល់​អ្នកធ្វើដំណើរ​ទាំង​ឡាយ​ជាពិសេស​អ្ន​ជិះ​ម៉ូតូ​ដែល​មិន​ពាក់​​មួកសុវត្ថិភាព និង​បាន​បញ្ជា​ឲ្យ​នគរបាល​ចរាចរណ៍​អនុវត្ត​ច្បាប់​ទៅលើ​អ្នកជិះ​ម៉ូតូ​ដែល​មិន​ពាក់មួក​សុវត្ថិភាព​ដើម្បី​កាត់បន្ថយ​គ្រោះ​​ថ្នាក់​ដល់​អាយុជីវិត​៕​ដោយ​៖​មុនី​រ័ត្ន​/sn